បញ្ជី​ឈ្មោះ​តំណាងរាស្ត្រ​ថ្មី​​បាន​បញ្ជូន​ទៅ​រដ្ឋសភា​ ក្រោយ​បែងចែក​​ឲ្យទៅ​​បក្សផ្សេង​​រួច​រាល់​​

ដោយ៖ អឿន ភារ៉ា 23-11-2017 5:20 pm 1587

​អាសនៈ​ទាំង​៥៥ នៅក្នុង​រដ្ឋសភា របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បែងចែក​ទៅឲ្យ​គណបក្ស​ទាំង​៦ រួចរាល់​ហើយ​។ បើតាម​លោក​សោម សូ​រី​ដា អគ្គលេខាធិការរងរ​បស់​គ​.​ជ​.​ប ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​២៣ វិច្ឆិកា​នេះ​ថា ជា​លទ្ធផល​នៃ​ការបែងចែក​នេះ គឺ​ទី​១-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​អាសនៈ​ចំនួន​៤១ ទី​២-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​៦​អាសនៈ ទី​៣-​គណបក្ស​ខ្មែរ​ឈប់​ក្រ ទទួលបាន​៥​អាសនៈ ទី​៤-​គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន​២​អាសនៈ និង​៥-​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ទទួលបាន​១​អាសនៈ​។ ចំណែក​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គឺ​មិនបាន​ទទួល​អាសនៈ​នោះទេ ដោយសារតែ​សំឡេងឆ្នោត​តិចពេក កាលពី​បោះឆ្នោត​ឆ្នាំ​២០១៣​។​

​លោក​សោម សូ​រី​ដា បញ្ជាក់ថា ចំពោះ​លទ្ធផល​នៃ​ការបែងចែក​អាសនៈ និង​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​ថ្មី​ក្នុង​អាណត្តិ​ទី​៥​នេះ គឺ​គ​.​ជ​.​ប បានដាក់​បញ្ជូនទៅ​រដ្ឋ​សភា​រួចរាល់​ហើយ​។ ហើយ​នៅថ្ងៃនេះ​ដែរ គ​.​ជ​.​ប ក៏បាន​ចេញ​សេចក្តីសម្រេច​ស្ដីពី​ការបែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​ស្របតាម​មាត្រា ១៣៨​ស្ទួន នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ផងដែរ​។​
​សំឡេង​លោក​សោម សូ​រី​ដា​៖

​មាត្រា​១៣៨​ស្ទួន នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​បានធ្វើ​វិសោធនកម្ម​យ៉ាង​ប្រញាប់ប្រញាល់ កាលពីពេល​កន្លងទៅ ដែល​មានតែ​សមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ  បាន​កំណត់ថា ក្នុង​នីតិកាល​នៃ​រដ្ឋសភា ប្រសិនបើ​មាន​គណបក្សនយោបាយ​ណាមួយ​ប្រកាស​បោះបង់ចោល​អាសនៈ ឬ​គណបក្ស​នោះ​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ ឬ​ត្រូវ​រំលាយ​ស្រប​តាមច្បាប់​ស្តីពី​គណបក្សនយោបាយ នោះ​បញ្ជី​បេក្ខជន និង​តំណាងរាស្ត្រ​ទាំង​អស់នៃ​គណបក្សនយោបាយ​នោះ​លែងមាន​សុពលភាព និង​លែងមាន​លក្ខណៈសម្បត្តិ​ជា​សមាជិកសភា​តទៅទៀត​ហើយ​។​

​ក្នុងករណីនេះ គ​.​ជ​.​ប​ត្រូវ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈពេល​យ៉ាងយូរ​៧​ថ្ងៃ ឲ្យទៅ​គណបក្ស​នានា ដែល​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត​ក្នុង​រាជធានី​-​ខេត្ត​នោះ ដោយ​មិន​គិត​បញ្ចូល​គណបក្សនយោបាយ​ដែល​បោះបង់ចោល​អាសនៈ ឬ​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ ឬ​ដែល​ត្រូវ​រំលាយ​នោះទេ​។ ប៉ុន្តែ ប្រសិនបើ​ពុំមាន​គណបក្សនយោបាយ​ណា​ទទួលយក​អាសនៈ​ដែល​នៅ​ទំនេរ​ទេនោះ គ​.​ជ​.​ប​ត្រូវ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ឲ្យទៅ​គណបក្សនយោបាយ​ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​។​

​បច្ចុប្បន្ន មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​។ ទន្ទឹមនឹងនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេល​ថ្មីៗ​នេះ បានប្រកាស​ធានាថា គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក នឹង​ទទួលយក​អាសនៈ​ដែល​នៅ​សេសសល់​ទាំងអស់ បើ​គណបក្ស​ណាមួយ​មិន​ទទួលយក​ទេនោះ​។​

​យ៉ាងណាមិញ មាន​គណបក្សនយោបាយ​ចំនួន ២​តែប៉ុណ្ណោះ ដែល​បានប្រកាស​ជា​ផ្លូវការ​អំពី​ការមិន​ទទួលយក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ខឹម វាសនា និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​របស់លោក​ក្រវ៉ា​ញ ដា​រ៉​ន បាន​សរសេរ​លិខិត​មួយ​ដាក់​ទៅ​គ​.​ជ​.​ប ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់ខ្លួន​ថា មិន​ទទួលយក​អាសនៈ​ណាមួយ​ដែល​គ​.​ជ​.​ប បែងចែក​ឲ្យនៅ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​នោះទេ​។ ចំណែក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏បាន​បដិសេធ​មិន​ទទួលយក​អាសនៈ​នេះដែរ​។

អគ្គលេខាធិការរងរ​បស់​គ​.​ជ​.​ប បញ្ជាក់ថា គ​.​ជ​.​ប​នឹងធ្វើ​បែងចែក​ជា​លើក​ទី​ពីរ ចំពោះ​អាសនៈ​ដែល​នៅសល់​ចំនួន​១១​កៅអី​របស់​គណបក្ស​ដែល​មិន​ព្រម​ទទួលយក ឲ្យទៅ​គណបក្ស​ដែលមាន​អាស​នៈ​នៅក្នុង​រដ្ឋសភា​។ លោក​សោម សូ​រី​ដា បន្ថែម​....
​សំឡេង​លោក​សោម សូ​រី​ដា​៖

​ក្រោយពេល​បែងចែក​អាសនៈ​ក្នុង​រដ្ឋសភា​ចប់​រួចរាល់ គឺ​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជា​៥​ពាន់ នឹងធ្វើ​ការបែងចែក​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​។ នេះ​បើតាម​ការ​បញ្ជាក់បន្ថែម​ពី​លោក​សោម សូ​រី​ដា​។​

​ដោយឡែក ចំពោះ​គណបក្ស​៣ បានប្រកាស​ទទួលយក​អាសនៈ​ដែល គ​.​ជ​.​ប​ចែក​ឲ្យ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​គណបក្ស​សញ្ជាតិ​កម្ពុជា​។ ក្នុងនោះ​ឃើញថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ទទួលបាន​អាសនៈ​ច្រើនជាងគេ​។ គេ​កត់សម្គាល់​ដែរថា គណបក្ស​យុវជន​កម្ពុជា​របស់លោក​ពេជ្រ ស្រស់ ដែលជា​អ្នក​ផ្តួចផ្តើម​ក្នុង​ការប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ ក៏បាន​ប្រកាស​ទទួលយក​អាសនៈ​នេះដែរ ទោះបីជា​គណបក្ស​ខ្លួន មិន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ​ទាំង​៦ ដែល​ត្រូវបាន​កៅអី​តំណាងរាស្ត្រ​នេះ​ក៏ដោយចុះ​។​

​មែនទែនទៅ ការទទួលយក និង​មិន​ទទួលយក​អាសនៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​គណបក្សនយោបាយ​ទាំងនេះ គេ​មើលឃើញ​ក្នុង​ទិដ្ឋភាព​ពីរ​ដោច់​ដោយឡែក​ពីគ្នា​។ ចំពោះ​គណបក្ស​ដែល​ទទួលយក​អាសនៈ​នេះ មានមតិ​រិះគន់​ជាច្រើន ជាពិសេស​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ដែលមាន​ទំនោរទៅ​គណ​បក្សប្រឆាំង បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការយក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចែក​ទៅឲ្យ​គណបក្ស​ផ្សេងទាំង​ពួកគេ​មិនបាន​បោះឆ្នោតឲ្យ​ផង​នោះ​។ ដោយឡែក ការប្រកាស​មិន​ទទួលយក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជា​តិពី​សំណាក់​គណបក្ស​មួយចំនួន​ដែរនោះ ត្រូវបាន​អ្នកវិភាគ និង​សង្គម​ស៊ីវិល​ចាត់ទុកថា ជា​ការគោរព​ឆន្ទៈ​រាស្ត្រ និង​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ក្នុងនាម​ជា​អ្នកនយោបាយ​។​

​គួរ​បញ្ជាក់ថា តាម​នីតិវិធី ក្រោយពេល​ដែល​គ​.​ជ​.​ប បែងចែក​អាសនៈ​ទាំង​៥៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យទៅ​គណបក្ស​ផ្សេង និង​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​តំណាងរាស្ត្រ​ថ្មី​ទាំង ៥៥​រូបនោះ​ទៅកាន់​រដ្ឋសភា​រួចរាល់​ហើយ​នោះ ការងារ​បន្ទាប់​គឺ​រដ្ឋសភា នឹង​រៀបចំ​ប្រជុំ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​គ​.​ជ​.​ប​ថ្មី​ជំនួស​សមាជិក​គ​.​ជ​.​ប ៣​រូប មកពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដាក់ពាក្យ​លាលែង កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា​។ រីឯ កៅអី​អនុប្រធាន​ទី​១​រដ្ឋសភា ដែល​លោក​កឹម សុខា អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​អង្គុយ​នោះ ក៏​នឹង​ត្រូវមាន​អ្នកថ្មី​មក​ជំនួស​ផងដែរ​។​

បើតាម​លោក​ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បានឱ្យដឹងថា សមាសភាព​សមាជិកសភា​ថ្មី​ដែល​កើតចេញពី​ការបែងចែក​អាសនៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​គ​.​ជ​.​ប​ថ្មី នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ នៅ​ដើមខែ​ក្រោយនេះ​៕

ព័ត៌មានផ្សេងទៀត