រឿងរ៉ាវ​៨​យ៉ាង​​ដែល​អ្នក​គួរ​ចៀសវាង​​ពេល​ធ្វើដំណើរ​​តាម​យន្ដហោះ​

ដោយ៖ ពេញ ផេង 23-11-2017 4:43 pm 1674
សន្ដិសុខ​កំពុងឆែក​អ្នកដំណើរ​នៅព្រលាន​យន្ដហោះ

​នៅពេល​អ្នកធ្វើដំណើរ​តាម​យន្ដហោះ​មិន​ថា​ទៅ​ទីជិត​ឬ​ទី​ឆ្ងាយ អ្នក​តែង​ចង់ឲ្យ​ការធ្វើ​ដំណើរមាន​ផាសុកភាព ចៀសវាង​បញ្ហា​ដែល​កើតឡើង​។​ប៉ុន្ដែ​ទន្ទឹមនឹងនេះ អ្នក​គួរតែ​ដឹង​ដែរថា ធ្វើដំណើរ​តាម​យន្ដហោះ អ្នក​ត្រូវ​រៀបចំខ្លួន​យ៉ាងម៉េច​ខ្លះ ឬ​ធ្វើ​យ៉ាងណាខ្លះ​ដើម្បី​កុំឲ្យ​ជួប​បញ្ហា​។​យើង​សូម​បង្ហាញ​លោកអ្នក​នូវ​រឿងរ៉ាវ​៨​យ៉ាង ដែល​អ្នក​គួរ​ចៀសវាង​ពេល​ធ្វើដំណើរ​តាម​យន្ដហោះ​។​

៨ ទឹកអប់​


​ខណៈពេល​អ្នក​កំពុង​ជិះ​យន្ដហោះ អ្នក​ដូចជា​ស្ថិតក្នុង​បន្ទប់​តូច​មួយ​ប៉ុណ្ណោះ​។​បើ​ចៀសវាង​បាន​គួរ​កុំ​ប្រើ​ទឹកអប់​ខ្លាំងពេក ព្រោះ​វា​អាច​ធ្វើឲ្យប៉ះពាល​ដល់​អ្នកដទៃ​។​មនុស្ស​មួយចំនួន​មិនអាច​ទ្រាំ​បាន​នឹង​ក្លិន​ទឹកអប់​ទេ ពេលខ្លះ​ពួកគេ​មាន​ជំងឺហឺត ឬក៏​អាច​មានប្រតិកម្ម​អាឡែ​ស៊ី​ស្បែកផង​ដែរ​។​

៧ សម្លៀកបំពាក់​ដែល​តឹង​ជ្រុល​


​ជៀសវាង​កុំ​ស្លៀកពាក់​សម្លៀកបំពាក់​ដែល​តឹង ពិសេស​នៅពេល​អ្នក​ហោះហើរ​លើសពី​៤​ម៉ោង​។​អ្នកធ្វើដំណើរ​តាម​យន្ដហោះ​ក្នុង​ផ្លូវ​ឆ្ងាយ មាន​ហានិភ័យ​សម្រាប់​សម្ពាធ​ឈាម បើ​ស្លៀកពាក់​តឹង​ពេក​។​វា​អាចធ្វើឲ្យ​ឈាមកក​នៅក្នុង​សរសៃឈាម ជាធម្មតា​កើតឡើង​នៅ​ផ្នែក​ជើង​។​ដូច្នេះ​គួរតែ​ស្លៀក​សម្លៀកបំពាក់​ធូរ​ល្មម ពាក់​ស្រោមជើង​ដែល​ស្រួល និង​ធ្វើ​ចលនា​ដោយ​ដើរ​បើ​អាច​ធ្វើបាន​។​

៦ សម្លៀកបំពាក់​ដែល​ពិបាក​ដោះ​ពេល​ចូល​បន្ទប់ទឹក​


​បន្ទប់ទឹក​នៅលើ​យន្ដហោះ​ពិតជា​តូច​ណាស់​។​ប្រសិនបើ​អ្នក​ស្លៀកខោ​ឈុត​ដែល​ជាប់​នឹង​អាវ អ្នកនឹង​ពិបាក​ដោះ​វា​ចេញ​។​ផ្ទុយទៅវិញ​ត្រូវ​ស្លៀកពាក់​អ្វីដែល​មិន​បង្កឲ្យមាន​ការលំបាក​ពេលនៅ​កន្លែង​តូចចង្អៀត​។​

៥ សម្លៀកបំពាក់​ឬ​គ្រឿង​លម្អ​ខ្លួន​ដែលមាន​លោហៈធាតុ​


​វា​មិនមែនជា​រឿង​ប្លែក​ទេ​ដែល​ស្បែកជើង​របស់​យើង​មាន​គ្រឿង​តុបតែង​ជា​លោហៈធាតុ​ធំៗ ឬ​គ្រឿងអលង្ការ​ជាដើម ដែល​អាច​ពន្យារពេលរ​បស់​អ្នក​ដោយសារតែ​សន្ដិសុខ​។​អ្វីដែល​មិន​នឹកស្មាន​ដល់​គឺ​អាវយឺត​ដែល​បញ្ចេញ​ខ្សែ​លោក​ហៈ ឬ​មានភ្ជាប់​លោក​ហៈ​ធាតុ​។​

៤ សម្លៀកបំពាក់​សម្រាប់​រដូវក្ដៅ​


​ទោះបីជា​អ្នក​កំពុង​ហោះហើរ​ទៅ​ប្រទេស​ក្ដៅ​ក៏ដោយ ប៉ុន្ដែ​អ្នក​ក៏​មិនគួរ​ស្លៀកពាក់​បែប​រដូវក្ដៅ​ដែរ​។​នៅក្នុង​យន្ដហោះ​ចូរ​កុំភ្លេចថា​មាន​សីតុណ្ហភាព​ត្រជាក់​ណាស់​។​បើ​អ្នក​ពាក់អាវ​ក្រាស់​ឬ​មាន​អាវ​ការពារ​ពី​ក្រៅ​កាន់តែ​ល្អ​សម្រាប់​ការធ្វើដំណើរ​។​

៣ កញ្ចក់​បិទ​កែវភ្នែក​(Contact lenses)


​នៅក្នុង​យន្ដហោះ​ជា​មធ្យម​អ្នក​អាច​ទទួលបាន​សំណើម​២០% ដែល​នឹង​ធ្វើឲ្យ​កញ្ចក់​បិទ​កែវភ្នែក​របស់​អ្នក​របូត​ចេញ និង​ធ្វើឲ្យ​ក្ដៅ​ក្រហាយភ្នែក​។​បើ​អ្នកធ្វើដំណើរ​ផ្លូវ​ឆ្ងាយ អ្នក​ត្រូវតែ​ដោះ​វា​ចេញ ជាពិសេស​នៅពេល​អ្នក​ដេក​។​

២ ស្បែកជើង​កែង​ខ្ពស់​


​សន្ដិសុខ​ព្រលានយន្ដហោះ​នឹង​សាកសួរ​អ្នក ហើយ​សុំឲ្យ​អ្នកដោះ​ស្បែកជើង​ចេញ​ភ្លាម បើ​ស្បែកជើង​នោះ​ជា​ស្បែកជើង​កែង​ខ្ពស់​។​ស្បែកជើង​ទាំងនោះ​ក៏​អាច​ផ្សំ​ពី​លោហៈធាតុ ដែល​នឹង​អាចធ្វើឲ្យ​បិទ​សំឡេង​រោទ៍​។​លើសពីនេះទៅទៀត​វា​នឹងធ្វើ​ឲ្យជើង​របស់​អ្នកហើម​ផងដែ​រ​ក្នុងពេល​ហោះហើរ ដូច្នេះ​គួរតែ​ចៀសវាង​ស្បែកជើង​តឹង​។​

១ អាវយឺត​ដែល​ត្រូវគេ​ហាមឃាត់​


​អ្នក​ពិតជា​មិន​ជឿ​ទេពី​រឿងនេះ ប៉ុន្ដែ​មាន​មនុស្ស​ជាច្រើន​ត្រូវបាន​ហាមឃាត់​មិនឲ្យ​ឡើង​ជិះយន្ដហោះ ដោយសារតែ​ការ​ស្លៀកពាក់​របស់គេ​។​មូលហេតុ​អាចមាន​ច្រើនយ៉ាង​ដូចជា​ស្លៀក​ពាក់អាវ​ដែល​មើលទៅ​តឹង​រឹប​ជ្រុល​ពេក ខោអាវ​ខើច​ខ្លី​លេច​លើ​លេច​ក្រោម ខោ​គូទ​ខ្លី អាវយឺត​ដែលមាន​អក្សរ​ឬ​រូបភាព​ត្រូវគេ​ហាមឃាត់​ជាដើម​។​ដូច្នេះ​អ្នក​គួរ​សម្រេចចិត្ដ​ជ្រើសរើសស​ម្លៀ​ក​បំពាក់​ដែល​សមរម្យ​៕

ព័ត៌មានផ្សេងទៀត