ក្រោយ​ការចាកចេញ​របស់មន្ត្រី​សង្គ្រោះជាតិ ​តើ គ.ជ.ប ​អាចរក្សា​ឯករាជ្យ​បានទៀត​ទេ?​

23-11-2017 3:40 pm 1331
លោក រ៉ុង ឈុនសមាជិក (ខាងឆ្វេង)លោកស្រី តែ ម៉ានីរ៉ុង សមាជិក (កណ្តាល) លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប (ខាងស្តាំ)។

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ត្រូវបានកំណែទម្រង់ជាថ្មី។កំណែទម្រង់ ដោយសារតែមានកិច្ចព្រមព្រៀងគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ។ប៉ុន្តែកាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៧ សមាជិកគ.ជ.បចំនួន៣រូប ក្នុងចំណោម៤រូប ដែលមានកូតាមកពី គណបក្សសង្គ្រោះជាតិ សម្រេចលាលែងពីតួនាទី។ការលាលែងនេះ អ្នកជំនាញខ្លះយល់ឃើញថា អស់តុល្យភាពអំណាចផ្ទៃក្នុងស្ថាប័នគ.ជ.ប និងមិនរំពឹងថា បំពេញការងារបានត្រឹមត្រូវ។

ចាប់តាំងពីឆ្នាំ២០១៥ ដល់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា(គ.ជ.ប) មានសមាសភាព៩រូប ដោយ៤រូប ត្រូវជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជា ៤រូប ត្រូវជ្រើសរើសដោយគណបក្សសង្រ្គោះជាតិ និង១រូប ចេញពីអង្គការសង្គមស៊ីវិល ដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងពីរ។

លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានថ្លែងស្រដៀងគ្នាថា លទ្ធផលរបស់ គ.ជ.ប ថ្មី ដែលរៀបចំឡើងដោយគណបក្សទាំងពីរ គឺជាប្រវត្តិសាស្រ្តកម្ពុជាដែលបានកើតឡើងពីការព្រមព្រៀងនយោបាយ និងវប្បធម៌សន្ទនា។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ក៏បានសម្តែងក្តីសង្ឃឹមផងដែរថា គ.ប.ជ ថ្មី នឹងដើរតួនាទីឯករាជ្យ និងបំពេញកាតព្វកិច្ច អនុលោមតាមច្បាប់ដើម្បីបំបាត់វប្បធម៌បាតុកម្ម និងអំពើហិង្សា រាល់ពេលក្រោយការបោះឆ្នោត ហើយនឹងបម្រើផលប្រយោជន៍សន្តិភាព និងភាពរុងរឿងរបស់កម្ពុជា។

ជាការពិតណាស់ ក្រោយដំណើរការបោះឆ្នោតឃុំ-សង្កាត់បិទបញ្ចប់ ក្រុមអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ បានសម្តែងការគាំទ្រ ចំពោះការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។បើតាមអ្នកជំនាញ ចាប់តាំងពីឆ្នាំ១៩៩៣មក គ្មានគ.ជ.បណាល្អ ដូចគ.ជ.បបច្ចុប្បន្នទេ។ល្អដោយពិនិត្យទៅលើការបំពេញការងារ ការកាត់សេចក្តី និងការឆ្លើយឆ្លងព័ត៌មាននានា ត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្ន និងបើកចំហទូលំទូលាយដល់សាធារណៈជន។

ប៉ុន្តែជាអកុសល កាលពីថ្ងៃទី២០ ខែវិច្ឆិកា សមាជិកគ.ជ.ប ៣រូប ក្នុងចំណោម៤រូប មកពីកូតាគណបក្សសង្រ្គោះជាតិ បានសម្រេចលាលែងពីតួនាទីក្នុងរួមមាន៖ លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប, លោក រ៉ុង ឈុន សមាជិក និងលោកស្រី តែ ម៉ានីរ៉ុង សមាជិក។ការលាលែងនេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានប្រកាសរំលាយ ដោយសាលដីកា តុលាការកំពូល កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។

សមាជិកគ.ជ.បទាំង៣រូបនោះ បានគូសបញ្ជាក់ថា មូលហេតុដែលពួកគេមិនអាចបន្តការងារបោះឆ្នោតបានតទៅទៀត ដោយសារតែមានការបែងចែកអាសនៈ គណបក្សសង្រ្គោះជាតិ ទៅឲ្យគណបក្សដទៃទៀតដែលពលរដ្ឋមិនគាំទ្រ។បើតាមសមាជិក គ.ជ.ប ទាំង៣រូបនេះ ក្នុងនាមជាអាជ្ញាកណ្តាល ពួកគេមិនអាចនៅបន្តការងារ ក្នុងស្ថាប័នរៀបចំការបោះឆ្នោតតទៅទៀតទេ ដោយថាវាក្បត់នឹងឧត្តមគតិរបស់ពួកគេ និងឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលនាំឲ្យជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រ។

ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានហៅការលាឈប់ នេះជាអំពើឆ្កួតៗ ក្នុងចេតនាចង់ធ្វើឲ្យគាំងដំណើរការនៃគ.ជ.ប។លោកថា គ.ជ.ប គ្មានការជាប់គាំងអ្វីនោះទេ។លោកបញ្ជាក់ថា ច្បាប់ណាក៏ដោយ ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជារបស់លោក មិនអាចឲ្យស្ថាប័ននោះជាប់គាំងបានទេ ហើយចំពោះការបោះឆ្នោត គឺដំណើរការធម្មតា។

បើតាមលោកហ៊ុន សែន បានបង្ហើបឲ្យដឹងថា ចំពោះតំណែងគ.ជ.ប អាចនឹងឲ្យទៅគណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្សសញ្ជាតិកម្ពុជា ហើយម្នាក់ទៀត អាចមកពីអង្គការក្រៅរដ្ឋាភិបាល។លោកថា អ្នកមកពីគណបក្សហ្វ៊ុនស៊ីនប៉ិច គួរតែត្រូវឲ្យធ្វើជាអនុប្រធានគ.ជ.ប។

ប៉ុន្តែទោះជាយ៉ាងណាក្តី ក្នុងក្រសែភ្នែករបស់អ្នកច្បាប់ និងអង្កេត បានយល់ឃើញថា ស្ថាប័នគ.ជ.ប ចាប់ពីអំណេះតទៅ អាចនឹងលែងមានតុល្យភាពអំណាចដូចមុនទៀតហើយ។លែងមានដោយពួកគេពន្យល់ថា ស្ថាប័នគ.ជ.ប កំណែទម្រង់ថ្មីដោយសារតែមានការចរចាគ្នា ខាងផ្នែកនយោបាយ រវាងគណបក្សធំៗទាំងពីរ ក្រោយជាប់គាំងនយោបាយកាលពីឆ្នាំ២០១៣។ដូច្នេះ បើសមាជិកខាងគណបក្សសង្រ្គោះជាតិ លាលែងពីតំណែង វានឹងបាត់បង់តុល្យភាពអំណាចក្នុងស្ថាប័នរបស់គ.ជ.ប.។រីឯសមាសភាពថ្មី ដែលបង្ហើបដោយលោកហ៊ុនសែន អ្នកជំនាញមិនរំពឹងថា សមាជិក គ.ជ.ប នេះនឹងធ្វើបានល្អដូចគ.ជ.ប ចាស់ទេ។

ជារួមមកវិញ បើពិនិត្យនៅលើតុល្យភាពអំណាច ច្បាស់ណាស់នឹងមិនមានទៀតទេ នៅក្នុងស្ថាប័នគ.ជ.ប។ប៉ុន្តែ បើពិនិត្យលើការងារបច្ចេកទេសវិញ គឺនៅតែមានភាពល្អប្រសើ និងគួរឲ្យទុកចិត្តពី ភាគីពាក់ព័ន្ធ។ទុកចិត្ត ដោយសារតែការងារបច្ចេកទេសនេះ មានការជួយជ្រុមជ្រែកពីម្ចាស់ជំនួយ គឺប្រទេសជប៉ុន និងសហភាពអឺរ៉ុប ដែលមិនអាចឲ្យមានការលួចបន្លំណាមួយជនខិលខួច។

ម្យ៉ាងវិញទៀត អ្វីដែលមិនអាចមើលរំលងនោះ គឺច្បាប់។ច្បាប់គ្រប់គ្រង ស្ថាប័នគ.ជ.ប នៅតែជាខែល យ៉ាងសំខាន់ សម្រាប់ការពារ ឯករាជ្យភាព និងមុខមាត់ស្ថាប័ននេះ។ ច្បាប់នេះ អាចចង់ដៃចង់ជើង របស់មន្ត្រី ក្នុងស្ថាប័នគ.ជ.បមិនឲ្យធ្វើខុស ហើយត្រូវនាំគ្នាអនុវត្ត។ប៉ុន្តែបើមិនអនុវត្តតាមទេ ឈ្មោះរបស់អ្នកកាន់ការងារទាំងនោះ អាចនឹងត្រូវចារទុកក្នុងប្រវត្តិសាស្ត្រ ដូចសម័យគ.ជ.បមុនៗជាក់ជាពុំខាន៕ 

ព័ត៌មានផ្សេងទៀត