អង្គការ​សិទ្ធិមនុស្ស​៖​​អ្នក​ស្រឡាញ់​​ភេទ​ដូចគ្នា​​នៅ​កម្ពុជា​ ទទួលបាន​​​ការ​គោរព​​​សិទ្ធិ​​កាន់​តែ​​ប្រសើរ​​

23-11-2017 11:51 am 2243

​អង្គការសិទ្ធិមនុស្ស​កម្ពុជា បាន​រកឃើញរ​បកគំហើញ​ថ្មី​មួយ​ដែលមិន​ធ្លាប់បាន​រាយការណ៍​ពី​មុន​អំពី​បញ្ហា​គ្រួសារ​នៅ​កម្ពុជា គឺ​សំដៅ​ដល់​គូស្រករ​ភេទ​ដូចគ្នា ឬ​គូរ​ស្រករ​ដែលមាន​យេនឌ័រ​មិន​ស្របទៅតាម​ភេទ​ពី​កំណើត​របស់ខ្លួន ដែល​អង្គការ​ហៅថា «​គ្រួសារ​ឥន្ទធនូ​»​។ លទ្ធផល​នៃ​ការរកឃើញ​នេះ គឺ​អង្គការសិទ្ធិមនុស្ស​បាន​សិក្សា​លើ​ឯកសារ​ដែលមាន​ស្រាប់ និង​ចុះ​ស្រាវជ្រាវ​ផ្ទាល់ រួមទាំង​ការសម្ភាស​ចំនួន ១២២​លើក នៅក្នុង​ខេត្ត​ចំនួន​១០ ជាមួយនឹង​អ្នក​គូស្រករ​អ្នក​ស្រឡាញ់​ដូចគ្នា អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋាភិបាល​ផងដែរ​។​

​របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស​កម្ពុ​ជា ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ​បង្ហាញថា ទោះបីជា​អាពាពិពាហ៍​ភេទដូចគ្នា​មិន​អាចធ្វើ​ទៅបាន ដោយ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ក៏ដោយ ក៏មាន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជាច្រើន​គូ​នៅ​កម្ពុជា ២១,៥០​ភាគរយ បានទទួល​ការទទួលស្គាល់​តាមផ្លូវ​ច្បាប់​ក្នុង​ទម្រង់​ជា​សៀវភៅ​គ្រួសារ ដែល​ចេញ​ដោយ​អាជ្ញាធរ​ឃុំ​/​សង្កាត់​។ ក្នុង​សៀវភៅ​គ្រួសារ​ទាំងនោះ​ភាគច្រើន​បញ្ជាក់​គូស្រករ​ក្នុងឋានៈ​ជា​ប្តី​ប្រពន្ធ ៣៩,១៣​ភាគរយ បងប្អូ​បង្កើត ២១,៧៤​ភាគរយ ឬ​គ្រាន់តែ​បញ្ជាក់​បុគ្គល​ម្នាក់​ជា​មេ​គ្រួសារ​តែ ១៣,០៤​ភាគរយ​ប៉ុណ្ណោះ​។​

​ភាគច្រើន​លើសលប់​រហូតដល់ ៩៩,១៧​ភាគរយ នៃ​គូស្រករ​ស្រឡាញ់​ភេទ​ដូចគ្នា​ដែល​បាន​ស្ទង់​មតិ គឺ​យ៉ាងហោចណាស់​មាន​ដៃគូ​របស់គេ​ម្នាក់​ជា​អ្នក​កំណត់ថា ខ្លួន​ជា​អ្នក​ប្តូរ​ភេទ​។ នេះ​បើតាម​របាយការណ៍​ដដែល​។ មិនតែប៉ុណ្ណោះ របាយការណ៍​នេះ​រកឃើញថា គូស្រករ​ឥន្ទធនូ​ជាច្រើន​គូ​នៅ​កម្ពុជា មាន​កូនចិញ្ចឹម​ក្នុងបន្ទុក​ថែទាំ​រួចទៅហើយ បើទោះបីជា​ច្បាប់​បើកផ្លូវ​តែ​អ្នក​រៀប​អាពាពិពាហ៍​ក៏ដោយ​។ ក្រៅពីនេះ របាយការណ៍​ក៏​បានបង្ហាញ​ពី​កង្វះខាត​ការយល់ដឹង​អំពី​សិទ្ធិ​ស្របច្បាប់​របស់​គូរ​ស្រករ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ភាគច្រើន​។ កង្វះ​ការយល់ដឹង​នេះ ធ្វើឲ្យ​ពួកគេ​ស្ថិតក្នុង​ស្ថានភា​ពងាយ​រងគ្រោះ​ជាខ្លាំង​។​

​បែបនេះ​ក្តី លោកស្រី​ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានលើកឡើង​នៅក្នុង​របាយការណ៍​ថា​៖ «​ប្រទេស​កម្ពុជា​បាន​បោះជំហាន​មួយ​ដ៏​អស្ចារ្យ​ក្នុង​ការគោរព​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​។ សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​កាន់តែ​ទទួលបាន​នូវ​ទំនុកចិត្ត មោទភាព និង​ការបង្ហាញ​ជា​សាធារណៈ ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​ទាមទារ​សិទ្ធិ​ស្មើគ្នា​បាន​កើនឡើង​»​។ យ៉ាងណាក៏ដោយ លោកស្រី​បញ្ជាក់ថា ការបង្ហាញ​ជា​សាធារណៈ​ថ្មីៗ​នេះ ឃើញថា មាន​ការរើសអើង និង​វិសមភាព​ជាខ្លាំង ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅតែ​បន្ត​ប្រឈម​។

​តាមរយៈ​របកគំហើញ​ទាំងនេះ អង្គការសិទ្ធិមនុស្ស​កម្ពុជា​មួយនេះ តម្រូវឲ្យមាន​ការយក​ចិត្ត​ទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល​បន្ថែម​ទៀត ដូចជា​ការកែប្រែ​ទិដ្ឋភាព​ច្បាប់ និង​គោលនយោបាយ​មួយចំនួនឲ្យ​បានជាក់​លាក់ ដើម្បី​ធានាថា សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា ដែល​ហៅថា​គ្រួសារ​ឥន្ទធនូ​នោះ ត្រូវបាន​ការពារ​ដោយ​ស្មើភាព​គ្នា​៕ 

ព័ត៌មានផ្សេងទៀត