សមាជិកគ.ជ.បថ្មី ​អាចមក​ពីគណបក្សហ្វ៊ុនស៊ីនប៉ិច​ និងគណបក្ស​សញ្ជាតិកម្ពុជា​

ដោយ៖ គួន សំបូរ 22-11-2017 3:00 pm 978
គណបក្សហ្វ៊ុនស៊ីនប៉ិច (ខាងឆ្វេង) គណបក្សសញ្ជាតិកម្ពុជា (ខាងស្តាំ)។

សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ៣រូប ក្នុងចំណោម៤រូប ដែលមានកូតាមកពី គណបក្សសង្គ្រោះជាតិ សម្រេចលាលែងពីតួនាទី។លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានហៅការលាឈប់ នេះជាអំពើឆ្កួតៗ ក្នុងចេតនាចង់ធ្វើឲ្យគាំងដំណើរការនៃគ.ជ.ប។លោកថា មិនអាចជាប់គាំបានទេ ការបោះឆ្នោតនៅកម្ពុជាធ្វើធម្មតា ហើយសមាជិកមកជំនួស អាចចេញពីមន្ត្រីគណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្សសញ្ជាតិកម្ពុជា។ប៉ុន្តែសម្រាប់អ្នកជំនាញថា មិនអាចរំពឹងបាន។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃនេះបានប្រតិកម្មខ្លាំងៗ ចំពោះការលាលែងរបស់សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ៣នាក់មកពីកូតា គណបក្សសង្គ្រោះជាតិ។លោកបានហៅ ការលាលែងនេះថា ជាអំពើឆ្កួតលីលាដែលចង់ធ្វើឲ្យស្ថាប័នគ.ជ.បជាប់គាំង។ប៉ុន្តែលោកថា វាគ្មានការជាប់គាំងនោះទេ ព្រោះគេមានយន្តការមិនឲ្យជាប់គាំង។

បើតាមលោកហ៊ុន សែន បានបង្ហើបឲ្យដឹងថា មនុស្ស៣នាក់ដែលអាចនឹងត្រូវមកជំនួសតំណែង អ្នកត្រូវលាលែង អាចនឹងមកពីគណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្សសញ្ជាតិកម្ពុជា ហើយម្នាក់ទៀត អាចមកពីអង្គការក្រៅរដ្ឋាភិបាល។លោកថា អ្នកមកពីគណបក្សហ្វ៊ុនស៊ីនប៉ិច គួរតែត្រូវឲ្យធ្វើជាអនុប្រធានគ.ជ.ប។

សំឡេងលោកហ៊ុន សែន៖

លោកនាយករដ្ឋមន្ត្រី បានចាត់ទុកការលាលែងពីតំណែងរបស់សមាជិក គ.ជ.ប ៣នាក់មកពីកូតា គណបក្សសង្គ្រោះជាតិពេលនេះ គឺបង្ហាញពីភាពល្ងង់ខ្លៅរបស់មន្ត្រីគណបក្សប្រឆាំង ហើយលោកបានប្រាប់ទៅលោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.បថា ចូលកុំទទួលអ្នកដែលលាឈប់ទាំងនោះ នៅពេលគេ ចង់ចូលរួមមកវិញ។

លោកយឿង សុធារ៉ា មន្រ្តីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្រ្វែល បានយល់ឃើញថា គ.ជ.ប កើតឡើងដោយការចរចាគ្នាខាងផ្នែកនយោបាយ រវាងគណបក្សធំៗទាំងពីរ ក្រោយការបោះឆ្នោត ឆ្នាំ២០១៣។ដូច្នេះ បើសមាជិកខាងគណបក្សសង្រ្គោះជាតិ លាលែងពីតំណែង វានឹងបាត់បង់តុល្យភាពអំណាចក្នុងស្ថាប័នរបស់គ.ជ.ប.។

លោកបានបន្ថែមទៀតថា ទោះបីជាមានសមាជិកថ្មី មកពីគណបក្សនយោបាយក្រៅរដ្ឋាភិបាលក៏ដោយ បើសិនគណបក្សនោះ គ្មានគោលនយោបាយ ដើម្បីប្រឆាំងជាក់លាក់នោះទេ ក៏តុល្យភាពអំណាចនៅក្នុងគ.ជ.បមិនមានដែរ។ ដូច្នេះលោកមិនរំពឹងថា សមាជិក គ.ជ.ប នេះនឹងធ្វើបានល្អដូចគ.ជ.ប ចាស់ដែលមានការចូលរួម ពីគណបក្សសង្រ្គោះជាតិទេ។

សំឡេងលោកយឿង សុធារ៉ា៖

សូមរម្លឹងថា ក្រោយការបោះឆ្នោត ឆ្នាំ២០១៣ កំណែទម្រង់ថ្មី លើគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតត្រូវបានធ្វើឡើង។ការកំណែងទម្រង់ថ្មីនេះ បន្ទាប់ត្រូវរ៉ូវគ្នា ខាងផ្នែកនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ តាមរយៈការរៀបចំ សមាជិក ៩ រូប ដែល ៤ រូប មកពីគណបក្សសង្គ្រោះជាតិ, ៤ រូបមកពីគណបក្សប្រជាជនកម្ពុជា និង ១ រូបទៀត មកពីស្ថាប័នឯករាជ្យ (សង្គមស៊ីវិល)។

ក្រោយដំណើរការបោះឆ្នោតឃុំ-សង្កាត់ បានបិទបញ្ចប់ ក្រុមអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ បានសម្តែងការគាំទ្រ ចំពោះការរៀបចំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។បើតាមអ្នកជំនាញ តាំងពីឆ្នាំ១៩៩៣មក គ្មានគ.ជ.បណាល្អ ដូចគ.ជ.បដែលរៀបចំឡើងដូចពេលបច្ចុប្បន្នទេ ហើយពួកគេរំពឹងថា គ.ជ.ប នឹងបន្តការងាររបស់ខ្លួនបានល្អ ដោយគ្មានការជ្រាតជ្រែកណាមួយ ពីអ្នកនយោបាយនៅក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។

ប៉ុន្តែបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានប្រកាសរំលាយ ដោយសាលដីកា តុលាការកំពូល កាលពីថ្ងៃទី១៦ វិច្ឆិកាមក សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ៣រូប ក្នុងចំណោម៤រូប សម្រេចលាលែងពីតួនាទីក្នុងរួមមាន៖ លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប, លោក រ៉ុង ឈុន សមាជិក និងលោកស្រី តែ ម៉ានីរ៉ុង សមាជិក។ ដោយឡែក លោកហ៊ីង ធីប្ញទ្ធិ សមាជិកគ.ជ.ប សម្រេចបន្តកិច្ចការ ជាសមាជិក គ.ជ.ប រហូតដល់ចប់អាណត្តិ៕ 

ព័ត៌មានផ្សេងទៀត