ជី​វប្រ​វត្ដិ​​និង​ការប្រឡូក​​ក្នុង​ឆាក​នយោបាយ​​របស់លោ​ក​​Robert Mugabe

ដោយ៖ ពេញ ផេង 21-11-2017 6:39 pm 3206
​លោក​Robert Mugabe

​លោក​Robert Mugabe​បាន​កាន់អំណាច​នៅ​ហ្ស៊ី​មបា​វ៉េ​៣៧​ឆ្នាំ​មកហើយ តាំងពី​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៨០​។​លោក​ជា​ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពល​មួយរូប​នៅ​ហ្ស៊ី​មបា​វ៉េ ហើយ​ប្រជាជន​ក៏​កោតខ្លាច​លោក​ដែរ​។​លោក​បាន​តស៊ូ​សិក្សា​រៀនសូត្រ បាន​ប្រឡូក​ក្នុង​ឆាកនយោបាយ​ហ្ស៊ី​មបា​វ៉េ និង​ដឹកនាំ​តស៊ូ​ដណ្ដើម​ឯករាជ្យ​ពី​អង់គ្លេស​។​តាំងពី​កាន់អំណាច​ពុំ​ធ្លាប់មាន​ចលនា​តវ៉ា​ប្រឆាំងនឹង​របប​គ្រប់គ្រង​របស់លោក​ឡើយ ទើបតែ​ថ្មីៗ​នេះ គឺ​បន្ទាប់ពី​យោធា​ធ្វើ​រដ្ឋប្រហារ ទើប​ប្រជាជន​នាំគ្នា​ចេញ​តវ៉ា​ទាមទារ​ការផ្លាស់ប្ដូ​ររ​បប​ដឹកនាំ​។​

​ចង់ដឹង​បន្ថែម​ពី​ជី​វប្រ​វត្ដិ​និង​ជីវិត​នយោបា​យរបស់​លោក​Robert Mugabe ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​រាយការណ៍​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

​ជី​វប្រ​វត្ដិ​សង្ខេប​របស់លោក​Robert Gabriel Mugabe

​លោក​Robert Gabriel Mugabe កើត​នៅ​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​១៩២៤ នៅ​ភូមិ​Kutama Mission​ក្នុងស្រុក​Zvimba ភាគខាងត្បូង​រដ្ឋ​Rhodesia​ជា​ដែនដី​ហ្ស៊ី​មបា​វ៉េ​បច្ចុប្បន្ន​។​ឪពុក​របស់លោក​ឈ្មោះ​Gabriel Matibiri​គឺជា​ជាងឈើ ចំណែក​ម្ដាយ​របស់លោក​ឈ្មោះ​Bona​ជា​គ្រូ​គង្វាល​សាសនា​គ្រិស្ដ​បង្រៀន​ដល់​កុមារ​តូចៗ​នៅ​ក្នុងភូមិ​។​លោក​Mugabe​គឺជា​សិស្ស​ពូកែ​ម្នាក់​នៅ​សាលារៀន លោក​ចូលចិត្ដ​នៅ​ស្ងៀមស្ងាត់​ម្នាក់ឯង ចូលចិត្ដ​អាន​សៀវភៅ ជាជាង​ការលេង​កីឡា ឬ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​។​លោក​ត្រូវបាន​ក្មេង​ដទៃ​សើចចំអក​ថា ជា​មនុស្ស​កំសាក គ្មាន​ឯករាជ្យភាព មិនអាច​អត់​ម្ដាយ​បាន​។​

បន្ទាប់ពី​បញ្ចប់​ថ្នាក់បឋមសិក្សា​រយៈពេល​៦​ឆ្នាំ នៅ​ឆ្នាំ​១៩៤៤​លោក​Mugabe​ត្រូវបាន​គេ​ផ្ដល់​កន្លែង​សម្រាប់​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្រៀន​នៅ​មហាវិទ្យាល័យ​Kutama​។​ក្រោយមក​លោក​បានចាប់ផ្ដើម​ចេញ​បង្រៀន​នៅតាម​សាលា​ហើយក៏​អាច​រក​ប្រាក់ចំណូល​ដោយ​ខ្លួនឯងបាន​។​នៅ​ឆ្នាំ​១៩៤៩​លោក​បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​Fort Hare នៅ​អាហ្វ្រិក​ខាងត្បូង​។​នៅ​ទីនោះ​លោក​បាន​ចូលរួម​ការប្រជុំ​ជាតិនិយម​អាហ្វ្រិក​ដែល​លោក​បាន​ជួប​ជាមួយ​ពួក​កុម្មុយនីស្ដ​អាហ្វ្រិក​ខាងត្បូង​មួយចំនួន ណែនាំ​ឲ្យ​លោក​មានគំនិត​ជ្រុលនិយម​។​នៅ​ឆ្នាំ​១៩៥២​លោក​Mugabe​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ប្រវត្ដិសាស្ដ្រ អក្សរសាស្ដ្រ​អង់គ្លេស​ទទួលបាន​បរិ​ញ្ញាប​ត្រ​ផ្នែក​អប់រំ​។​ក្រៅពីនេះ​លោក​ក៏​ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​រដ្ឋបាល​ពី​សាកលវិទ្យាល័យ​London​ផងដែរ​។​

​នៅ​ឆ្នាំ​១៩៥៨​លោក​Mugabe​បាន​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​ហ្គា​ណា ដើម្បី​ធ្វើការ​នៅ​មហាវិទ្យាល័យ​ហ្វឹកហ្វឺន​គ្រូបង្រៀន​។​លោក​ថា​លោក​ទៅ​ទីនោះ​ដើម្បី​ចង់ដឹងថា​តើ​ស្ថានភាព​នៅ​រដ្ឋ​ឯករាជ្យ​អាហ្វ្រិក​ទីមួយ​យ៉ាងណា​វិញ​។​ហ្គា​ណា​គឺជា​រដ្ឋ​អាហ្វ្រិក​ដំបូង​គេ​ដែល​ទទួលបាន​ឯករាជ្យ​ពី​អាណានិគម​អឺរ៉ុប ក្រោម​ការដឹកនាំ​របស់​លោក​Kwame Nkrumah​។​លោក​Mugabe​ក្រោយមក​បាន​អះអាងថា​ស្ថិតនៅក្នុង​ប្រទេស​ហ្គា​ណាលោក​បាន​ទទួលយក​លទ្ធិ​ម៉ាក្ស​និយម​របស់លោក​ម៉ាក​លេនីន​។​លោក​ក៏​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ជាមួយ​នារី​ហ្គា​ណា​ម្នាក់​ឈ្មោះ​Sally Hayfron ដែល​ធ្វើការ​នៅ​មហាវិទ្យាល័យ​ជាមួយ​លោក ហើយ​បាន​ចែករំលែក​ចំណាប់អារម្មណ៍​នយោបាយ​ជាមួយគ្នា​។​

​នៅ​ឆ្នាំ​១៩៦១​លោក​បាន​រៀបការ​ជាមួយ​នាង​Sally Hayfron​មាន​កូនប្រុស​ម្នាក់ ប៉ុន្ដែ​បាន​ស្លាប់​ឆ្នាំ​១៩៦៣​ដោយសារ​ជំងឺគ្រុនចាញ់​នៅហ្គា​ណា​។​ស្របពេល​រៀបការ​ជាមួយ​នាង​Sally Hayfron​ហើយ នៅ​ឆ្នាំ​១៩៨៧​លោក​Mugabe​បាន​ទាក់ទង​ជាមួយ​នាង​Grace Marufu​ជា​លេខា​របស់លោក​។​ក្រោយ​ភរិយា​ទីមួយ​នាង​Sally Hayfron​ទទួលមរណភាព​ក្នុង​ឆ្នាំ​១៩៩២ លោក​Mugabe​បានរៀបចំ​អាពាហ៍ពិពាហ៍​យ៉ាង​គគ្រឹកគគ្រេង​ជាមួយ​នាង​Grace Marufu​។​ចំណងអាពាហ៍ពិពាហ៍​លោក​Mugabe​និង​នាង​Grace Marufu​មានកូន​បីនាក់​ស្រី​ម្នាក់​។​អ្នកស្រី​Grace Marufu​បាន​រួមរស់​ជាមួយ​លោក​Mugabe​រហូតដល់​បច្ចុប្បន្ន​។​

​ជីវិត​នយោបាយ​របស់​លោក​Robert Gabriel Mugabe

លោក​Mugabe​គឺជា​អ្នក​បដិវត្ដ​ហ្ស៊ី​មបា​វ៉េ​និង​ជា​អ្នកនយោបាយ​ដែល​បាន​ធ្វើជា​ប្រធានាធិបតីហ្ស៊ី​មបា​វ៉េ​ក្នុង​ឆ្នាំ​១៩៨៧​។​មុន​ធ្វើជា​ប្រធានាធិបតី​លោក​ជា​នាយករដ្ឋមន្ដ្រីហ្ស៊ី​មបា​វ៉េ​ពី​ឆ្នាំ​១៩៨០​ដល់​១៩៨៧​។​លោក​ជា​ប្រធាន​គណបក្ស​រួបរួម​ជាតិ​អាហ្វ្រិក​ហ្ស៊ី​មបា​វ៉េ​(ZANU–PF)​ពី​ឆ្នាំ​១៩៨០​ដល់​ឆ្នាំ​២០១៧​។​លោក​ជា​អ្នក​ជាតិនិយម​អាហ្វ្រិក​ក្នុងអំឡុង​ទសវត្ស​ឆ្នាំ​១៩៧០​និង​១៩៨០ ដែល​ត្រូវ​បានកំណត់​អត្ដ​សញ្ញាណ​ថា​ជា​អ្នក​និយម​ម៉ាក្ស​លេនីន បើទោះបី​ក្រោយមក​នៅ​ទសវត្ស​ឆ្នាំ​១៩៩០ លោក​ប្រកាសថា​ជា​អ្នក​សង្គមនិយម​ក៏ដោយ​។​គោលនយោបាយ​របស់លោក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​គោលនយោបាយ​មូ​ហ្គា​បេនិ​យម​។​

​ដោយ​ខឹងសម្បា​រថា​តំបន់​ដែល​លោក​រស់នៅ​ជា​អាណានិគម​របស់​អង់គ្លេស​គ្រប់គ្រង​ដោយ​ពួក​ស្បែក​ស លោក​Mugabe​បាន​ទទួលយក​ក្រុម​ម៉ាក្ស​និយម ហើយ​បាន​ចូលរួម​ការតវ៉ា​ជាតិនិយម​អាហ្វ្រិក​ដែល​អំពាវនាវ​ឲ្យមាន​រដ្ឋ​ដឹកនាំ​ដោយ​ជនជាតិ​ស្បែក​ខ្មៅ​ដោយ​ឯករាជ្យ​។​ក្រោយពី​បាន​បញ្ចេញ​មតិយោបល់​ប្រឆាំង​រដ្ឋាភិបាល លោក​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៤-១៩៧៤​។​ក្រោយមក​លោក​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ម៉ូ​សំ​ប៊ិក បង្កើត​ចលនា​ដឹកនាំ​ដើម្បី​មើល​ការខុសត្រូវ​តួនាទី​គណបក្ស​ZANU នៅក្នុង​សង្គ្រាម​Rhodesian Bush ប្រយុទ្ធប្រឆាំង​នឹង​រដ្ឋាភិបាល​ស្បែកស​។​លោក​បាន​ចូលរួម​ក្នុង​កិច្ចចរចា​សន្ដិភាព​សម្រប​សម្រួល​ដោយ​ចក្រភព​អង់គ្លេស​ទាំង​ទើសទាល់ ដែល​កិច្ចព្រមព្រៀង​នេះ​បាន​រុះរើ​ការគ្រប់គ្រង​របស់​ជន​ជាតិ​ភាគតិច ហើយ​ជា​លទ្ធផល​ក៏មាន​ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៨០ ដែល​គណបក្ស​ZANU-PF​ដឹកនាំ​ដោយ​លោក​Mugabe​ទទួលបាន​ជោគជ័យ​ក្លាយជា​នាយករដ្ឋមន្ដ្រី​គ្រប់គ្រង​ហ្ស៊ី​មបា​វ៉េ​ជា​ឈ្មោះ​ថ្មី​ប្ដូរ​មកពី​សាធារណរដ្ឋ​Rhodesia​។​

​ការអំពាវនាវ​ឲ្យមាន​ការផ្សះផ្សារ​ជាតិ​សាសន៍​លើកដំបូង​របស់លោក​Mugabe បាន​បរាជ័យ​ក្នុង​ការទប់ស្កាត់​ស្ថានភាព​អាក្រក់ ហើយ​ប្រឈម​នឹង​ការប្រយុទ្ធ​ជាមួយ​ក្រុម​ស្បែក​ស​។​ទំនាក់ទំនង​រវាង​លោក​ជាមួយ​មេដឹកនាំ​គណបក្ស​ZAPU​ក៏​ធ្លាក់ចុះ​នៅ​ចន្លោះ​ឆ្នាំ​១៩៨២​និង​ឆ្នាំ​១៩៨៥​។​ចំពោះ​ការបន្ដ​ដឹកនាំ​រដ្ឋអំណាច​របស់លោក​Mugabe បាន​សង្កត់ធ្ងន់​លើ​ការបែងចែក​ដី​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ស្បែក​ស​ទៅ​កសិករ​ស្បែក​ខ្មៅ​។​ដោយ​មានកា​រខក​ចិត្ដនឹង​ភាពយឺតយ៉ាវ​នៃ​ការបែ​ង​ចែកដី​ឡើងវិញ​នេះ ពី​ឆ្នាំ​២០០០​លោក​Mugabe​បាន​លើក​ទឹកចិត្ដ​ឲ្យមាន​ការ​រឹបអូសយ​កដី​របស់​ក្រុម​ជនជាតិ​ស្បែកស​។​

​បើ​និយាយ​ពី​ការ​ប្រឆាំងនឹង​លោក​Mugabe​បាន​កើនឡើង ជាពិសេស​តាមរយៈ​ចលនា​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ ទោះបី​លោក​បាន​ជាប់ឆ្នោត​ជាថ្មី​ក្នុង​ឆ្នាំ​២០០២ ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៣​ក៏ដោយ​។​ប៉ុន្ដែ​ចលនា​ប្រឆាំង​ទាំងអស់នោះ​មិនអាច​ធ្វើ​អ្វី​លោក​Mugabe​បានឡើយ​។​លោក​បាន​ប្រើ​មធ្យោបាយ​គាបសង្កត់​មិន​ឲ្យមាន​ការប្រឆាំង​នឹង​ការគ្រប់គ្រង​របស់លោក​ទេ​។​ការ​កាន់អំណាច​ជិត​៤​ទសវត្ស​របស់លោក​Mugabe បានធ្វើឲ្យ​លោក​ក្លាយជា​តួអង្គដ៏​ចម្រូង​ចម្រា​ស​និង​បែកខ្ញែក​មួយ​។​លោក​ត្រូវបាន​គេ​សរសើ​រថា​ជា​វីរបុរស​បដិវត្ដន៍​នៃ​ការតស៊ូ​រំដោះ​អាហ្វ្រិក ដែល​បាន​ជួយ​ហ្ស៊ី​មបា​វ៉េ​ពិ​អាណានិគម​ច​ក្រព​ត្ដិ​និយម​អង់គ្លេស​។​ប៉ុន្ដែ​លោក​ត្រូវបាន​គេ​មើលឃើញ​ផងដែ​រថា ជា​អ្នកដឹកនាំ​ផ្ដាច់ការ មាន​កំហុសឆ្គង​ផ្នែក​សេដ្ឋកិច្ច ធ្វើឲ្យ​រីករា​លដាល​អំពើពុករលួយ ប្រកាន់​និន្នាការ​រើសអើង​ក្រុម​ស្បែក​ស រំលោភបំពាន​សិទ្ធិមនុស្ស បង្ក្រាប​អ្នក​រិះគន់​នយោបាយ និង​ប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុ​ស្សជាតិ​៕

ព័ត៌មានផ្សេងទៀត