ការលាឈប់​សមាជិក​ទាំ​ង​៣​រូបមិន​ប៉ះពាល់​ការបោះឆ្នោតនិង​ឯករាជ្យភាព​គ​.​ជ​.​ឞ​ឡើយ​

ដោយ៖ សៅ វិសាល 21-11-2017 5:11 pm 2918

​សមាជិក​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ៣​រូប ក្នុងចំណោម​៤​រូប ដែល​មាន​កូតា​មកពី គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​លាលែង​ពី​តួនាទី កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ប្រកាស​រំលាយ ដោយ​សាលដីកា តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា​។​

​សមាសភាព​សមាជិក គ​.​ជ​.​ប ប្រកាស​លាលែង រួមមាន​៖ លោក គួ​យ ប៊ុន​រឿន អនុប្រធាន គ​.​ជ​.​ប​, លោក រ៉ុង ឈុន សមាជិក និង​លោកស្រី តែ ម៉ា​នី​រ៉ុង សមាជិក​។ ដោយឡែក លោក​ហ៊ីង ធីប្ញ​ទ្ធិ សមាជិក​គ​.​ជ​.​ប ដែល​មាន​កូតា មកពី​គណបក្ស​ង្គ្រោះ​ជាតិ​ដែរ​នោះ បានសម្រេច​បន្ត​កិច្ចការ ជា​សមាជិក គ​.​ជ​.​ប រហូតដល់​ចប់​អាណត្តិ​។

​លោក​ហង្ស ពិ​ទូ អ្នកវិភាគ​បញ្ហា​សង្គម​នៅ​កម្ពុជា បាន​សម្តែង​ការគាំទ្រ ចំពោះ​ការលាលែង​ពី​តួនាទី សមាជិក​គ​.​ជ​.​ប​នេះ ហើយ​ថា បើទោះបី ជា​នៅ​បន្ត​តំណែង​ទៀត ក៏​គ្មាន​ន័យ​ដែរ ព្រោះ​ដោយសារ​តែ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ ហើយ​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើន ត្រូវ​បាន​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​។​

​សំឡេង

​ក្រោយ​ការចរចា ត្រូវរ៉ូវ​គ្នា ខាង​ផ្នែក​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ការបោះឆ្នោត ឆ្នាំ​២០១៣ កំណែទម្រង់​ថ្មី លើ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត ត្រូវបាន​ធ្វើឡើង តាមរយៈ​ការរៀបចំ សមាជិក ៩ រូប ដែល ៤ រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ​, ៤ រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង ១ រូប​ទៀត មក​ពី​ស្ថាប័ន​ឯករាជ្យ (​សង្គម​ស៊ីវិល​)​។ ការធ្វើកំណែទម្រង់​នេះ ទាំង​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង កាលនោះ សុទ្ធតែ​មាន​ទំនុកចិត្ត​ថា ស្ថាប័ន​មួយ​នេះ នឹង​មាន​ភាព​សុក្រឹត ឯករាជ្យ និង​តម្លាភាព សម្រាប់​ការបោះឆ្នោត នា​ឆ្នាំ​២០១៨​ខាងមុខ​។​

​ជុំវិញ​បញ្ហា​នេះ លោក​ហង្ស ពិ​ទូ បាន​លើកឡើង​ថា ប្រសិនបើ​គ្មាន​វត្ត​មាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​សមាជិក​គ​.​ជ​.​ឞ ទេនោះ លោក​យល់ថា សម្រាប់​ការបោះឆ្នោត នាពេលខាងមុខ នឹង​មិន​មាន​យុត្តិធម៌ និង​តម្លាភាព​ឡើយ​។​

សំឡេង​

​លោក សោម សូ​រី​ដា អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​វិច្ឆិកា​នេះ​ថា ការលាលែង​ពី​តំណែង​របស់​សមាជិក គ​.​ជ​.​ប ៣​រូបនោះ មិន​ប៉ះពាល់​ដល់​ដំណើរការ រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា និង​ឯករាជ្យភាព​របស់ របស់​គ​.​ជ​.​ប​ឡើយ​។ ដោយឡែក សម្រាប់​ការរៀបចំ​ជ្រើសរើស សមាសភាព​សមាជិក​គ​.​ជ​.​ប​ថ្មី គឺជា​ដែន​សមត្ថកិច្ច​របស់​រដ្ឋសភា ដែល​នឹង​ធ្វើឡើង​ឆាប់ៗ​នេះ​។​

សំឡេង​

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់ Fresh News រដ្ឋសភា​បាន​ទទួល​រួចហើយ នូវ​លិខិត​លាលែង​ពី​តំណែង របស់​សមាជិក​គ​.​ជ​.​ប​៣​រូប អតីត​កូតា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ការរៀបចំ​ជ្រើសតាំង សមាជិក គ​.​ជ​.​ប ថ្មី ជំនួស​អ្នក​លាលែង​ពី​តំណែង​នេះ ឡើង​ក្រោយ​តំណាងរាស្ត្រ​ថ្មី នៃ​គណបក្ស​ផ្សេងៗ ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៣ ចូលកាន់​តំណែង​ជំនួស អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​។​

​លោក ឡេង ប៉េងឡុង បាន​បញ្ជាក់បន្ថែម​ថា រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​នឹង ការលាលែង រួម​ទាំង​ការជ្រើសតាំង​សមាជិក​ថ្មី របស់ គ​.​ជ​.​ប ជំនួស​អ្នក​ដែល​បាន​លាលែង​ពី​តំណែង​។ លោក​បន្តថា បើ​ផ្អែក​តាម​ច្បាប់ សមាជិក​គជប ត្រូវ​ជ្រើសតាំង ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល និង​គណបក្ស ដែល​មាន​អស​នៈ​ក្នុង​រដ្ឋសភា ដែល​មិន​បាន​ដឹកនាំ​រដ្ឋាភិបាល​។ ​ដូច្នេះ​ចំពោះ​ការជ្រើសរើស សមាជិក​ថ្មី​របស់​គ​.​ជ​.​ប ជំនួស​អ្នក​ទាំង​៣ នឹង​អាច​ធ្វើឡើង ក្រោយពេល​តំណាងរាស្ត្រ គណបក្ស​ដែល នឹង​ទទួលបាន​អសនៈ នៅក្នុង​រដ្ឋសភា​ជំនួស គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ចូល​កាន់តំណែង​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត