សាលារៀនមួយនៅ​កម្ពុជា​ប្រើឧបករណ៍​គិត​លេខ​សម័យ​បុរាណ​ ជួយ​បង្កើន​សមត្ថភាព​ខួរ​ក្បាល​កុមារ​

ដោយ៖ Vayofm Teams 21-11-2017 3:45 pm 438

គ្រឹះស្ថានសិក្សា​ឯកជន​​មួយ​ បាននាំយក​កម្ម​វិធី​សិក្សា បែប​អន្ដរជាតិ​ ហៅថា ALOHA Mental Arithmetic មក​អភិវឌ្ឍ​វិស័យ​​អប់រំ​​ ចំពោះ​​​កុមារ​នៅ​ប្រទេសកម្ពុជា។

​កម្មវិធី​អភិវឌ្ឍ​ការលូតលាស់​ខួរក្បាល​លំដាប់​អន្តរជាតិ ALOHA Mental Arithmetic បាន​បើក​ដំណើរការ​ជា​​លើក​ដំបូង​ នៅក្នុង​សាលា​អប់រំ​កុមារ​ឆ្នើម​កម្ពុជា (Super Children Education Cambodian School) សហការ​ជាមួយ​អា​ឡូ​ហា​អន្តរជាតិ (ALOHA International)​។ កម្មវិធី​នេះ​ត្រូវបាន​បង្កើត និង​រៀបចំឡើង​យ៉ាង​ពិសេស សម្រាប់​​កុមារ​​ដែលមាន​អាយុ​ចន្លោះ​ពី​៥​ឆ្នាំ ដល់ ១៣​ឆ្នាំ​។​

​បើតាម​លិខិត​ដែល​វិទ្យុ​វាយោ​ទទួលបាន​កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​ម្សិលមិញ ឱ្យដឹងថា ALOHA Mental Arithmetic មាន​គោលបំណង​ក្នុង​ការជួយ​ធ្វើឲ្យ​ខួរក្បាល​ទាំងសងខាង (​ផ្នែក​ខាងឆ្វេង និង​ខាងស្ដាំ​) មាន​ដំណើរការ​ស្មើគ្នា ខណៈដែល​សិក្សា​ស្រាវជ្រាវ​តាមបែប​វិទ្យាសាស្ត្រ​ជាច្រើន​បាន​បង្ហាញថា នៅពេលដែល​មនុស្ស​ប្រើប្រាស់​ខួរក្បាល​ផ្នែក​ខាងឆ្វេង ក្នុង​ការធ្វើសកម្មភាព​ប្រចាំថ្ងៃ​ច្រើន ធ្វើឲ្យ​បាត់បង់​សក្តានុព​លរបស់​ខួរក្បាល​ផ្នែក​ខាងឆ្វេង​។​

ក្នុង​កម្មវិធីសិក្សា​របស់ ALOHA Mental Arithmetic គឺ​ប្រើប្រាស់​Abacus ឧបករណ៍​គិត​លេខ​សម័យបុរាណ ក្នុង​ការបង្រៀន Mental Arithmetic ការគិត​លេខ​ដោយ​មិន​ប្រើប្រាស់​ឧបករណ៍​ជំនួយ​។ តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​ក្នុង​ការគិត​លេខ បូកផ្សំ​ជាមួយនឹង​ការប្រើប្រាស់​ល្បែង​ផ្សែងៗ និង​សកម្មភាព​ផ្សេងៗ​ផង​នៅក្នុង​ថ្នាក់ វា​នឹង​ជួយ​អភិវឌ្ឍ​ខួរក្បាល​ផ្នែក​ខាងស្ដាំ​ឲ្យ​កាន់តែ​ប្រសើរ​។ 

​តាមរយៈ​ការវិវឌ្ឍ​ជំនាញ​ទាំងនេះ កុមារ​មិន​ត្រឹមតែ​រៀន​ក្នុង​ការដោះស្រាយ​លំ​ហាត់​គណិតវិទ្យា​ដោយ​ប្រើការ​គិតក្នុងចិត្ត​បាន​លឿន​នោះទេ តែ​កុមារ​ថែមទាំង​អាច​បង្កើន​សមត្ថ​ភាពរៀនបាន​គ្រប់មុខ​វិជ្ជា​ទាំងអស់​ថែមទៀត​ផង​។ មិនតែប៉ុណ្ណោះ ពួកគេ​នឹង​សមត្ថភាព​ក្នុងការ​ផ្ចង់​អារម្មណ៍ និង​ការយកចិត្តទុកដាក់ ភាព​ឆ្នៃប្រឌិត និង​សមត្ថភាព​ក្នុង​ការគិត​ស្រមៃ​ខ្ពស់ ជំនាញ​ស្ដាប់​និង​អង្កេត​តាមដាន សមត្ថភាព​ក្នុង​ការចងចាំ​និង​ជំនាញ​កំណត់​ទិសដៅ​បែប​ស្រមៃ​ទុក​មុន​បានល្អ មាន​ភាពក្លាហាន​និង​មាន​ទំនុកចិត្ត​ក្នុង​ខ្លួន និង​មាន​ជំនាញ​ក្នុង​ការគិត​វិភាគ​ផងដែរ​។​

​គួរ​បញ្ជាក់ថា កម្មវិធី ALOHA Mental Arithmetic ត្រូវបាន​បង្កើតឡើង​ក្នុងប្រទេស​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​១៩៩៣ ដោយ​លោក LohMun Sung​។ កម្មវិធី​នេះ បាន​បើក​ដំណើការ​ជាង ៤​ពាន់​សាខា នៅក្នុង​ប្រទេស​ជាង ៣៥​ប្រទេស​ទូទាំង​ពិភពលោក និង​មាន​សិស្ស​ជាង ៤​លាន​នាក់​៕

ព័ត៌មានផ្សេងទៀត