បិទ​បក្ស​​នៅ​កម្ពុជា​​តែ​មេដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​​កំពុង​បើក​យុទ្ធនាការ​​នៅ​ក្រៅប្រទេស ​

ដោយ៖ ខាត់ សុធី 20-11-2017 2:42 pm 954

​អតីត​ថ្នាក់ដឹកនាំ និង​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុងមាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា ស្ថិតក្នុង​ជំហរ​ស្ងៀមស្ងាត់ មិន​ហាន​បញ្ចេញ​សកម្មភាព​អ្វី​សោះឡើយ​។​ការមិន​បញ្ចេញ​សកម្មភាព ដោយសារ​អ្នក​ទាំងនោះ ត្រូវបាន​ហាមឃាត់​មិន​ឲ្យធ្វើ​សកម្មភាព​នយោបាយ រយៈពេល​៥​ឆ្នាំ​។​ប៉ុន្តែ​សម្រាប់​អតីត​ថ្នាក់ដឹកនាំ និង​ក្រុម​អ្នកតំណាងរាស្ត្រ​ដែល​កំពុងមាន​វត្តមាន​នៅ​ក្រៅប្រទេស​វិញ កំពុង​ធ្វើ​សកម្មភាព​យ៉ាង​ផុសផុល ដឹកនាំ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ទាំងនោះ ធ្វើបាតុកម្ម​តវ៉ា ទាមទារ ឲ្យមាន​កិច្ច​អន្តរាគមន៍ពីសហ​គ​មន៍​អន្តរជាតិ ក្នុង​យុទ្ធនាការ​ដែល​គេ​ហៅថា រំដោះ​គណបក្ស​សង្គ្រោះ​ជាតិឲ្យមាន​ជីវិត​រស់​ឡើងវិញ​។​

​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹកនាំ​ចលនា ជាមួយ​ក្រុមតំណាងរាស្ត្រ​ដទៃទៀត ទាមទារ​ជាមួយ​ពលរដ្ឋ​ខ្មែរ​មកពី​ទីក្រុង​នានា​នៃ​ប្រទេស​កាណាដា នៅ​ថ្ងៃទី​១៩ វិច្ឆិកា ដើម្បី​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍ ពី​អន្តរជាតិ និង​ផ្សព្វផ្សាយ​ប្រាប់​ដល់​អ្នកគាំទ្រ​កុំឲ្យ​អស់សង្ឃឹម បាក់​ទឹកចិត្ត ដោយ​លោក​សម រង្ស៊ី នៅតែ​អះអាងថា រចនាសម្ព័ន្ធ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ នៅតែមាន​ពេល​ចូល​រួមការបោះឆ្នោត​នាពេលខាងមុខ​។​លោក​អះអាង​យ៉ាង​ដូច្នេះ ដោយ​រំពឹង​យ៉ាង​មុតមាំ​ពី​សម្ពាធ​អន្តរជាតិ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​របស់លោក​ហ៊ុន សែន​។​លោក​រង្ស៊ី នៅតែ​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រស់​រវើក​ក្នុង​បេះដូង​ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស មិន​សាបសូន្យ​ឡើយ​។​

​ចំណែក​លោកស្រី​មូរ សុខ​ហួរ និង​លោក​យ៉ែម ប៉ុញ្ញឬទ្ធិ ក៏​កំពុង​ដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ របស់​តុលាការ​កម្ពុជា នៅឯ​ទីលាន​ប្រជាធិបតេយ្យ​ក្នុងប្រទេស​បារាំង​។ នៅក្នុង​យុទ្ធនាការ​រំដោះ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ លោកស្រី​មូរ សុខ​ហួរ បាន​បដិសេធ​ជាថ្មី​ម្តងទៀត មិន​ទទួលស្គាល់ សាលដីការ​របស់​តុលាការ​កំពូល ដែល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃទី​១៦ វិច្ឆិកា កន្លងទៅ​។ 

​ថ្លែង​នៅ​ចំពោះមុខ​អ្នកគាំទ្រ នៅក្នុង​ប្រទេស​បារាំង លោកស្រី​បានទាមទា​រឲ្យរដ្ឋាភិបាល​កម្ពុជា ដោះលែង​គណបក្ស​សង្គ្រោះ​ជាតិ ដោះលែង​លោក​កឹម សុខា សកម្មជន​គណបក្ស សកម្មជន​ដីធ្លី និង​អ្នកសារព័ត៌មាន​អាស៊ីសេរី​ពីររូប ឲ្យមាន​សេរីភាព​ឡើងវិញ​។ បន្ថែម​លើ​នេះ លោកស្រី​មូរ សុខ​ហួរ​បន្ត​អះអាងថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ជា​តំណាងរាស្ត្រ​ស្របច្បាប់​ដដែល​។​

​តែ​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ចំអក​ថា យុទ្ធនាការ​របស់ លោក សម រង្ស៊ី និង​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពេលនេះ ថា​ជា​យុទ្ធនាការ​លួង​ចិត្ត យុទ្ធ​នា ការ​ត្រដរខ្យល់ នៃ​ដង្ហើមចុងក្រោយ ដែល​មេដឹកនាំ​គណបក្ស​នេះ ស្តាយ​ឋានៈ​តួនាទី​តែប៉ុណ្ណោះ​។​ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្លាប់​តាំងពី​ថ្ងៃទី​១៦ វិច្ឆិកា បាត់​ហើយ មិនអាច​រស់​ឡើងវិញ​បានទេ​........

​សំឡេង​លោក​សុខ ឥសាន​៖

​សហគមន៍​អន្តរជាតិ ជាច្រើន ពិសេស​ប្រទេស​ប្រកាន់យក​របប​ប្រជាធិបតេយ្យ សុទ្ធតែ​សម្តែង​ការមិន​ពេញចិត្ត នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន ដែល​បានធ្វើ​មកលើ​គណបក្សប្រឆាំង ដោយ​នឹកស្មាន​មិន​ដល់​បែបនេះ​។​

​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក បានអនុម័ត​សេចក្ដីសម្រេច ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​លោក​ហ៊ុន សែន ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​គណ​បក្សប្រឆាំង​។​ក្នុងនោះ​មាន​ទាំង​ការដាក់បញ្ចូល​មន្ដ្រី​កម្ពុជា ដែល ជាប់​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស ទៅក្នុង​បញ្ជី ដែល​គេ​ឈប់​ទាក់ទង ឬ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ទៀតផង​។​

​សហគមន៍​អឺរ៉ុប តំណាងឲ្យ​២៧​ប្រទេស ក៏​បានប្រកាសថា នឹងមិន​បន្ត​ផ្តល់​ទីផ្សារ ឲ្យ​ទំនិញ​ដែល​នាំ​ចេញពី​កម្ពុជា​បាន​ទៀត​ទេ ប្រសិនបើ​មិន​អនុញ្ញាតឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ ដំណើរការ​ឡើងវិញ ដើម្បី​ចូលរួម​ការបោះឆ្នោត ដោយ​ស្របច្បាប់​នៅ​ឆ្នាំ​២០១៨​ទេនោះ​។ នេះ​ជា​ការបញ្ជាក់​ពី​លោក​សម រង្ស៊ី កន្លងទៅ​។​

តែ​លោក​សុខ ឥសាន បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​មិន​ញញើត​នឹង​គំនាប​បរទេស​ជាដាច់ខាត ដែល​រហូត​មកដល់ពេលនេះ គ្មាន​ការ​រាថយ​បន្តិច​សោះឡើយ​។​លោក​ចំអក​ថា នាវា​ចាក​ផែ​ហើយ មិនអាច​ត្រឡប់​វិញ​បានទេ​។​លោក​សុខ ឥសាន ធ្វើជា​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​គណបក្ស​សង្គ្រោះ​ជា​តិពី​សង្វៀន​នយោបាយ ដែលោក​ទទួលស្គាល់ថា ធ្លាប់ជា​ដៃគូ​ដ៏​មាន​សក្តានុពល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​កន្លងមក​។​

​យ៉ាងណាក៏ដោយ គ្រប់​ក្រសួង ស្ថាប័ន និង​អង្គភាព​នានា យ៉ាងច្រើន​លើសលប់​នៅ​កម្ពុជា បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញ ទំហឹង ចំពោះ​សាលដីកា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ របស់​តុលាការ​កំពូល និង​បញ្ជាក់ថា ជា​រឿង​ស័ក្តិសម​បំផុត ចំពោះ​ការប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ របស់​គណបក្សប្រឆាំង​មួយ​នេះ ដែលជា​រឿង​មិនអាច​អត់ឱន​ឲ្យបាន​។​

​ឯ​សមាគម​ពលរដ្ឋ​ខ្មែរ​ចំនួន​៧ ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី និង​ណូវ៉ែល​ហ្សេ​ឡង់ ដែល​ផ្សព្វផ្សាយ​នៅលើ​Facebook ផ្លូវការ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្តែង​ការគាំទ្រ​នូវ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយបាន​វាយតម្លៃថា​នេះ​ជា​ចំណាត់ការ​អនុវត្ត​ច្បាប់​ក្នុង​ដែន​អធិបតេយ្យ​កម្ពូជា ក្នុង​ការធានា​ឲ្យ​កម្ពុជា​បន្តដំណើរ​របស់​ខ្លួន​នៅលើ​ផ្លូវ​ប្រជាធិបតេយ្យ​លើ​ក្របខ័ណ្ឌ​នៃ​ការគោរព​ច្បាប់ ដើម្បី​ធានា​រក្សាបាន​នូវ​សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់​ប្រជាជន និង​សង្គម​កម្ពុជា​៕

 

ព័ត៌មានផ្សេងទៀត