USAIDថា ការំលាយបក្សសង្រ្គោះជាតិ​នឹងធ្វើឱ្យប៉ះពាល់​ដល់សេដ្ឋកិច្ច​កម្ពុជា​

ដោយ៖ គួន សំបូរ 19-11-2017 2:49 pm 2146

ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ពីដំណើរការលទ្ធិប្រជាធិបតេយ្យ ក្រោយរំលាយគណបក្សសង្រ្គោះជាតិ។នេះបើតាមសេចក្តីថ្លែងការណ៍របស់ USAID ដែលស្ថានទូតអាមេរិកចុះផ្សាយនៅថ្ងៃនេះ។នៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ការរំលាយគណបក្សសង្រ្គោះជាតិ នឹងធ្វើឱ្យប៉ះពាល់ដល់ភាពរុងរឿងសេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ុន្តែភាគីកម្ពុជាបានអះអាងហើយថា ទោះបីជាគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ក៏ប្រទេសកម្ពុជា មិនវិលត្រឡប់ទៅរបបដឹកនាំឯកបក្សនោះទេ។ 

តាមរយៈសេចក្តីថ្លែងការណ៍ របស់ខ្លួនចុះផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលកម្ពុជា ដែលរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ USAID បានហៅសកម្មភាពនេះ ជាការប៉ុនប៉ងដោយចេតនា របស់រដ្ឋាភិបាលកម្ពុជា ក្នុងការរំលាយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា។

បើតាមរបាយការណ៍របស់ USAID បានឲ្យដឹងថា គណបក្សសង្រ្គោះជាតិទទួលបាន៤៤ ភាគរយ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនាឆ្នាំ ២០១៧ ដូច្នេះការដកសិទ្ធិប្រជាពលរដ្ឋរាប់លាននាក់ របស់រដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់គោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងធ្វើឱ្យប៉ះពាល់ដល់ភាពរុងរឿងសេដ្ឋកិច្ច និងជំហររបស់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ។

អង្គការអាមេរិកកាំងមួយនេះ បានកត់សម្គាល់ថា ការសម្រេចចិត្តរបស់តុលាការកំពូលនេះ ធ្វើឡើងបន្ទាប់រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ មានវិធានការ ដូចជា៖ការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បំភិតបំភ័យសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ហើយបានបដិសេធចំពោះសេរីភាពប្រជាជនកម្ពុជា ដែលមានសេរីភាពក្នុងការប្រមូលផ្ដុំនិងសេរីភាពក្នុងការបញ្ចេញមតិស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។

ដូច្នេះដើម្បីធ្វើឱ្យការបោះឆ្នោតជាតិឆ្នាំ២០១៨ ស្របច្បាប់ USAID បានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា កែប្រែសកម្មភាពថ្មីៗរបស់ខ្លួន នឹងទាមទារឲ្យដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល បំពេញការងាររបស់ខ្លួនដោយគ្មានការជ្រេតជ្រែក។

យ៉ាងណាក្តីនេះ គ្រាន់តែជាការព្រួយបារម្ភរបស់អង្គការអាមេរិកកាំង។ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាលកម្ពុជា បានពន្យល់ហើយថា ការរំលាយគណបក្សសង្រ្គោះជាតិ និងការផ្អាកសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង១១៨រូប មិនឲ្យធ្វើសកម្មភាពនយោបាយ មិនមែនជារឿងនយោបាយនោះឡើយ គឺជាអនុវត្តន៍ច្បាប់របស់កម្ពុជាសុទ្ធសាធ ហើយការរំលាយគណបក្សសង្រ្គោះជាតិ មិនបានបង្កការអសកម្មភាព ឬបញ្ហាណាមួយដល់ដំណើរការប្រទេសជាតិ និងប្រជាពលរដ្ឋនោះដែរ។

លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ទោះបីជាគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ក៏ប្រទេសកម្ពុជា ពុំបានវិលត្រឡប់ទៅរបបដឹកនាំឯកបក្សនោះទេ។លោកពន្យល់ថា ស្ថាប័នគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត នឹងអនុវត្តន៍ទៅតាមច្បាប់ក្នុងការបែងចែកអាសនៈសមាជិរដ្ឋសភាឱ្យទៅគណបក្សនយោបាយ មួយចំនួនទៀត។ចំពោះដំណើរការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ មានគណបក្សនយោបាយជាច្រើនចូលរួមប្រកួតប្រជែង ហើយដំណើរការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។

ទាក់ទងនឹងអង្គការក្រៅរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជារូបនេះ បានបញ្ជាក់ថា កម្ពុជា មានអង្គការមិនមែនរដ្ឋាភិបាលជាង៥.០០០ ដែលមានសេរីភាព ធ្វើសកម្មភាពនៅកម្ពុជា។ចំណែកករណីបិទអង្គការ NDI គឺដោយសារតែអង្គការអន្តរជាតិមួយនេះ ពុំបានចុះអនុស្សរណៈ ជាមួយក្រសួងការបរទេសកម្ពុជា ទើបក្រសួងការបរទេសសម្រេចបិទអង្គការមួយនេះ។រីឯសេរីភាពសារព័ត៌មានវិញ កម្ពុជាមានភាពល្អប្រសើ ជាងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ានទាំងអស់។

គួរកត់សម្គាល់ថា បន្ទាប់ពីតុលាការកំពូលប្រកាសសាលដីកា រំលាយគណបក្សសង្គ្រោះជាតិមក គេសង្គេតឃើញថា ប្រតិកម្មបានធ្លាប់មកជាបន្តបន្ទាប់ពីប្រទេសលោកសេរីមួយចំនួនដូចជា៖ អាមេរិក អង់គ្លេស សហភាពអឺរ៉ុប អូស្ត្រាលី។ប្រទេសទាំងនោះ បានសម្តែងការព្រួយបារម្ភ ចំពោះការរំលាយគណបក្សប្រឆាំង ហើយបានថានឹងចាត់វិធានការជាក់ស្តែង ក្នុងការឆ្លើយតបស្ថានការណ៍ពេលនេះ៕ 

ព័ត៌មានផ្សេងទៀត