អ្នកធាក់​ស៊ីក្លូ​​វ័យ​៨០​ឆ្នាំ​​ប្លាយ​​សុខ​ភាព​​ចុះខ្សោយ​​តែ​​មិន​​អាច​​សម្រាក​​ពី​ការ​ងារ​

19-11-2017 8:51 am
លោក ម៉ែន ផែន វ័យ៨៦ឆ្នាំ (ឆ្វេង) និងលោក ប្រាក់ ឆែម វ័យ៨០ឆ្នាំ (ស្ដាំ)។ រូបថត៖ ទ្រី សីហៈ

​បើទោះបីជារ​បរធាក់​ស៊ីក្លូ ជា​អាជីព​ប្រើ​កម្លាំង​កាយ​នឿយហត់ ដើម្បី​ប្ដូរ​យក​កម្រៃ​បន្ដិចបន្តួច​ក្ដី អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​មួយ​ចំនួន ដែលមាន​វ័យ​រហូតដល់​ជាង​៨០​ឆ្នាំ នៅតែ​អះអាងថា នឹង​បន្ត​ប្រកប​របរ​នេះ រហូត​ទាល់តែ​ធ្វើ​លែងកើត​តែម្ដង​។ ស្ថិតក្នុង​វ័យ​៨៦​ឆ្នាំ អ្នកធាក់ស៊ីក្លូ​ម្នាក់ មកពី​ខេត្ត​តាកែវ​ឲ្យដឹងថា លោក រួម​ទាំង​អ្នកធាក់ស៊ីក្លូ​ផ្សេងទៀត ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​តាម​សំ​យ៉ាប​ផ្ទះ ក្នុង​រាជធានី​ភ្នំពេញ​។ ដោយសារ​តែ​ភាព​ទីទាល់ក្រ អ្នកធាក់ស៊ីក្លូ​វ័យ​ជរា មិន​អាច​សម្រាក​ពី​ពី​ភាព​នឿយហត់​បានទេ បើទោះបីជា​កម្លាំង និង​សុខភាព​ចុះខ្សោយ​ក៏ដោយ​។​

ស្ដាប់បទយកការណ៍ជាសំឡេង​៖

​ស៊ីក្លូ ចាប់ផ្ដើម​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​សម័យ​អាណានិគមនិយម​បារាំង​មក​ម្លេះ​។ មធ្យោបាយ​ដឹកជញ្ជូន​មួយ​ប្រភេទ​នេះ មាន​ការពេញនិយមរ​ហូត​ដល់​សម័យ​សង្គម​រាស្ត្រនិយម​។ យ៉ាងណា​ក្ដី​មក​ដល់​បច្ចុប្បន្ន​នេះ ស៊ីក្លូ​នៅមាន​ចំនួន​តិចតួច ឯ​ការនិយម​ជិះ​ស៊ីក្លូ ពី​សំណាក់​ពលរដ្ឋ​ទូទៅ ក៏​ធ្លាក់ចុះ​ខ្លាំង​ផង​ដែរ​។​

​បើទោះបីជា​ពុំ​សូវ​មាន​ការគាំទ្រ​ច្រើន​ដូច​ពីមុន​ក្ដី គេ​នៅ​ឃើញ​វត្តមាន​ស៊ីក្លូ​ជា​ក្រុមៗ ដឹក​ភ្លៀវ​ទេសចរណ៍​បរទេស នៅតាម​តំបន់​ទេសចរណ៍​នានា ក្នុង​រាជធានី​ភ្នំពេញ​។ ក្រៅពីនេះ ស៊ីក្លូ​មាននៅ​តាម​បណ្ដា​ផ្សារ​មួយចំនួន​ដូចជា ផ្សារ​អូ​ឬ​ស្សី ផ្សារកណ្ដាល និង​ផ្សារ​ចាស់​ជាដើម​។

​មាន​វ័យ​៨៦​ឆ្នាំ លោក ម៉ែន ផែន ជា​អ្នកធាក់ស៊ីក្លូ មកពី​ខេត្ត​តាកែវ​។ លោក​អះអាង​ថា បាន​ប្រកប​របរ​នេះ​ចាប់​តាំងពី លោក​មាន​អាយុ​១៨​ឆ្នាំ​មក​ម្លេះ​...

​សំឡេងលោក ម៉ែន ផែន​៖

​អង្គុយ​នៅលើ​ស៊ីក្លូ រង់ចាំ​ភ្ញៀវ​នៅ​ខាង​មុខ​ផ្សារ​កណ្ដាល រាជធានី​ភ្នំពេញ លោកតា ផែន មាន​ស្បែក​ជ្រីវជ្រួញ និង​កែវភ្នែក​ស​ល្អក់ បាន​លើកឡើង​ថា លោក​មាន​បញ្ហា​ភ្នែក​មើល​មិនសូវ​ច្បាស់ និង​ត្រចៀក​ក៏​ស្ដាប់​មិនសូវ​លឺ​នោះដែរ​។ បើ​ទោះជា​យ៉ាងនេះ​ក្ដី លោកតា វ័យ​៨៦​ឆ្នាំ​រូប​នេះ នៅតែ​អាច ធាក់​ស៊ីក្លូ ជូន​ភ្ញៀវ​ទៅ​មក​បាន​ជា​ប្រចាំ​។
​ក្នុង​សំលៀកបំពាក់​ឈុត​ពណ៌​ផ្ទៃមេឃ លោកតា​ឲ្យដឹង​ទៀតថា ចំណូល​បាន​ពី​ការ​ធាក់​ស៊ីក្លូ មិន​ទៀងទាត់​នោះទេ គឺ​អាច​បាន​ពី​ចន្លោះ​១,៥០០០​រៀល ទៅ​២,០០០​រៀល​ក្នុង​មួយថ្ងៃ​...

​សំឡេងលោក ម៉ែន ផែន​៖

នៅពេល​សន្សំ​លុយ​បាន​បន្ដិចបន្តួច លោកតា ផែន បញ្ជាក់ថា លោក​ត្រូវ​បង់ថ្លៃ​ជួល​ស៊ីក្លូ តម្លៃ​៥០,០០០​រៀល​នៅ​ក្នុង​មួយខែ និង​នៅ​សេសសល់​ប៉ុន្មាន លោក​យក​ទៅ​ប្រគល់​ឲ្យ​ភរិយា​នៅឯ​ខេត្តតាកែវ​...

​សំឡេងលោក ម៉ែន ផែន​៖

​ម៉ោង​ប្រមាណ​១​រសៀល នៅ​ម្ដុំ​ផ្សារកណ្ដាល អ្នកធាក់ស៊ីក្លូ​មួយចំនួន​សម្រាក​នៅ​តាម​ចិញ្ចើម​ផ្លូវ អ្នកខ្លះ​កំពុង​អាន​កាសែត ឯ​អ្នកខ្លះ​ទៀត​សំរាន្ដ​លង់លក់​តែម្ដង​។
​នៅក្រោម​សំ​យ៉ាប​ផ្ទះ​បិទទ្វា​ជិត​មួយកន្លែង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ខាងលើ អ្នកធាក់ស៊ីក្លូ ម្នាក់​ទៀត​មាន​វ័យ​៨០​ឆ្នាំ កំពុង​អង្គុយ​នៅ​លើ​ស៊ីក្លូ ចាស់​របស់​គាត់​។ មាន​ស្រុកកំណើត​នៅ​ឯ​ខេត្ត​កំពត លោតា ប្រាក់ ឆែម អះអាងថា លោក​ប្រកប​រប​ធាក់​ស៊ីក្លូ រយៈពេល​៤០​ឆ្នាំ​មកហើយ ដោយ​អាក់ខាន​តែ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ​។ បុរស​ចំណាស់​រូបនេះ មាន​ស៊ីក្លូ​ផ្ទាល់​ខ្លួន​មួយ ដែល​លោក​ទិញ​កាលពី​២០​ឆ្នាំមុន​។​

​ដោយសា​តែ​ការរក​ចំណូល​បាន​តិច ហើយ​ត្រូវ​សន្សំ​ផ្ញើ​ទៅ​អ្នកផ្ទះ​ផង​នោះ លោកតា ប្រាក់ ឆែម ក៏​បាន​អះអាង​ដូច​លោកតា ម៉ែន ផែន ដែរ​ថា ពួកគាត់​ត្រូវ​ស្នាក់​នៅ​តាម​សំ​យ៉ាប​ផ្ទះ និង​នៅតាម​ចិញ្ចើមផ្លូវ ពុំមាន​លទ្ធភាព​ជួល​ផ្ទះ​ស្នាក់នៅ​នោះទេ​...

​សំឡេងលោក ប្រាក់ ឆែម​៖

​ពាក់អាវ​ពណ៌​ស ខោខ្លី​ពណ៌​ទឹកប៊ិច លោកតា ឆែម ថ្លែង​ថា​វ័យ​កាន់តែច្រើន លោក​មាន​ការនឿយហត់ នឹងរ​បរជា​អ្នកធាក់ស៊ីក្លូ ក៏ប៉ុន្តែ​ដោយ​ការខ្វះខាត លោក​នឹង​នៅតែ​បន្ត​អាជីព​នេះ​ដរាប ដល់​លែង​មាន​កម្លាំង ទើប​លោក​ឈប់​ពី​ការងារ​នេះ​...

​សំឡេងលោក ប្រាក់ ឆែម​៖

​បើ​តាម​លោក អ៊ឹម សម្បត្តិ ប្រធាន​សមាគមន៍​អភិរក្ស​ស៊ីក្លូ ឲ្យដឹងថា ស៊ីក្លូ​នៅក្នុង​រាជធានី​ភ្នំពេញ នៅសល់​ប្រមាណ​ជាង​៤០០​គ្រឿង លោក​ថា​ចំនួន​ស៊ីក្លូ​មាន​ការថយចុះ​ជា​រឿង​រាល់​ឆ្នាំ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការថយចុះ​តិចតួច​។ ប្រធាន​សមាគមន៍​រូប​នេះ​បន្ថែមទៀតថា អ្នកធាក់ស៊ីក្លូ​មាន​វ័យ​ចាប់ពី​៧០​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន​ប្រមាណ​២០​នាក់​...

​សំឡេងលោក អ៊ឹម សម្បត្តិ៖

អ្នកធាក់ស៊ីក្លូ​វ័យ​ជរា លោកតា ម៉ែន ផែន និង​លោកតា ប្រាក់ ឆែម បានលើកឡើង ប្រហាក់ប្រហែល​គ្នា​ថា វ័យ​កាន់តែ​ច្រើន​លោក​ក៏​ចង់​សម្រាក​ពី​ការងារ​នេះដែរ ក៏​ប៉ុន្តែ​លោក​ថា មានតែ​របរ​ធាក់​ស៊ីក្លូ​នេះហើយ ដែល​ផ្ដល់​ចំណូល​សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ និង​មាន​ប្រាក់កាស​ខ្លះ​សម្រាប់​ធ្វើ​បុណ្យទាន​៕

 

 


ព័ត៌មានផ្សេងទៀត