តើ​គ​.​ជ​.​ប​នឹង​ដំណើរការ​ដោយ​សេរី​និង​យុត្តិធម៌​ទេ​ក្រោយ​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​?

ដោយ៖ គង់ ឧត្តម 18-11-2017 5:48 pm 4713
សមាជិកគ.ជ.ប ទាំងប្រាំបួនរូប ។ រូបថតពី thmey thmey ។

​ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​គូ​ប្រកួតប្រជែង​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា យើង​ពុំ​ទាន់​ដឹងថា តើ​គ​.​ជ​.​ប នឹង​ដំណើរការ​ការ​បោះឆ្នោត​ទៅ​ដោយ​ឯករាជ្យ អព្យាក្រឹត្យ សេរី ឬ​យុត្តិធម៌​កម្រិត​ណា​នោះ​ទេ ។ វិទ្យុ​វាយោ​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ទេ​នៅ​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ដោយសារ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​លើក​ទទួល ។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព​នៃ​គ​.​ជ​.​ប ទេ បើទោះបីជា គ​.​ជ​.​ប​កើតចេញ​ពី​សមាជិក​គណ​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ក៏​ដោយ​…
​សំឡេង​លោក សុខ ឥសាន​៖

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ​បញ្ជាក់ថា ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ លោក​សង្កេតឃើញថា សហគមន៍​អឺរ៉ុប នៅ​ខាង​លោក​សេរី​មួយចំនួន​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង រហូត​មាន​អ្នកខ្លះ​ដក​ជំនួយ​ពី​គ​.​ជ​.​ប​ទៅទៀត តែ​លោក​ចាត់​ទុក​រឿងនេះ​ជា​រឿង​មិន​ចម្លែក​សោះ ព្រោះ​លោក​អះអាងថា ប្រទេស​ទាំងអស់​នោះ ជា​អ្នក​បង្កើត​ឱ្យ​មាន​បដិវត្ត​ពណ៌ និង​គាំទ្រ​ដល់​មេបក្ស​សង្គ្រោះ​ជាតិ​…
សំឡេង​លោក សុខ ឥសាន ៖

​យ៉ាងណាក៏ដោយ លោក​សុខ ឥសាន បញ្ជាក់ថា រាល់​ប្រតិកម្ម​ទាំងអស់នោះ គឺ​វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​ប្រទេស​នី​មួយៗ​ប៉ុណ្ណោះ ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូប​នេះ​អះអាង​ថា រាល់​ការទាមទារ​ទាំងឡាយ​ណា​ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បោះបង់ចោល​នូវ​ការចាត់វិធានការ​ផ្លូវ​ច្បាប់​លើ​មេ​បក្ស​ប្រឆាំង និង​គណបក្ស​ប្រឆាំង​ទាំងមូល​គឺ​ពិតជា​មិន​អាច​ទទួល​បាន​ឡើយ​…
​សំឡេង​លោក សុខ ឥសាន ៖

​យ៉ាងណាម៉ិញ លោក យឿ​ង សុធា​រ៉ា មន្ត្រី​ផ្នែក​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ។ លោក​ថា ដំណើរការ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ដើរ​ថយក្រោយ​មួយ​ជំហាន​យ៉ាង​វែង ដែល​ហាក់បីដូចជា​បាត់បង់​ទាំង​ស្រុង​នូវ​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ប្រជាជន​កម្ពុជា​ទាំងមូល និង​ការគាំទ្រ​របស់​សហគម​ន៍​អន្តរជាតិ​ជាដើម ។​

​លោក​យឿ​ង សុធា​រ៉ា អះអាងថា បើសិន​ជា​ស្ថានភាព​នយោបាយ​មិន​អាច​វិល​ត្រឡប់​ថយក្រោយ​ទេ នោះ​អាច​នឹង​ធ្វើឱ្យ​ស្ថានភាព​កម្ពុជា​កាន់តែ​យ៉ាប់យ៉ឺន​ជាង​មុន តាមរយៈ​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ណាមួយ​មក​លើ​កម្ពុជា​ពី​សំណាក់​ប្រទេស​ម្ចាស់ជំនួយ និង​សហគមន៍​អឺរ៉ុប ហើយ​ប្រទេស​មហាអំណាច​ទាំងអស់នោះ ក៏​នឹង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៨​ដែរ …
​សំឡេង​លោក យឿ​ង សុធា​រ៉ា ៖

​មន្ត្រី​ផ្នែក​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​រូបនេះ អះអាងថា ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃ បាន​ទាញ​ទម្លាក់​នូវ​តម្លៃ​នៃ​ការបោះឆ្នោត ដែល​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​សេរី និង​យុត្តិធម៌ ហើយ​បរិយាកាស​នៃ​ការបោះឆ្នោត ហាក់ដូចជា​មិន​អំណោយផល​ទាល់តែសោះ នៅក្នុង​សង្គម​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ។​

​ចំណែកឯ​លោក រ៉ុង ឈុន សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ត្រូវបាន​ជ្រើស​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​នៅ​ថ្ងៃនេះ​ទេ ដោយ​លោក​អះអាងថា រង់ចាំ​នៅ​សប្តាហ៍​ក្រោយ លោក​នឹង​ចេញ​លិខិត​ជា​ផ្លូវការ​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ការចូលរួម​របស់​លោក ។​

​គូសបញ្ជាក់ថា ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅនេះ អាមេរិក​បាន​បញ្ជាក់​ជំហរ​អំពី​ការ​ផ្តាច់ជំនួយ​គាំទ្រ​ដល់ គ​.​ជ​.​ប និង​ថា ការបោះឆ្នោត​នៅ​កម្ពុជា​នឹង​មិន​មាន​ភាពយុត្តិធម៌ ស្រប​ច្បាប់​ឡើយ ។ លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​អះអាង​ប្រាប់​វិទ្យុ​វាយោ​កាល​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​ថា គ​.​ជ​.​ប មាន​លទ្ធភាព​គ្រប់គ្រាន់ ទាំង​ថវិកា និង​បច្ចេកទេស ដើម្បី​បម្រើ​ឱ្យ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ខាងមុខ អាច​ដំណើរការ​បាន​ទៅតាម​បែប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

​គូស​រំឭកថា កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។ មកទល់​នឹង​ពេលនេះ យើង​ពុំ​ទាន់​បាន​ដឹង​ឡើយ​ថា តើ​មាន​គណបក្សនយោបាយ​ចំនួន​ប៉ុន្មាន ដែល​នឹង​ចុះឈ្មោះ​ចូល​រួម​ប្រកួតប្រជែង ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​នៅឡើយ​ទេ ស្រប​ពេល​បច្ចុប្បន្ន ក្រសួងមហាផ្ទៃ​បានសម្រេច​លុបចោល​គណ​បក្ស​មួយចំនួន​ចេញពី​បញ្ជី និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត