និស្សិត​ពេទ្យ​មួយរូប​បោះបង់​ជំនាញ​ខ្លួន​មក​ចាប់យក​ការអភិវឌ្ឍ​និង​អភិរក្ស​គ្រឿង​អាវុធ​បុរាណ​ខ្មែរ​

18-11-2017 12:53 pm 7837
លោកទួន សុជាតិ និងកាំបិតដែលជាស្នាដៃសិប្បកម្មរបស់លោក ។ រូបថតដោយ គង់ ឧត្តម ។

​ព្រោះ​តែ​ក្តីស្រឡាញ់​វិស័យ​សិល្បៈ​ក្បាច់ចម្លាក់​ខ្មែរ គោលជំហរ​ចង់​អភិរក្ស​វប្បធម៌ និង​ផ្សព្វផ្សាយ​វប្បធម៌​ដ៏​ចំណាស់​របស់​ជាតិខ្មែរ ធ្វើឱ្យ​យុវជន​ម្នាក់​បោះបង់​ជំនាញ​ខាង​មន្ទីរពិសោធន៍ មក​ធ្វើជា​អ្នក​ជំនួញ​ផ្នែក​គ្រឿង​សង្ហារឹម និង​បាន​ប្រស់​គ្រឿង​អាវុធ​សម័យបុរាណ​ឱ្យ​រស់​ឡើង​វិញ ។ លោក​ទួន សុជាតិ សំណូមពរ​ឱ្យ​ខ្មែរ​ទាំងអស់​ជួយ​គាំទ្រ និង​លើកតម្កើង​វប្បធម៌​ខ្មែរ​ឡើងវិញ ដើម្បី​ទប់ស្កាត់​កុំឱ្យ​បាត់បង់​នៅ​ថ្ងៃ​អនាគត ។ រាយការណ៍​ដោយ គង់ ឧត្តម ។​

ស្តាប់បទយកការណ៍ជាសំឡេង ៖

​ក្នុង​ទឹកមុខ​ញញឹម និយាយ​ម៉ាត់ៗ ដោយ​ជំហរ​រឹងមាំ លោក​ទួន សុជាតិ បាន​ប្រាប់​ខ្ញុំ​ថា លោក​បាន​ចំណាយពេល​ប្រឡូក​ចូល​ក្នុង​វិស័យ​ជំនួញ​គ្រឿង​សង្ហា​រឹម​នេះ រយៈពេល​ប្រហែល​ជិត​៣​ឆ្នាំ មកហើយ តាំង​ពី​លោក​បញ្ចប់​ថ្នាក់​ប​រិញ្ញ​ប​ត្រ​រង​ផ្នែក​ជំនាញ​ពេទ្យ​មក ក៏​ប៉ុន្តែ​ចំពោះ​គ្រឿង​អាវុធ​ដែល​លោក​បាន​ផលិត​ចេញ​នា​ពេល​ចុង​ក្រោយ​នេះ ទើបតែ​ចាប់ផ្តើម​ធ្វើ​ជា​អាជីព​រយៈពេល​៤​ទៅ​៥​ខែ​ប៉ុណ្ណោះ ពោល​គឺ​ចាប់ផ្តើម​នៅក្នុង​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៧ រហូតមក​ទល់​សព្វថ្ងៃ ។​

​សុជាតិ​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា គ្រប់គ្រឿង​អាវុធ​ដែល​លោក​បាន​ដាក់​ឱ្យ​អតិថិជន​សម្រាប់​ជាវ ទាល់តែ​លោក​ទុកចិត្ត និង​ស្គាល់​ច្បាស់ ទើប​លោក​ព្រម​លក់​ឱ្យ ។ សុជាតិ​បាន​បង្ហើប​ប្រាប់​ខ្ញុំ​ថា កន្លង​មក​តាំងពី​ល្បី​ថា​លោក​មាន​ផលិត​គ្រឿង​អាវុធ​បុរាណ​ខ្មែរ​ទាំង​នេះ ក៏​ធ្លាប់​មាន​ក្រុមក្មេងស្ទាវ​មក​សួរ​ទិញ​កាំបិត​ដែរ ។ ពួក​គេ​ហ៊ាន​ឱ្យ​តម្លៃ​រហូត​ដល់​ទៅ​៣០០​ដុល្លារ ខណៈ​កាំបិត​នោះ មាន​តម្លៃ​ត្រឹមតែ ១៨០ ទៅ​២០០​ដុល្លារ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​លោក​មិន​លក់​ឱ្យ ព្រោះ​អ្វីដែល​សំខាន់ គឺ​ខ្លាច​មាន​បញ្ហា ត្រង់​ថា​អ្នក​ដែល​ទិញ​ទៅ​ប្រើប្រាស់​ប្រើ​ក្នុង​ផ្លូវខុស ។​

​តាមពិតទៅ តារា​សម្តែង​ផ្នែក​ក្បាច់គុណ​ម្នាក់នេះ ក៏​មាន​និស្ស័យ ធ្លាប់​ហាត់គុណ​ខ្មែរ និង​និយម​លេង​គុណ​ដាវ​តាំងពី​អាយុ​៧​ឆ្នាំ​មក​ម្ល៉េះ​នៅ​ស្រុកកំណើត រហូត​ចំណូលចិត្ត​ពី​កំណើត​នេះ បាន​រុញច្រាន​លោក​ឱ្យ​សម្រេច​ផលិត​នូវ​គ្រឿង​អាវុធ​ពី​ជំនាន់​បុរាណ​ឡើងវិញ​ទល់​សព្វថ្ងៃ​…
សំឡេង​លោក ទួន សុជាតិ ៖

​យុវជន​ដែល​មាន​រាងកាយ​ដ៏​រឹងមាំ​ម្នាក់នេះ​បាន​រៀបរាប់​ពី​មូលហេតុ​ដែល​ធ្វើឱ្យ​លោក​បោះបង់​ជំនាញ​ពេទ្យ មក​ចាប់​ខាង​សិល្បៈ​ចម្លាក់ ពិសេស​ការផលិត​គ្រឿង​អាវុធ​បុរាណ​ខ្មែរ​ថា ដោយសារ​ទីផ្សារ​ការងារ​នៃ​ជំនាញ​មន្ទីរពិសោធន៍​ចង្អៀត ដូច្នេះហើយ សុជាតិ​ក៏បាន​ចាប់​យក​នូវ​អ្វី​ជា​ជំនាញ​របស់​លោក​ពី​កំណើត​វិញ ។​

​យុវជន​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​អះអាង​ថា ការផលិត​ឡើងវិញ​នូវ​អាវុធ​ជំនាន់​បុរាណ​នេះ គឺ​បាន​ផ្តល់​ផលចំណេញ​ទាំង​ខ្លួន​លោក​ជា​អ្នក​ផលិត ពិសេស​ធំ​បំផុត​នោះ​គឺ​ផលចំណេញ​ដល់​ប្រទេស​ជាតិ​តែម្តង ។ លោក​ថា បើ​លោក​មិន​ផលិត​វា​ឡើង​ទេ នោះ​សម្ភារៈ​ទាំងនោះ​នឹង​អាច​ធ្វើឱ្យ​គេ​យល់ច្រឡំ​ថា​ជា​របស់​បរទេស ហើយ​វា​អាច​នឹង​ក្លាយជា​របស់​សាសន៍​ដទៃ​នៅ​ថ្ងៃ​អនាគត​ជាមិនខាន​...
​សំឡេង​លោក ទួន សុជាតិ ៖

​យុវជន​ដែល​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូបនេះ បញ្ជាក់​ប្រាប់​ខ្ញុំ​ថា គ្រឿង​អាវុធ​ដែល​លោក​ផលិត​កន្លងមក អ្នក​មក​រក​ជាវ​ភាគច្រើន ច្រើនតែ​ជា​អ្នក​មាន​ជំនឿ​ខាង​ផ្នែក​មន្តអាគម ក្នុង​លទ្ធិព្រាហ្មណ៍​សាសនា គ្រូ​សាក់​យ័ន្ត អ្នក​មាន​គ្រូ​កាន់​ដែល​គេ​ជាវ​ទៅ​ដើម្បី​ដាក់ថ្វាយ​នៅតាម​អាសនៈ​តាម​ប្រភេទ​គ្រូ​រៀងៗ​ខ្លួន និង​ក្រុម​កងរាជអាវុធហត្ថ​ជាដើម ។​

​និយាយ​បណ្តើរ លើក​ឯកសារ​ស្រាវជ្រាវ​ដោយ​មាន​គំនូរ​រូបភាព​ប្រភេទ​ដាវ និង​កាំបិត​មក​បង្ហាញ​ខ្ញុំ​បណ្តើរ អ្នក​បង្ហាត់​ក្បាច់គុណ​ល្បុក្កតោ​រូបនេះ បាន​ប្រាប់​ខ្ញុំ​បន្តថា លោក​បាន​ផលិត​សម្ភារៈ​គ្រឿង​អាវុធ​បុរាណ​ជា​ប្រភេទ​ដាវ ព្រះ​ខ​ន្ត និង​កាំបិត ដែល​ផលិត​ចេញ​តាម​ឯកសារ​ស្រាវជ្រាវ​របស់​ខ្មែរ​ច្រើន​បែប​ច្រើន​សណ្ឋាន​…
សំឡេង​លោក ទួន សុជាតិ ៖

​សុជាតិ បាន​និយាយ​រៀបរាប់​ប្រាប់​ខ្ញុំ​ថា ដាវ​គឺជា​វត្ថុ​ដែល​គេ​និយម​ជាវ​ច្រើនជាងគេ និង​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ តាំង​ពី​លោក​ចាប់ផ្តើម​អាជីវកម្ម​នេះ​មក ។ លោក​បញ្ជាក់ថា ដាវ​មួយ ត្រូវ​ចំណាយ​យ៉ាងយូរបំផុត​កន្លះ​ខែ​ទើប​អាច​ផលិត​ចេញ​ជា​រូបរាង​បាន វា​មាន​ភាពស្មុគស្មាញ និង​ត្រូវ​ប្រើ​រយៈពេល​យូរ​ជាង​គ្រឿង​សង្ហា​រឹម​ទូទៅ ដែល​ទាមទារ​ឱ្យ​លោក​ទៅ​ពិនិត្យ​មើល​ជាង​ធ្វើ​ដោយ​លម្អិត មិន​ឱ្យ​ខុស​ក្បួនខ្នាត​ដើម​សូម្បី​មួយ​មី​លី​ម៉ែត្រ​…
​សំឡេង​លោក ទួន សុជាតិ ៖

​យ៉ាងណាម៉ិញ បើ​និយាយ​អំពី​ក្បាច់​ដែល​លោក​បាន​ប្រើប្រាស់​សម្រាប់​ឆ្លាក់​លើ​អាវុធ​ទាំងនោះ គឺ​មាន​ក្បាច់ ត្រ​បក ឈូក និង​ក្បាច់​ផ្កា​ចន្ទ ដែល​ជា​ក្បាច់​កើតឡើង​នៅក្នុង​សម័យ​អង្គរ ។ លោក​អះអាង​ថា ក្បាច់​ទាំងពីរ​នេះ វា​សាក​សម ណាមួយ គឺ​អាស្រ័យ​ដោយសារតែ​លោក​ធ្លាប់​បាន​ឃើញ​ចាស់ៗ​ពី​ដើម​យក​ក្បាច់​នេះ​មកប្រើប្រាស់​ដែរ ។ បើ​យើង ចង់​លេង​ក្បាច់​ផ្សេង​គឺ​បាន​ដូចគ្នា គ្រាន់តែ​ជាងចម្លាក់​ពិបាក​ឆ្លាក់​បន្តិច ។ 

​សុជាតិ​អះអាង​ប្រាប់​ខ្ញុំ​ថា បច្ចេកទេស​ផលិត​គ្រឿង​អាវុធ​បុរាណ​ទាំងនេះ គឺ​លោក​បាន​រៀន​ពី​គ្រូ​ដើម និង​ព្រះគ្រូ​បាន​បង្ហើប​ប្រាប់​លោក​ខ្លះៗ​ដើម្បី​ថែរក្សា​ទុក នៅ​ខេត្ត​បន្ទាយមានជ័យ ដែលជា​ស្រុកកំណើត​របស់​លោក ។ ក្នុង​រយៈពេល​៤​ទៅ​៥​ខែ​ដែល​លោក​បាន​ប្រឡូក ចាប់ផ្តើម​ពេញដៃ​នៃ​អាជីវកម្ម អភិរក្ស និង​អភិវឌ្ឍ​អាវុធ​បុរាណ​ខ្មែរ​នេះ លោក​បាន​លក់​ចេញ​បាន​ច្រើន ជា​ដាវ​បាន​ប្រមាណ ជាង​៦០​ទៅ​៧០​ដើម កាំបិត​២​ទៅ​៣​ដើម និង​ព្រះ​ខ​ន្ត​ក៏​បាន​ច្រើន​ដូច​គ្នា ។ 

​សព្វថ្ងៃ​កត្តា​ប្រឈម​ធំ​តែមួយគត់ ដែល​អាក់ខាន​លោក​មិន​ឱ្យ​ធ្វើ​បាន គឺ​ទុន​អាជីវកម្ម ។ ជួន​កាល​លោក​ខ្ចី​លុយ​ពី​គ្រួសារ ជួនកាល​ក៏​ខ្ចី​លុយ​ពី​ធនាគារ​ក៏មាន ។ ក៏ប៉ុន្តែ អ្វី​ជា​កត់សម្គាល់ អាជីវកម្ម​នេះ​គ្រួសារ​របស់​លោក​មិន​បាន​គាំទ្រ​ឱ្យធ្វើ​នោះ​ទេ ក៏​ព្រោះ​ពួក​គាត់​គិតថា វា​ជា​ការងារ​ដ៏​គ្រោះថ្នាក់ ។ ត្រង់​ចំណុច​នេះ លោក​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា ដោយសារតែ​លោក​សម្អាងថា លោក​បាន​ធ្វើ​ត្រូវ​តាម​ក្បួន តាម​ខ្នាត និង​ច្បាប់​ត្រឹមត្រូវ​…
សំឡេង​លោក ទួន សុជាតិ ៖

​អាជីវករ​គ្រឿង​សង្ហា​រឹម​រូបនេះ បាន​ប្រាប់​ខ្ញុំ​ថា ជាទូទៅ ស្តង់ដារ​តម្លៃ​កាំបិត​ដែល​លោក​ផលិត គឺ​ចាប់ពី​១៨០​ដុល្លារ​ឡើង​ទៅ ចំពោះ​ដាវ គឺ​មាន​តម្លៃ​ចាប់ពី​២២០​ដុល្លារ​ឡើង​ទៅ រីឯ​ព្រះ​ខ​ន្ត គឺ​មាន​តម្លៃ​ចាប់ពី​៣០០​ដុល្លារ​ឡើង​ទៅ ។ លោក​ធានា​អះអាងថា តម្លៃ​ដែល​លោក​ដាក់​លក់​នោះ គឺ​ថោក​ជាង​ទីផ្សារ​បរទេស ។ ហើយ​បើ​និយាយ​ពី​គុណភាព​វិញ គឺ​ល្អ ល្អ​ត្រង់​ថា គ្រឿង​អាវុធ​ទាំងអស់​ដែល​ផលិត​ចេញពី​សិប្បកម្ម​របស់លោក គឺ​អាច​រក្សាទុក​សម្រាប់​ដាក់​តាំង​ក៏​បាន ឬ​ប្រើប្រាស់​ជាមួយ​ជីវភាព​ប្រចាំថ្ងៃ​ក៏​បាន ។ សព្វថ្ងៃ អាជីវកម្ម​គ្រឿង​អាវុធ​សម័យបុរាណ​របស់លោក កំពុងដំណើរការ​នៅក្នុង​ហាង យន់ គឹម​ហេង លក់​គ្រឿង​សង្ហា​រឹម ស្ថិត​នៅលើ​ផ្លូវ​លេខ​៩៩ ឬ​ផ្លូវ​បុប្ផា​ជាយដែន សង្កាត់​បឹងត្របែក ។​

​ជា​ទស្សនវិស័យ​ទៅ​ថ្ងៃមុខ លោក ទួន សុជាតិ បាន​ប្រាប់​ខ្ញុំ​ថា នៅពេល​លោក​មាន​សមាជិក​ដៃគូ និង​មាន​ទុន​ច្រើន នោះ​លោក​នឹង​បង្កើត​ជា​សមាគម​មួយ​សម្រាប់​អភិរក្ស និង​អភិវឌ្ឍ​គ្រឿង​អាវុធ​បុរាណ​ខ្មែរ​ឱ្យ​កាន់តែ​ល្បី​សុសសាយ ។ អ្នក​អភិរក្ស​អាវុធ​បុរាណ​ខ្មែរ​រូប​នេះ សំណូមពរ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួយ​គាំទ្រ និង​លើកតម្កើង​វប្បធម៌​ខ្មែរ​ឱ្យ​រស់​ឡើង​វិញ ។ លោក​បញ្ជាក់ថា ខ្មែរ​នឹង​បាត់បង់ បើ​យើង​មិន​នាំគ្នា​ថែរក្សា និង​លើកតម្កើង​ទេ​…
សំឡេង​លោក ទួន សុជាតិ ៖

ប្រភេទដាវ និងកាំបិត ដែលផលិតដោយសិប្បកម្មលោក ទួន សុជាតិ ។ (រូបថតពី លោក ទួន សុជាតិ)

 

អ្នកលេងគុណដាវលោក ទួន សុជាតិ និងកាំបិតជាស្នាដៃសិប្បកម្មរបស់លោក ។ (រូបថតពី លោក ទួន សុជាតិ)

ព័ត៌មានផ្សេងទៀត