ព្រឹត្តិការណ៍​អ្វីខ្លះ​កើតឡើង ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​?

ដោយ៖ សៅ វិសាល 17-11-2017 5:54 pm 2453

​ក្រោយពី​បាន​ចាប់កំណើត​រយៈពេល​ជាង​៥​ឆ្នាំ និង​បាន​ចូលរួម​ការបោះឆ្នោត ចំនួន​២​លើក ដោយ​ទទួលបាន​អាសនៈ​នៅ​រដ្ឋសភា​ចំនួន​៥៥ អាសនៈ រួម​នឹង​សមាជិ​ក្រុមប្រឹក្សាឃុំ សង្កាត់ ជា​ច្រើន​ពាន់​នាក់ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ នៅ​កម្ពុជា ត្រូវ​បាន​រលាយ​បាត់​សូន្យ​ទៅវិញ បន្ទាប់ពី​ត្រូវ​បាន​តុលាការ​កំពូល បាន​សម្រេច​ប្រកាស​សាលដីកា​រំលាយ កាលពី​ល្ងាច​ថ្ងៃទី​១៦ វិច្ឆិកា​។ តើ​មាន​ព្រឹត្តិការណ៍​អ្វីខ្លះ​កើតឡើង ក្រោយ​ការរំលាយ​គណបក្សប្រឆាំង ដ៏​ធំ​នៅ​កម្ពុជា​មួយ​នេះ​?

បន្ទាប់​ពី​តុលាការ​កំពូល បានប្រកាស​សាលដីកា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៦ វិច្ឆិកា ប្រតិកម្ម​ជុំវិញ​ការរំលាយ​នេះ បាន​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់​។ គណបក្ស​សង្គ្រោះ​ជាតិ សហគមន៍​អន្តរជាតិ និង​គណបក្ស​នយោបាយ​មួយចំនួន បានចេញ​សេចក្តីថ្លែងការណ៍ សម្តែង​ការសោកស្តាយ ដោយ​បញ្ជាក់​ថា ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស នៅ​កម្ពុជា​។

​ប៉ុន្តែ​ផ្ទុយ​ពី​ការយល់ឃើញ​ខាងលើនេះ គណបក្សនយោបាយ និង​ក្រសួង ស្ថាប័ន​ជាច្រើន បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ចំណាត់ការ​របស់​តុលាការ​កំពូល ដែល​បានសម្រេច​រំលាយ​គណបក្ស ដែល​បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ថែរក្សា​សន្តិភាព និង​ស្ថេរភាព​នយោបាយ ពី​ការ​ជ្រែ​ត​ជ្រែក​ពី​បរទេស​ទាំងនោះ​។​

​ភ្លាមៗ​ក្រោយ​ការប្រកាស​សាលដីកា​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​បញ្ជាក់​ថា ការសម្រេច​របស់​តុលាការ​កំពូល មាន​ចរិត​នយោបាយ ធ្វើឡើង​ក្រោម​ការគាបសង្កត់ និង​តាម​បំណង​របស់​គណបក្ស​កាន់អំណាច ដែល​មាន​ចេតនា​លុបបំបាត់​គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​ទីលាន​នយោបាយ និង​ការប្រកួតប្រជែង​តាម​ការបោះឆ្នោត នៅ​ប្រទេស​កម្ពុជា​។​

​អតីត​គណបក្ស​ប្រឆាំង​មួយ​នេះ ក៏​បាន​ប្រកាស​មិន​ទទួលស្គាល់​សេចក្តីសម្រេច របស់​តុលាការ​កំពូល​ជាដាច់ខាត និង​ចាត់​ទុក​ខ្លួន​ជា​គណបក្ស​ស្របច្បាប់ ដែល​ទទួលបាន​អាណត្តិ​តាម​ឆន្ទៈ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ពាក់កណ្តាល​ប្រទេស​។​

​ដោយឡែក​ប្រតិកម្ម​ពី​សហគមន៍​អឺរ៉ុប តំណាងឲ្យ​២៧​ប្រទេស បានប្រកាសថា នឹង​មិន​បន្ត​ផ្តល់​ទីផ្សារ ឲ្យ​ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា​បាន​ទេ ប្រសិនបើ​មិន​អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ ដំណើរការ​ឡើងវិញ ដើម្បី​ចូលរួម​ការបោះឆ្នោត ដោយ​ស្របច្បាប់​នៅ​ឆ្នាំ​២០១៨​ទេនោះ​។ នេះ​ជា​ការបញ្ជាក់​ពី​លោក​សម រង្ស៊ី នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា​នេះ​។​

​រីឯ​អ្នកនាំពាក្យ​សេត​វិមាន​សហរដ្ឋអាមេរិក ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍ ដោយ​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ជំហាន​ដំបូង​អាមេរិក នឹង​ផ្តាច់ជំនួយ​ទាំងអស់ សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​មិន​ទទួលស្គាល់ ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ ប្រសិនបើ​គ្មាន​វត្ត​មាន​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។

​សេចក្តីថ្លែងការណ៍​បន្ត​ថា អាមេរិក​នឹង​ចាត់​វិធានការ​ជាក់ស្តែង ជា​បន្តបន្ទាប់​ទៀត ចំពោះ​កម្ពុជា ខណៈ​ដែល​ក្រសួងការបរទេស​អូស្ត្រាលី និង​ចក្រភព​អង់គ្លេស ក៏​បាន​សម្តែង​ការ​មិន​ពេញចិត្ត ចំពោះ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការព្យួរ​សិទ្ធិ​នយោបាយ​រយៈពេល​៥​ឆ្នាំ របស់​ថ្នាក់ដឹកនាំ​ទាំង​១១៨​រូប​។

​ជុំវិញ​បញ្ហា​នេះ​ផង​ដែរ គណបក្សនយោបាយ​ចំនួន​២ រួម​មាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​អំណាច​ខ្មែរ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍ សោកស្តាយ ចំពោះ​ការរំលាយ​

គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។ គណបក្ស​ទាំង​២​ថា ការរំលាយ​នេះ ពិតជា​ប៉ះពាល់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​បាន​អំពាវនាវ​លើកទឹកចិត្ត ឲ្យ​សមាជិក និង​អ្នកនយោបាយ គណបក្ស​សង្គ្រោះ​ជាតិ ជំនាន់​ថ្មី ត្រូវ​កសាង​កម្លាំង​នយោបាយ​ឡើងវិញ ដើម្បី​ចូលរួម​កសាង​សង្គម ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​។​

​យ៉ាងណាក៏ដោយ ផ្ទុយ​ពី​ការយល់ឃើញ​ខាងលើនេះ រដ្ឋសភាជាតិ ក្រសួង ស្ថាប័ន និង​អង្គភាព​នានា យ៉ាងច្រើន​លើសលុប សុទ្ធតែ​បាន​សេចក្តីថ្លែងការណ៍ គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ចំណាត់ការ​របស់​តុលាការ​កំពូល ដែល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ក្បត់ជាតិ ឃុបឃិត​ជាមួយ​បរទេស​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​រដ្ឋសភា ចុះ​ថ្ងៃ​ទី​១៧ វិច្ឆិកា​នេះ បានបញ្ជាក់​ថា សាលដីកា​តុលាការ​កំពូល​នេះ នឹង​ពង្រឹង​ការគោរព និង​ការអនុវត្ត​រដ្ឋធម្មនុញ្ញ ច្បាប់​ជា​ធរមាន ស្រប​តាម​គោលការណ៍​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដើម្បី​រក្សា​ស្ថេរភាព នយោបាយ ឯករាជ្យ អធិបតេយ្យ និង​ការពារ​សន្តិភាព ការអភិវឌ្ឍន៍ ព្រមទាំង​ប្រឆាំងនឹង​ការជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង ពី​មជ្ឈដ្ឋាន​អ​មិត្ត​។​

​ដោយឡែក ក្រសួង ស្ថាប័ន និង​អង្គភាព​នានា ដែល​គាំទ្រ ចំពោះ​សាលដីកា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ របស់​តុលាការ​កំពូល បានបញ្ជាក់​ថា ជា​រឿង​ស័ក្តិសម​បំផុត ចំពោះ​ការប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ របស់​គណបក្ស​ប្រឆាំង​មួយ​នេះ ហើយ​មិន​អាច​អត់ឱន​ឲ្យបាន​នោះឡើយ​។​

​ទន្ទឹមនឹងនេះ ក្រសួង ស្ថាប័ន និង​អង្គភាព​ទាំងនោះ ក៏​បាន​សម្តែង​ការគាំទ្រ ចំពោះ​វិធានការ​បន្ត ដែល​បាន​ដាក់ចេញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការបន្ត​ទប់ស្កាត់​ឧបាយកល បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ក៏ដូចជា​ការប្តេជ្ញា ថែរក្សា​ការពារ​សន្តិសុខ សន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា ប្រឆាំង​ទប់ស្កាត់​បក្សនយោបាយ និង​ក្រុម​អ្នកនយោបាយ ដែល​ឃុបឃិត និង​បម្រើ​ផលប្រយោជន៍​បរទេស​។​

​ទាក់ទិន នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​ធ្វើ​សេចក្តីថ្លែងការណ៍ ដោយ​ផ្ទាល់មាត់ នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទទ​ក​) ដោយ​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍ថា រដ្ឋាភិបាល​មិន​បាន​ព្យាបាទ​អ្នកណា​ឡើយ​។ ហើយ​ការឈាន​ដល់​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដោយសារតែ​មេដឹកនាំ គណបក្ស​មួយ​នេះ ប្រព្រឹត្ត​ទោសកំហុស​ដោយ​ខ្លួនឯង​។ ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​បន្ត​បើកផ្លូវ ផ្តល់ឱកាស ដល់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ សម្រាប់​ការចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រយៈពេល​១​សប្តាហ៍​ទៀត​។​

សំឡេង​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ការ​ស្ងប់ស្ងាត់ និង​រក្សា​សណ្តាប់ធ្នាប់​សង្គម សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​មិន​បាន​បិទ​សិទ្ធិ​នយោបាយ អាច​បន្ត​ធ្វើ​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណបក្ស​ដទៃ ឬ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​។ ទាំងនេះ​សបញ្ជាក់​ឲ្យឃើញ​ថា ជា​លំហរ​នៃ​សិទ្ធិ​សេរីភាព សិទ្ធិ​បញ្ចេញមតិ និង​ជា​លំហរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​មិន​មាន​ការ​រឹតបន្តឹង​នោះទេ​។ នេះ​ជា​ការអះអាង​បន្ថែម​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៕ ដោយៈ​សៅ វិសាល​

 

 

 


ព័ត៌មានផ្សេងទៀត