ការសម្រេច​មិនតទល់​លើផ្លូវច្បាប់​នាំឲ្យដំណើរ​ការ​រំលាយសង្រ្គោះជាតិ​កាន់តែ​ឆាប់ ​

17-11-2017 9:22 am 1259
តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទំាង៥៥រូប។

គណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវបានតុលាការកំពូលកម្ពុជាសម្រេចរំលាយតាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ការរំលាយដោយតុលាការ ចាត់ទុកគណបក្សប្រឆាំងមួយនេះ កំពុងអនុវត្តផែនការ ដោយឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ក្រោមទម្រង់នៃបដិវត្តន៍ពណ៌។ក្នុងបណ្តឹងនៅតុលាការកំពូល គណបក្សសង្រ្គោះជាតិ មិនបានដាក់មេធាវីដើម្បីការពារបក្សទេ ដោយថាជាសំណុំរឿងនយោបាយ។ប៉ុន្តែមតិខ្លះយល់ថា ការមិនដាក់មេធាវីនេះ អាចជាហេតុនាំឲ្យតុលាការខ្មែរ សម្រេចរំលាយបក្សកាន់តែឆាប់រហ័ស។

នៅទីបំផុតទៅវាសនាគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល។រំលាយដោយសំអាង ទៅលើបណ្តឹងរបស់ក្រុមមេធាវីនៃក្រសួងមហាផ្ទៃ ដែលចោទថា គណបក្សសង្រ្គោះជាតិ ឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តន៍ពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួន នៅមជ្ឈិមបូព៌ា។

ក្រៅពីរំលាយគណបក្សចោល មេដឹកនាំគណបក្សសង្រ្គោះជាតិ និងមន្រ្តីជាន់ខ្ពស់ទាំង១១៨រូប ក៏ត្រូវបានតុលាការកំពូលផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ រួមមាន លោក កឹម សុខា ប្រធានគណបក្ស លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានបក្ស។ក្នុងនោះក៏មានដែរ លោក អ៊ូ ច័ន្ទឬទ្ធិ លោក យឹម សុវណ្ណ លោក យ៉ែម បុញ្ញឬទ្ធិ លោក សុន ឆ័យ រួមទាំងលោក ម៉ៅ មុនីវណ្ណ និងកញ្ញា កឹម មនោវិទ្យា ជាដើម។ប៉ុន្តែមិនមានឈ្មោះលោក សម រង្ស៊ី នោះទេ។

ជាការពិត ការរំលាយគណបក្សសង្រ្គោះជាតិនេះ ធ្វើឲ្យសកម្មជនរបស់គណបក្សមួយចំនួនសម្តែងក្តី អាឡោះអាល័យ និងខ្លះទៀតយំសោកស្តាយ។រីឯប្រតិកម្មក៏បានធ្លាក់មកជាបន្តបន្ទាប់ពីសំណាក់ជាតិ និងអន្តរជាតិដោយចាត់ទុកថា ស្ថានភាពសិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែដើរថយក្រោយ។

យ៉ាងណាក្តី គេសង្កេតឃើញថា មុនថ្ងៃដែលតុលាការកំពូលរំលាយ គណបក្សសង្រ្គោះជាតិ មិនបានដាក់មេធាវី ដើម្បីចូលទៅតទល់ នៅក្នុងតុលាការទេ។មូលហេតុមិនដាក់ ដោយសារតែគណបក្សសង្រ្គោះជាតិយល់ថា ជារឿងនយោបាយ ហើយសង្ឃឹមថា នឹងមានការចរចាណាមួយ តាមផ្លូវនយោបាយ។ ការមិនដាក់ឯកសារ និងមេធាវីនេះហើយ អាចជាដើមចមធ្វើឲ្យគណបក្សប្រឆាំងមួយនេះ ត្រូវបានរំលាយចោលយ៉ាងលឿន ដោយមិនអាចនឹកស្មានដល់។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានប្រកាសហើយថា គណបក្សសង្រ្គោះជាតិនឹង ត្រូវរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។រំលាយដោយលោកពន្យល់ថា មេធាវីបានសិក្សានៅផ្លូវច្បាប់ច្បាស់ណាស់ ហើយគណបក្សសង្គ្រោះជាតិ ក៏មិនបានដាក់មេធាវីទៅការពារទៀត។ ដូច្នេះដំណើររំលាយនឹងធ្វើយ៉ាងស្រួលដោយគ្មានការរារាំង។

ការមិនដាក់មេធាវីការពារនេះត្រូវបានអ្នកជំនាញខ្លះយល់ថាគឺជាការបោះបង់សមរភូមិលើផ្លូវច្បាប់របស់គណបក្សសង្រ្គោះជាតិហើយបើសិនជាគណបក្សសង្រ្គោះជាតិ ដាក់មេធាវីដើម្បីតតាំងនៅតុលាការកំពូល ទើបជាការល្អប្រសើរ។ប្រសើរទី១បានធ្វើការតស៊ូមតិ ជាមួយតុលាការ ហើយអាចនឹងធ្វើឲ្យតុលាការពិបាកក្នុងការសម្រេចចិត្តរំលាយ។ទី២តុលាការ អាចនឹងពិចារណាមិនរំលាយ គណបក្សសង្រ្គោះជាតិទៅវិញ ហើយពន្យាពេលប្រកាសសាលក្រម។ក្នុងន័យនេះ បើស្ថានការណ៍មានការប្រែប្រួលណាមួយ គណបក្សនេះអាចនឹងរក្សាជីវិតខ្លួនក៏ថាបាន។នេះជាការបន្ថែមរបស់អ្នកសិក្សាមួយចំនួន។

ជារួមមកវិញ ការសម្រេចរំលាយគណបក្សសង្រ្គោះជាតិនេះ ច្បាស់ណាស់នឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកគាំទ្រប្រមាណជិត៣លាននាក់ ដែលបានបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ។សម្រាប់មតិជំនាញខ្លះ បានយល់ឃើញថា កម្ពុជាអាចនឹងខាតបង់ច្រើន ជុំវិញទីផ្សារលក់ជាមួយប្រទេសលោកសេរី ខណៈប្រទេសកុម្មុយនីស្តសប្បាយចិត្ត ក្រោយរំលាយគណបក្សប្រឆាំង។ពួកគេបានស្នើឲ្យរដ្ឋាភិបាល ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយប្រទេសមហាអំណាចទាំងអស់នេះ។

រីឯស្ថានការណ៍នៅក្នុងប្រទេសវិញ អ្នកជំនាញបានផ្តល់ជាយោបល់ថា អ្នកនយោបាយគួរបើកចិត្តឲ្យទូលាយ ហើយត្រូវយកប្រទេសជាតិធំ ហើយរដ្ឋាភិបាលគួរមានយុទ្ធសាស្ត្រដើម្បីលួងចិត្ត អ្នកដែលបានបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិទើបជាការល្អ។ប៉ុន្តែបើអ្នកនយោបាយនៅតែឈរលើគោលការណ៍យកឈ្នះតែបក្សពួកខ្លួន ហើយលាបពណ៌ខ្មែរគ្នាឯង ជាក្រុមប្រឆាំង ជាជនក្បត់ជាតិ ជាអាយ៉ងបរទេស វាមិនបានផ្តល់ផលល្អសម្រាប់ជាតិកម្ពុជាទាំងមូលនោះឡើយ៕ 

ព័ត៌មានផ្សេងទៀត