ការងារ​សំខាន់​៤​​ដែល​​ត្រូវធ្វើ​​សម្រាប់​​វិស័យ​​បច្ចេកវិទ្យា​​នៅ​​កម្ពុជា​​នា​ពេល​អនាគត​​

ដោយ៖ Vayofm Teams 15-11-2017 3:48 pm 427

នៅក្នុង​បទ​អត្ថាធិប្បាយ​របស់​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William A. Heidt អំពី​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា បាន​លើកឡើងថា វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា​កំពុងតែ​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​។ តែ​លោក​ថា គេ​អាច​នាំ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​នៃ​តំបន់​អាស៊ីអាគ្នេយ៍​មកកាន់​ប្រទេស​កម្ពុជា​បាន​ច្រើន​ថែមទៀត​។​

​ផ្អែក​ទៅតាម​បទពិសោធន៍​រយៈពេល ៣០​ឆ្នាំ នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ឯកអគ្គរដ្ឋទូត​រូបនេះ មើលឃើញថា ការងារ​សំខាន់​៤ ដែល​រដ្ឋាភិបាល វិស័យ​ឯកជន និង​ដៃគូ​អន្តរជាតិ​របស់​កម្ពុជា ត្រូវធ្វើ​ជាមួយគ្នា នៅ​ពេលខាងមុខ​។ ការងារ​ទាំងនោះ រួមមាន​៖

​ទី​១ លើក​កំពស់​ផ្នែក​ទីផ្សារ​
​លោក Heidt ឱ្យដឹងថា មាន​ជនបរទេស​មិន​ច្រើន​ទេ ដែល​ដឹង​ពី​ឱកាស​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា​។ កម្រិត​នៃ​ការវិនិយោគ​ដោយផ្ទាល់​របស់​បរទេស​នៅក្នុង​វិស័យនេះ គឺ​ទាប​នៅឡើយ ដែលជា​ការធ្វើឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ខ្វះឯ​ក​ទេសជំ​នាញ និង​ធនធាន​ដែល​គេ​ត្រូវការ សម្រាប់​ឈានទៅ​កម្រិត​មួយទៀត ហើយ​ពង្រីក​ខ្លួន​ជា​អន្តរជាតិ​។ លោក​បញ្ជាក់ថា ស្ថានទូត​សហរដ្ឋអាមេរិក​កំពុងតែ​ខិតខំ​ធ្វើការ ជាច្រើន ដើម្បី​រក​ទីផ្សា​សម្រាប់​វិស័យ​នេះ​។​

​ទី​២ សម្រេចចិត្ត​លើ​ចំណែក​ទីផ្សារ​ពិសេស​ផ្នែក​បច្ចេកវិទ្យា​នៅ​កម្ពុជា​
“​នៅពេល​មក​ទី​ក្រុងភ្នំពេញ​ក្នុង​ឆ្នាំនេះ អ្នក​បោះទុន​វិនិយោគ​ផ្សងព្រេង (Venture capitalist) អាមេរិក​ដ៏​ល្បី​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា សំរាប់​ប្រទេស​តូច​ដូចជា​ប្រទេស​កម្ពុជា វា​ជាការ​មាន​សារៈសំខាន់​ដែល​ត្រូវ​កំណត់​អោយបាន​នូវ​ចំណែក​ទីផ្សារ​ពិសេស​ដែលមាន​ភាព​ប្រកួតប្រជែង នៅក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​សាកលលោក ហើយ​ទាញយក​ប្រយោជន៍​ពី​ចំណែក​ទីផ្សារ​នេះ​អោយបាន​ខ្លាំងក្លា​”​។ ជា​អ្វីដែល​លោក William A. Heidt បានលើកឡើង​។​

​លោក​អះអាងថា វា​គ្មាន​ហេតុផល​ដែល​ប្រទេស​កម្ពុជា​មិនអាច​ក្លាយជា​ប្រទេស​ឈានមុខ​គេ​មួយ​នៅក្នុង​ចំណែក​ទីផ្សារ​ពិសេស​របស់ខ្លួន​នោះទេ​។ តែ​ការកំណត់​បាន​នូវ​ចំណែក​ទីផ្សារ​ពិសេស​នេះ ហើយ​និង​ការ​ដៅ​អោយចំ​កន្លែង​នូវ​ការជួយ​គាំទ្រ​ពិសេស​សំរាប់​រឿងនេះ​ទាមទារ​អោយមាន​ការធ្វើ​សហប្រតិបត្តិការ​ជិតស្និទ្ធ រវាង​វិស័យ​ឯកជន និង​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​។ ជាក់ស្តែង ការសម្ពោធ​បើក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Uber នៅ​ភ្នំពេញ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ បង្ហាញអោយឃើញ​ពី​ផល​នៃ​ការធ្វើ​សហប្រតិបត្តិការ​គ្នា​ប្រកបដោយ​ប្រសិទ្ធភាព រវាង​រដ្ឋាភិបាល និង​ឧស្សាហកម្ម​។​

Uber ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​បង្កើត​ដែលមាន​ទុន​ច្រើន​បំផុត​ក្នុង​ពិភពលោក បាន​វិនិយោគ​លើ​ទីផ្សារ​ប្រើ​យានជំនិះ អាចជា​ចំណែក​ទីផ្សារ​ពិសេស​របស់​ប្រទេស​កម្ពុជា​។​

​ទី​៣ ប្រកាស​គំនិត​ផ្តួចផ្តើម​មួយ​ស្តីពី​បច្ចេកវិទ្យា​គោលដៅ​
​លោក​ឯកអគ្គរដ្ឋទូត បន្តថា បច្ចេកវិទ្យា​ខុសពី​កម្មន្តសាល​កម្ម (Manufacturing) សំណង់ និង​វិស័យ​ដទៃទៀត​នៃ​សេដ្ឋកិច្ច​កន្លងមក​។ តំរូវការ​ទុន​សំរាប់​ក្រុមហ៊ុន​ទើប​ចាប់​ផ្តើមដំបូង​គឺ​ទាប ពិសេស​នៅពេល​ចាប់​ផ្តើមដំបូង​។ លោក​ថា ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ថ្មី​មិន​ត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ​ដោយផ្ទាល់​ពី​រដ្ឋាភិបាល​ទេ នៅពេលនេះ​។ តែ​រដ្ឋាភិបាល​អាច​ផ្ញើ​សារ​ស្វាគមន៍​មួយ​ទៅកាន់​វិនិយោគិន​អន្តរជាតិ បើ​ខ្លួន​ពិគ្រោះ​ជា​មួយផ្នែក​ឧស្សាហកម្ម​បច្ចេកវិទ្យា ហើយ​ប្រកាស​កម្មវិធី​កំណត់​មួយ ដើម្បី​ជួយ​ក្រុមហ៊ុន​បង្កើត​ថ្មី និង​វិស័យ​បច្ចេកវិទ្យា​។ កម្មវិធី​នេះ​អាច​ត្រូវបាន​រៀបចំឡើង​ដូច​កម្មវិធី “Thailand 4.0” របស់​ប្រទេស​ថៃ ឬ​គំនិត​ផ្តួចផ្តើម “Vietnam Silicon Valley” របស់​ប្រទេស​វៀតណាម​។ គំនិត​ផ្តួចផ្តើម​បែបនេះ​អាច​៖

1.​    ​បង្កើត​ក្រុម​ពិគ្រោះ​យោបល់​រវាង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ សំរាប់​ផ្តល់​អនុសាសន៍​ដល់​គោលនយោបាយ​ដើម្បី​បង្កើនល្បឿន​នៃ​កំណើន​លូតលាស់​នៃ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា​។​
2.​    ​ប្រកាស​ការសំរួល​ពន្ធ ទិដ្ឋាការ​សំរាប់​អ្នកជំនួញ លក្ខខ័ណ្ឌ​ទាមទារ​ក្នុង​ការចុះបញ្ជី​ក្រុមហ៊ុ​ន​សំរាប់​ក្រុមហ៊ុន​តូចៗ​ទើប​បង្កើត​ថ្មី (​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​លេខ ២២៩ និង លេខ ៣០០ គឺជា​ការចាប់ផ្តើម​ល្អ ក្នុងទិសដៅ​នេះ​) និង​
3.​    ​បញ្ជូន​សារ​ដំបូងៗ​ទៅកាន់​អ្នក​មានគំនិត​បញ្ជូល​របៀប​ថ្មី (Innovator) និង​អនាគត​វិនិយោគិន ស្តីពី​ចំណែក​ទីផ្សារ​ពិសេស​នៅក្នុង​ទីផ្សារ​បច្ចេកវិទ្យា​ពិភពលោក​។​

​ទី​៤ កុំ​ភ្លេច​ការទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន​
​ឯកអគ្គរដ្ឋទូត​ប្រទេស​ម​មហាអំណាច​រូបនេះ យល់ថា សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ វិស័យ​បច្ចេកវិទ្យា និង​ទីផ្សារ​សំរាប់​បច្ចេកវិទ្យា​ថ្មី​របស់​កម្ពុជា​ប្រហែលជា​នៅ​តូច​ពេក​សម្រាប់​ទាក់ទាញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​។ លោក​បន្ថែមថា ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​៥ ដែល​ល្អ​ជាងគេ​នៅក្នុង​ទីផ្សារ​សព្វថ្ងៃ (Facebook, Amazon, Netflix និង Google ដែល​មានឈ្មោះ​មួយ​ទៀតថា FAANG) មានតែ​ក្រុមហ៊ុន Netflix មួយ​ទេ​ដែល​កំពុងមាន​សកម្មភាព​នៅ​កម្ពុជា​នៅពេលនេះ​។

​តែមាន​វិធី​ម្យ៉ាងទៀត សម្រាប់​ធ្វើអោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​មាន​ការចាប់អារម្មណ៍ គឺ​ត្រូវ​ផ្សព្វផ្សាយ​ប្រទេស​កម្ពុជា​ថា​ជា​ទីកន្លែង​ល្អ មាន​ការស្វាគមន៍ សម្រាប់​ការទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន (CSR) និង​សកម្មភាព​សហគ្រិន​សង្គម​។ នេះ​បើតាម​ការអះអាង​របស់​លោក William A. Heidt​។ លោក​បន្តទៀតថា ក្រុមហ៊ុន​អាមេរិក​មាន​ស្មារតី​ទទួលខុសត្រូវ​ផ្នែក​សង្គម​ខ្ពស់ ហើយ​មាន​ក្រុមហ៊ុន​ជាច្រើន​មានបទពិសោធន៍​ល្អ​ក្នុង​កម្មវិធី CSR នៅ​កម្ពុជា​។

ការងារ​ត្រូវធ្វើ​ទាំង​៤​នេះ លោក​ឯកអគ្គរដ្ឋទូត​ថា មើលទៅ​ហាក់ដូចជា​ច្រើន​។ ប៉ុន្តែ លោក​បញ្ជាក់ថា​៖ បើសិនជា​ឧស្សាហកម្ម​បច្ចេកវិទ្យា រដ្ឋាភិបាល និង​ដៃគូ​បរទេស​របស់​កម្ពុ​ជា​ធ្វើការ​រួមគ្នា នោះ​វា​គ្មាន​ហេតុផល​អ្វីដែល​វា​មិនអាច​ធ្វើ​ទៅរួច​ទេ​។ វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា​កំពុងតែ​មាន​កំណើន​យ៉ាង​លឿន ហើយ​បើ​គ្រប់គ្នា​ធ្វើការ​ជាមួយគ្នា នោះ​រយៈពេល ១០​ឆ្នាំ​ទៀត យើង​អាច​ក្រលេកមើល​មក​ឆ្នាំ ២០១៨ វិញ​ថា​ជា​ពេលដែល​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា​មានការ​ស្ទុះ​ឡើង​។ នៅពេល​ណាមួយ ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​បង្កើត​ថ្មី នឹងមាន​អនាគត Bill Gates ឬ Steve Jobs របស់​ប្រទេស​កម្ពុជា​ធ្វើការ ដើម្បី​បង្កើត​កម្មវិធី Microsoft ឬ​កម្មវិធី Apple របស់​កម្ពុជា​។ អ្នកនោះ​គ្រាន់តែ​ត្រូវការ​ការជួយ​បន្តិចបន្តួច​តែប៉ុណ្ណោះ ដើម្បី​ឈានទៅដល់​កំរិត​នេះ​”៕

ព័ត៌មានផ្សេងទៀត