វិធី​ដាំ​ការ៉ុត​ដោយ​គ្រាប់​ពូជ​នៅ​ក្នុង​ផើង​ឱ្យបានផលល្អ

ដោយ៖ គង់ ឧត្តម 15-11-2017 11:02 am 45

​ការ៉ុត​ជា​ដំណាំ​ផ្តល់​ផល​ជា​មើ​ម វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ បើសិនជា​យើង​ញុំ​ា​ទាំងនៅ​ខ្ចី ។ ការ៉ុត​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ជា​ពិសេស​ជួយ​ដល់​សម្រស់​របស់​ស្ត្រី ។ ការ៉ុត​ជួយ​សម្រួល​ដល់​សុខភាព​ភ្នែក ការពារ​ស្បែក​ឱ្យ​លក្ខណៈ​ស្រស់​ស្រាយ ពន្យារ​ភាព​ចាស់ ជួយ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ ការពារ​ស្បែក​ពី​វិទ្យុសកម្ម (UV) កាត់បន្ថយ​ការកើត​មហារីក​សុដន់ ជំរុញ​ដំណើរការ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​បង្កើន​សារធាតុ​ដែល​ចាំបាច់​ក្នុង​ពេល​មាន​រដូវ ការពារ​ការ​កើតមុន និង​ថែរក្សា​សុខភាព​និង​ធ្វើឱ្យ​មាន​សម្រស់​រលើបរ​លោ​ង ។ ខាងក្រោម​នេះ ជា​វិធី​ដាំ​ដុះ​ការ៉ុត​តាមបែប​ងាយៗ​នៅក្នុង​ផើង​…

​ការរៀបចំ​ដាំ​ដុះ ៖
- ត្រៀម​ផើង​សម្រាប់​ដាំ​ដុះ ដែល​មាន​ទំហំ​ធំ​និង​ជ្រៅ​ល្មម ព្រោះ​រុក្ខជាតិ​នេះ​ត្រូវ​ការចុះ​មើ​ម ដូច្នេះ​ជម្រៅ​គឺជា​កត្តា​ត្រូវ​គិត​ដំបូង​គេ យ៉ាងហោច​ណាស់​ផើង​គួរ​មាន​ជម្រៅ ៤០​សង់ទីម៉ែត្រ ឬ​ជ្រៅ​ជាង​នេះ​
- ដី​ផុស​ល្អ ដី​មាន​លាយ​ជីកំប៉ុស្ត ឬ​ដីខ្សាច់​ដែល​មិន​បៀមទឹក​យូរ​
- គ្រាប់ពូជ​ការ៉ុត (​អាច​រក​ទិញ​បាន​នៅ​ហាង​លក់​គ្រាប់ពូជ​កសិកម្ម​, ត្រូវ​ពិនិត្យមើល​ការណែនាំ​របស់​គ្រាប់ពូជ នៅលើ​កញ្ចប់​)
- ដែក​សំណាញ់​សម្រាប់​គ្របពីលើ​ផើង​

​ការដាំដុះ ៖
- លាង​សម្អាត​ផើង​ដំណាំ​របស់​អ្នក​មុននឹង​រៀបចំ​ដាំ ដើម្បី​សម្អាត​បាក់តេរី​ចេញពី​ផើង កុំឱ្យ​ឆ្លង​ទៅ​ដី​ដាំ​ដុះ​
- ចាក់​ដី​ចូល​ក្នុង​ផើង ក្នុង​កម្រិត​ពេញ​ល្មម​
- ជី​ដី​សម្រាប់​ដាំ​ជា​ជួរ ក្នុង​ជម្រៅ​ប្រមាណ​ពី​រ​ថ្នាំងដៃ​
- ដាក់​គ្រាប់ពូជ​ការ៉ុត តាម​ជួរ​ទាំងនោះ រួច​លុប​ដី​វិញ​
- ស្រោច​ទឹក​លើ តែ​កុំ​ជោគជាំ​ពេក (​គួរតែ​មាន​ដប​បាញ់​ទឹក ដូច​ដប​ស្ព្រៃ​សម្រាប់​បាញ់​ពីលើ​ដំណាំ​)
- គ្រប​ដែក​សំណាញ់​ពីលើ​ផើង​ដំណាំ ដើម្បី​ការពារ​សត្វ​បំផ្លាញ​
- រក្សាទុក​ផើង​នៅ​កន្លែង​ដែល​អាច​ទទួល​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​

​ការថែទាំ ៖
- ចាប់ពី​ថ្ងៃ​ទី​ពីរ​ទៅ ត្រូវ​ស្រោច​ទឹក​ពី​ដង​ក្នុង​មួយថ្ងៃ ដើម្បី​រក្សា​សំណើម​ដី ហើយ​កុំ​ទុក​រហូត​ទាល់តែ​ដី​ស្ងួត ព្រោះ​កាលណា​ដី​ស្ងួត ក្តាំង នោះ​នឹង​ធ្វើឱ្យ​ការ៉ុត​ពិបាក​ក្នុង​ការចុះ​មើម 
- នៅពេល​ការ៉ុត​លូតលាស់ ប្រមាណ​មួយ​ចង្អុល​ដៃ ត្រូវ​ពូន​គល់​នៅ​នឹង​មើម​របស់​វា​
- ត្រូវ​បន្ត​ស្រោច​ទឹក ដោយ​បាញ់​ទឹក​ស្រោចស្រព​ពីលើ​ស្លឹក​សារ៉ុត​តែម្តង 
- រយៈពេល​២​ឬ​៣​ខែ ការ៉ុត​នឹង​ឱ្យ​ផល ។ យើង​អាច​ចំណាំ​មើល​លើ​ពណ៌​មើម​របស់​ការ៉ុត បើសិនជា​ការ៉ុត​ពណ៌​ធម្មតា គួរ​កុំ​ទាន់​ដក​អី តែបើ​មើម​ការ៉ុត​មាន​ពណ៌​កាន់តែ​ថ្លា​ល្អ គួរតែ​ដក ព្រោះ​ពណ៌​ភ្លឺ​ថ្លា​នេះ បញ្ជាក់​ថា​ការ៉ុត​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ 

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត