លោក​ត្រាំ​​បញ្ចប់​ទស្សនកិច្ច​​នៅ​អាស៊ី​ហើយ​ដោយ​បោះបង់​​កិច្ចប្រជុំ​​សំខាន់​មួយ​

ដោយ៖ ពេញ ផេង 15-11-2017 8:44 am 1439
លោកដូណាល់ ត្រាំ​ពេលចាកចេញ​ពីហ្វីលីពីន

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​អាស៊ី​ជា​លើកដំបូង​ហើយ ដោយ​លោក​បាន​ចាកចេញ​ពី​ហ្វីលីពីន​ត្រឡប់​ទៅ​អាមេរិក​វិញ​កាលពី​ថ្ងៃ​អង្គារ​។​លោក​ត្រាំ​បាន​ខកខាន​កិច្ចប្រជុំ​សំខាន់​មួយ គឺ​កិច្ចប្រជុំ​អាស៊ី​ខាងកើត​។​

​ដំបូង​ឡើយ​លោក​គ្រោង​នឹងចូលរួម​កិច្ចប្រជុំ​នេះ ដើម្បី​ពិភាក្សា​ពី​ការ​បង្កហេតុ​របស់​កូរ៉េខាងជើង និង​បញ្ហា​សន្ដិសុខ​ក្នុង​តំបន់ ដែល​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ប៉ុន្ដែ​លោក​បាន​ផ្លាស់ប្ដូរ​កាលវិភាគ​។​លោក​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​រេច ធី​ល​ល័​រសុន ជា​អ្នកចូលរួម​កិច្ចប្រជុំ​ជំនួស​លោក​ត្រាំ​។​

​មុនពេល​ចាកចេញ​ពី​ហ្វីលីពីន ជា​ប្រទេស​ចុងក្រោយ​នៃ​ទស្សនកិច្ច​របស់លោក លោក​ត្រាំ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ទស្សនកិច្ច​របស់លោក​ទៅ​អាស៊ី​គឺជា​ជោគជ័យ​មួយ​។​លោក​ពន្យល់ថា អាមេរិក​បើកទូលាយ​សម្រាប់​ពាណិជ្ជកម្ម ប៉ុន្ដែ​លោក​ចង់​ធ្វើ​ពាណិជ្ជកម្ម​ទៅវិញទៅមក​ដោយ​យុត្ដិធម៌​។​

​លោក​ត្រាំ​ត្រូវ​រំពឹងថា​នឹង​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ស្ដីពី លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​១០​ថ្ងៃនេះ បន្ទាប់ពី​លោក​ទៅដល់​អាមេរិក​វិញ​។​ក្រុមអ្នកវិភាគ​និយាយថា អ​វត្ដ​មាន​របស់លោក​ត្រាំ​ពី​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ី​ដូចជា នាយករដ្ឋមន្ដ្រី​ចិន​ជាដើម នឹង​មានការ​ចោទ​សួរថា រដ្ឋបាល​លោក​ដូណាល់ ត្រាំ​នឹង​គិត​យ៉ាងណា​វិញ​ចំពោះ​ស្ថានភាព​សន្ដិសុខ​នៅ​អាស៊ី​៕

ព័ត៌មានផ្សេងទៀត