កម្ពុជា​ចូលរួម​កិច្ច​ពិភាក្សា​ធ្វើ​វិសោធនកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​អាស៊ាន​-​ជប៉ុន

ដោយ៖ Vayofm Teams 14-11-2017 5:37 pm 576

លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី AEM និង RCEP ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ បាន​សម្តែង​នូវ​ការគាំទ្រ និង​ការយល់ព្រម ចំពោះ​ឯកសារ​ចំនួន​ពីរ ក្នុង​កិច្ចពិភាក្សា​ផ្តោត​សំខាន់​លើ​ការបញ្ចប់​ពិធីសារ ដើម្បី​ធ្វើ​វិសោធនកម្ម កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​អាស៊ាន​-​ជប៉ុន (AJCEP) និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RCEP)​។​កិច្ចពិភាក្សា​នេះ​ត្រូវបាន​រៀបចំ​ឡើង​ចាប់​ថ្ងៃទី​១០-១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នេះ​បើ​យោង​តាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១៤​វិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​

​ទាក់ទង​ពិធីសារ នៅ​ទីបំផុត​កិច្ចប្រជុំ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការដោះស្រាយ​វិវាទ​រវាង​អ្នកវិនិយោគ និង​រដ្ឋ (ISDS) នៅក្នុង​ជំពូក​វិនិយោគ ដែល​ត្រូវ​បាន​ស្នើឡើង​ដោយ​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន ខណៈពេល​ដែល​កិច្ចប្រជុំ RCEP ត្រូវបាន លោក​ប៉ាន សូរ​ស័ក្តិ និង​រដ្ឋមន្ត្រី​ដទៃទៀត សម្តែង​នូវ​ការគាំទ្រ និង​ការយល់ព្រម ចំពោះ​ឯកសារ​ទាំងពីរ​នោះ​រួមមាន​៖ របាយការណ៍​វាយតម្លៃ​រួម​របស់​រដ្ឋមន្ត្រី​ជូន​ថ្នាក់ដឹកនាំ​ស្តីពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RCEP) និង​សេចក្តីថ្លែងការណ៍​រួម​របស់​ថ្នាក់ដឹកនាំ​ស្តី​ពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (RCEP) ដែល​ជា​វិថី​ឆ្ពោះទៅមុខ ដើម្បី​បញ្ចប់​ការចរចា RCEP​។

លើសពីនេះ​លោក​រដ្ឋមន្ត្រី ក៏បាន​ទទូច​ដល់​គណៈកម្មាធិកា​រ​ចរចា​ផ្នែក​ពាណិជ្ជកម្ម ធ្វើកា​រ​ពន្លឿន​ដំណើរកា​ររបស់​ខ្លួន សម្រាប់​ភាព​រីកចម្រើន និង​អត្ថប្រយោជន៍​ទៅវិញទៅមក នៃ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង RCEP ចំនួន ១៦ ដោយសារតែ​ប្រទេស​ទាំង​១៦​នេះ មាន​សក្តានុពល​ក្នុង​ការបង្កើត​ការងារ​, ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​, ជំរុញ​ការអភិវឌ្ឍ​រួមគ្នា និង​លើកកម្ពស់​ការច្នៃប្រឌិត ដែល​ចុងក្រោយ​នឹង​ធ្វើអោយ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន​យើង​។​

​ចំពោះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC Board) លើក​ទី ១៥​ត្រូវបាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​កិច្ចប្រជុំ Prep-AEM និង​បាន​ពិភាក្សា​ជា​ចម្បង​លើ​អាទិភាព​សេដ្ឋកិច្ច សម្រាប់​ការធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​ហ្វីលីពីន ដូចជា​៖ ការបង្កើន​ពាណិជ្ជកម្ម និង​ការវិនិយោគ ការធ្វើសមាហរណកម្ម MSME ទៅក្នុង​ខ្សែសង្វាក់​តម្លៃ​ជា​សកល និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​មាន​ការច្នៃប្រឌិត ក៏​ដូច​ជា​សមិទ្ធផល​នានា ព្រមទាំង​ដំណើរការ​អនុវត្តន៍​ផែនការមេ ASEAN ឆ្នាំ​២០២៥​។​

​គួររំលឹកថា កិច្ចប្រជុំ ក៏បាន​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​របស់​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដល់​ថ្នាក់ដឹកនាំ និង​សមាសភាគ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) នៃ​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣១ សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​ផងដែរ​៕
​ ដោយ​ប៉ា សុ​ខេង

ព័ត៌មានផ្សេងទៀត