លោក​ហ៊ុន សែន ប្រាប់​ផ្ទាល់មាត់ទៅ​UN​ពី​វត្តមាន​គ្រាប់បែក​គីមី​នៅ​កម្ពុជា​

ដោយ៖ សៅ វិសាល 14-11-2017 4:44 pm 2626

​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​លោក António Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា នា​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន លោក​ហ៊ុន សែន មានប្រសាសន៍ថា ថ្មីៗ​នេះ​កម្ពុជា បាន​រកឃើញ​នូវ​គ្រាប់បែក​គីមី​ក្នុង​ទឹកដី ដែល​អាមេរិក​ទម្លាក់ នៅ​ចុង​ទស្សវត្ស​ទី​៦០ និង​ដើម​ទស្សវត្ស​៧០​។ រយៈពេល​ប្រមាណ​៤០​ឆ្នាំនេះ ពលរដ្ឋ​កម្ពុជា បាន​នឹង​កំពុង​រងគ្រោះ​ដោយ​ឥទ្ធិពល​របស់​វា​។

​ប្រសាសន៍​ផ្ទាល់មាត់ ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ធ្វើឡើង បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា តាមរយៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​២៩ តុលា បាន​សម្រេច​ដាក់​លិខិត ប្តឹងទៅ​អង្គការសហប្រជាជាតិ ដើម្បី​ស្វែងរក​ការដោះស្រាយ​ទៅ​តាម​ច្បាប់​ស្តីពី​អាវុធ​គីមី ព្រមទាំង​ស្នើឲ្យ​អង្គការសហប្រជាជាតិ បញ្ជូន​អ្នកជំនាញ​ចុះ​មក​ស្រាវជ្រាវ និង​ពិនិត្យ​គ្រាប់បែក​គីមី​ទាំងនេះ​ផង​ដែរ​។​

​គ្រាប់បែក​គីមី ដែល​កម្ពុជា បាន​រកឃើញ​នៅ​ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង រហូតមកដល់​ពេលនេះ ប្រមាណ​២២​ទីតាំង​ថ្មី​ទៀត ត្រូវបាន​មន្ត្រី​ជំនាញ​អះអាងថា ជា​ប្រភេទ​ជា​សារធាតុ​គីមី ដែល​បង្ក​ទុក្ខទោស​យ៉ាងខ្លាំង ដល់​សុខភាព​របស់​មនុស្ស​ដូចជា ប៉ោង​ស្បែក រលាក​ស្បែក និង​ថប់ដង្ហើម​ជាដើម​។​

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​គគីរ​ជាច្រើន​នាក់​រកឃើញថា រង​ការប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព ក្នុង​នោះ​ភាគច្រើន​កើតរោគរ​មាស់​លើ​ស្បែក​ខ្លាំង ហើយក៏​មាន​ក្មេង កើត​មក​មិន​គ្រប់លក្ខណៈ​ផងដែរ​។ ជនរងគ្រោះ​ដោយ​គ្រាប់បែក​គី​មីនេះ កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​តាម​មន្ទីរពេទ្យ​។​

​កន្លងមក ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ធ្លាប់​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ហៅ​គ្រាប់បែក​គីមី​ទាំងនោះ​ថា ត្រឹម​ជា​ឧស្ម័ន​បង្ហូរទឹកភ្នែក​តែប៉ុណ្ណោះ មិន​មាន​ផលប៉ះពាល់​ដល់​សុខភាព​ឡើយ​។

​ជា​ការឆ្លើយតប​នឹង​របាយការណ៍ របស់​ស្ថានទូត​អាមេរិក ត្រូវបាន​លោក​លី ធុជ អគ្គលេខាធិការ​អាជ្ញាធ​រ​មីន បាន​ផ្ញើលិខិត​ត្រឡប់​ទៅ​វិញ ដោយ​បាន​បញ្ជាក់ថា អាមេរិក​បាន​បង្ហាញ​ការមើល​ស្រាល​​ និង​ខ្វះ​ការវាយតម្លៃ​លម្អិត ចំពោះ​ភាព​ធ្ងន់ធ្ងរ នៃ​ផល​ប៉ះពាល់ យ៉ាង​ធំធេង ចំពោះ​សុខភាព ដែល​បណ្តាល​មកពី​គ្រាប់បែក​ទាំងនោះ​។ លោក​បន្តថា ប្រជាពលរដ្ឋ​កម្ពុជា ដែល​មិន​ពេញចិត្ត និង​សេចក្តីថ្លែងការណ៍ បាន​ស្នើ​ឲ្យ​ស្ថានទូត​សហរដ្ឋអាមេរិ​ក គួរតែ​ប្រមូល និង​យក​គ្រាប់បែក​ទាំងនោះ ទៅ​រក្សាទុក​ក្នុង​ស្ថានទូត​អាមេរិក ដើម្បី​បញ្ជាក់​ថា គ្រាប់បែក​ទាំងនោះ គ្មាន​ផលប៉ះពាល់​ដល់​សុខភាព​។

​អាជ្ញាធរ​មីន បាន​អះអាង​បន្តថា សេចក្តីថ្លែងការណ៍​របស់​ទូត​អាមេរិក គឺជា​ការ​គេចវេះ​ពី​ការទទួលខុសត្រូវ​។​

​របាយកាណ៍​បានបង្ហាញ​ថា ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៧៥ អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ជាច្រើន​ប្រភេទ​លើ​ដី​ខ្មែរ ក្នុងនោះ​មាន​គ្រាប់បែក​គីមី​ផងដែរ​។ គ្រាប់​ដែល​ទម្លាក់​មាន​ទម្ងន់​ប្រមាណ ២​លាន​៨​សែន​តោន​។​

​គ្រាប់បែក​គីមី​ជា​អាវុធ​ដ៏​ប្រល័យ​លោក ដែល​ត្រូវបាន​ហាមឃាត់​មិនឲ្យ​ប្រើប្រាស់​។ អនុសញ្ញា​ស្តីពី​អាវុធ​គីមី បានចែង​ថា ប្រទេស​ជា​ម្ចាស់​អាវុធ​គីមី មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​លើ គ្រាប់បែក​គីមី​របស់ខ្លួន ហើយ​ក៏​ត្រូវ​ទទួលភារៈ​បោសសំអាត គ្រាប់បែក​គីមី​ទាំងនេះ ផងដែរ​។ តាម​អនុសញ្ញា​នេះ អាមេរិក​ត្រូវតែ​មាន​កាតព្វកិច្ច​បោស​សំអាត​គ្រាប់បែក​គីមី​លើដី​ខ្មែរ ហើយ​សង​ការខូចខាត បណ្តាល​មកពី​គ្រាប់បែក​គីមី​នេះ​ផង​ដែរ​៕ ដោយៈ​សៅ វិសាល​

 


ព័ត៌មានផ្សេងទៀត