កម្ពុជា​​នឹង​ផ្តល់​សច្ចាប័ន​​លើ​ធម្មនុញ្ញ​​នៃ​មជ្ឈមណ្ឌល​​ត្រៀម​បង្ការ​​គ្រោះមហន្តរាយ​​អាស៊ី​​

ដោយ៖ ខាត់ សុធី 14-11-2017 4:13 pm 561

​ប្រទេស​ស្ថាបនិក​ចំនួន​៧ ក្នុងចំណោម​៩ បានផ្តល់​សច្ចាប័ន​លើ​ធម្មនុញ្ញ​នេះ​រួចហើយ ក្នុងនោះ​មាន សាធារណរដ្ឋ​ប្រជាមានិត​ចិន ឥណ្ឌា នេ​ប៉ាល់ ប៉ា​គី​ស្ថាន ហ្វីលីពិន បង់​ក្លា​ដេស ស្រីលង្ការ ដោយឡែក​ស្ថាបនិក​ចំនួន​២​ទៀត ដែល​មិនទាន់បាន​ផ្តល់​សច្ចាប័ន គឺ​កម្ពុជា និង​ប្រទេស​ថៃ​។ ស្មារតី​នៃ​ធម្មនុញ្ញ នេះ នឹង​អាច​ចូល​ជាធរ​មានបាន​លុះត្រាតែ​ប្រទេស​សមាជិក​ស្ថាបនិក​ទាំង​៩ ផ្តល់​សច្ចាប័ន​គ្រប់​ចំនួន​។ 

​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧​គណៈកម្មការ​ជំនាញរ​បស់​រដ្ឋសភា​ចំនួន​ពីរ​សហការគ្នា ពិនិត្យ និង​សិក្សា​ជាមួយ​តំណាង​រដ្ឋាភិបាល មុននឹង​បញ្ជូន​លទ្ធផល​ទៅ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​សម្រេច ក្នុង​ការដាក់បញ្ចូល​សេចក្តីព្រាងច្បាប់​នេះ ក្នុង​របៀបវារៈ​សម័យ​ប្រជុំ​រដ្ឋសភា នាពេលខាងមុខ​។​

​លោក​ញឹម វណ្ណដា លើកឡើងថា មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី ហៅ​កាត់​ថា អេ​ឌី​ភី​ស៊ី ( ADPC: Asian Disaster Preparedness Center ) មាន​ទីតាំងនៅ​រាជធានី​បាងកក​ប្រទេស​ថៃ បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៨៦​។ ក្នុងនាម​ជា​អង្គការ​មិន​មែនរដ្ឋាភិបាល​ឯករាជ្យ មជ្ឈមណ្ឌ​លអេ​ឌី​ភី​ស៊ី បាន​បំពេញបេសកកម្ម​របស់​ខ្លួន ក្នុង​ការជួយ​ដល់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ក្នុង​គោលបំណង​កាត់បន្ថយ​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ និង​ធ្វើឲ្យ​សហគមន៍​ទាំងឡាយ​កាន់តែ​មានសុវ​ត្ថិ​ភាព និង​មាន​ការអភិវឌ្ឍ ប្រកបដោយ​និរន្ត​ភាព​។​

​លោក​ថា ស្ថិតនៅក្រោម​មូលនិធិ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ មជ្ឈមណ្ឌល​នេះ បាន​ជួយ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ជាពិសេស​កម្ពុជា និង​សហគមន៍​ទាំងឡាយ ក្នុង​ការអនុវត្តន៍​គោលនយោបាយ និង​សមត្ថភាព ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ តាមរយៈ ការរៀបចំ ការសម្របសម្រួល ការគាំទ្រ​កម្មវិធី​បណ្តុះបណ្តាល ការគ្រប់គ្រង​ព័ត៌មាន ការស្រាវជ្រាវ ការគ្រប់គ្រង​គម្រោង​កម្មវិធី ការផ្តល់​ចំណេះដឹង​អំពី​គ្រោះមហន្តរាយ​ដើម្បី​ការពារ​អាយុ​ជិវិត ទ្រព្យសម្បត្តិ និង​បរិស្ថាន និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ផ្សេងៗ​ទៀត​។​

លោក​ញឹម វណ្ណដា បាន​ជម្រាប​សមាជិក​រដ្ឋសភា​ថា ផ្អែកលើ​សកម្មភាព​បម្រើ​ផលប្រយោជន៍​សង្គម​ដ៏​ធំធេង​របស់​មជ្ឈមណ្ឌ​លអេ​ឌី​ភី​ស៊ី បណ្តា​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ឯកភាពគ្នា​រៀបចំតាក់តែង​ធម្មនុញ្ញ​មួយ ដើម្បី​ប្រែក្លាយ​មជ្ឈមណ្ឌល អេ​ភីឌី​ស៊ី​ឲ្យទៅជា​អង្គការអន្តររដ្ឋាភិបា​ល ក្នុង​តំបន់​មួយ ដែលមាន​ប្រទេស​ស្ថាបនិក ចំនួន​៩ បានអនុម័ត​និង​ចុះហត្ថលេខា​លើ​ធម្មនុញ្ញ​នេះ នា​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០០៥ កន្លងទៅ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​

​លោក​ឈាង វុន ប្រធាន គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន បាន​កោតសរសើរ រដ្ឋាភិបាល​កម្ពុជា ដែលជា​ជា​ស្ថាបនិក​មួយ នៃ​មជ្ឈមណ្ឌល​នេះ ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​គាំទ្រ និង​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ ដែល​ជួប​គ្រោះធម្មជាតិ​នានា​។​លោក​ថា នឹង​បញ្ជូន​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ទៅ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​សម្រេច ក្នុង​ការដាក់បញ្ចូល​សេចក្តីព្រាងច្បាប់​នេះ ក្នុង​របៀបវារៈ​សម័យ​ប្រជុំ​រដ្ឋសភា នាពេលខាងមុខ​។​

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ធម្មនុញ្ញ​នៃ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី​នេះ មាន​ចំនួន​១៥​មាត្រា​៕

ព័ត៌មានផ្សេងទៀត