​ក្រសួងមហាផ្ទៃ​​បញ្ជា​ឲ្យ​​ត្រៀមកម្លាំង​​ការពារ​​ចាប់​ពី​ថ្ងៃ​ស្អែក​​នេះ​​

ដោយ៖ អឿន ភារ៉ា 14-11-2017 3:24 pm 8033
នគរបាល​បង្រ្កាប​កុបកម្ម​កាន់​​កាំភ្លើង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​។ រូបភាពពីហ្វេសប៊ុក អង្គការលីកាដូ

​ក្នុង​លិខិត​របស់​ក្រសួងមហាផ្ទៃ​ចេញ​ថ្ងៃទី​១៣ វិច្ឆិកា ដែល​ចុះហត្ថលេខា​ដោយ​លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ទៅ​អភិបាល​រាជធានី ខេត្ត​ទូទាំងប្រទេស ឲ្យ​រៀបចំ​ក្រុមការងារ​ប្រចាំ​បញ្ជា​សម្រាប់​តាមដាន និង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ឧបាយកល​ផ្ដួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា​។​

​លោក​ស ខេង បញ្ជាក់​នៅក្នុង​លិខិត​ថា ដើម្បី​គ្រប់គ្រង​តាមដាន​សភាពការណ៍ និង​ដោះស្រាយ​បញ្ហា​នានា​បាន​ទាន់ពេលវេលា​យ៉ាង​ឆាប់រហ័ស នៅតាម​រដ្ឋបាល រាជធានី ខេត្ត ក្រសួងមហាផ្ទៃ​ស្នើឲ្យ​រៀបចំ​ក្រុមការងារ​ប្រចាំ​បញ្ជា សម្រាប់​តាមដាន និង​ដោះស្រាយ​បញ្ហា​នានា ពាក់ព័ន្ធ​នឹង​ឧបាយកល​ផ្ដួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា​តទៅ និង​ធ្វើ​ការរាយការណ៍​មក​ក្រសួងមហាផ្ទៃ​។​

​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា នាយកដ្ឋាន​សណ្តាប់ធ្នាប់​ក្រសួងមហាផ្ទៃ ក៏បាន​ណែនាំ​មន្ត្រី​របស់ខ្លួន​ឲ្យ​ប្រមូល​កម្លាំង​ទាំងអស់​ប្រចាំការ​តាម​នាយកដ្ឋាន​នី​មួយៗ ដើម្បី​ត្រៀម​អនុវត្ត​បទបញ្ជា​ពេល​ចាំបាច់ និង​ឲ្យ​ប្រចាំការ ២៤​ម៉ោង​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ វិច្ឆិកា ហើយ​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ប្រយុទ្ធ និង​ត្រូវ​រាយការណ៍​មួយថ្ងៃ​ពីរដង​។ រីឯ​នៅ​ថ្ងៃ​បន្ទាប់ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​អះអាងថា សកម្មជន​គណបក្សប្រឆាំង​មកពី​គ្រប់​ខេត្ត ក្រុង នឹង​ឡើងមក​ប្រមូលផ្តុំ​នៅមុខ​តុលាការ​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១៦ វិច្ឆិកា​។​

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រធាន​គណៈកម្មាធិការ​ការបរទេស និង​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃនេះ បានចេញ​សេចក្តីថ្លែងការណ៍​ដោយ​បង្ហាញ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ក្នុង​ការរៀបចំ​កម្លាំង​ប្រដាប់អាវុធ​ឃ្លាំមើល​នៅ​គ្រប់​ស្នាក់ការ​ស្រុក និង​ខេត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទូទាំងប្រទេស​។ ព្រះអង្គម្ចាស់ ចាត់ទុក​វិធានការ​នេះ អាចជា​ការបំភិតបំភ័យ និង​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​។​

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​អះអាងថា គណបក្សប្រឆាំង​គ្មាន​ផែនការ​ជួបជុំគ្នា ដើម្បី​ធ្វើ​ការតវ៉ា​នោះទេ​។ តែ​យ៉ាងណា លោកស្រី​មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតនៅ​ប្រទេស​អង់គ្លេស បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូលផ្តុំ​គ្នា​នៅមុខ​តុលាការ​កំពូល នៅ​ថ្ងៃទី​១៦ វិច្ឆិកា ដោយ​ពាក់អាវ​ដែលមាន​រូប​សញ្ញា​របស់​គណបក្ស ដើម្បី​បង្ហាញ​ឆន្ទៈ​របស់ខ្លួន​ប្រឆាំងនឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​៕

ព័ត៌មានផ្សេងទៀត