តុលាការពន្យា​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​លោក​ថោង សារ៉ាត់

ដោយ៖ សៅ វិសាល 14-11-2017 3:05 pm 332

​ជោគវាសនា​លោក​ថោង សារ៉ាត់ និង​អង្គរក្ស​ទាំង​៤​នាក់ នៅ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា បានសម្រេច មិន​ប្រកាស​សាលក្រម ពាក់ព័ន្ធ​ករណី​ឃាតកម្ម បាញ់សម្លាប់ លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ អតីត​ថៅកែ​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ​។​

​បើ​តាម​ការបញ្ជាក់​ពី​លោក តុ​ប ឈុន​ហេង ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ការ​មិន​ប្រកាស​សាលក្រម​នេះ ដោយ​មូលហេតុ​ថា សំណុំរឿង​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នៅ​ខ្វះ​សាក្សី និង​ភស្តុតាង​បន្ថែម ដូច្នេះ​ត្រូវ​បន្ត​នីតិវិធី​ស៊ើបអង្កេត ឬ​ហៅ​ថា «​សាលក្រម​ចាត់​របៀប​»​។​

​សំណុំរឿង​ក្តី​នេះ ត្រូវបាន​មហាជន ចាត់ទុក​ជា​រឿង​ប្រវត្តិសាស្ត្រ មិន​ធ្លាប់​មាន​ក្នុង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ដោយសារតែ សាលក្រម ត្រូវ​បាន​ពន្យា​ពេល​ជាង​៦​ខែ បន្ទាប់​ពី​បញ្ចប់​សវនាការ​អង្គសេចក្តី កាលពី​អំឡុង​ខែ​ឧសភា​មក​ម្លេះ​។ ហើយ​ឥឡូវនេះ ត្រូវ​បាន​បន្ត​ពន្យា​ពេល​ជា​ថ្មី​ម្តងទៀត​។​

​លោក​ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ចោទប្រកាន់ ពី​បទ​ផ្តើមគំនិត ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជាមុន ដែល​បទល្មើស​នេះ ប្រឈម​នឹង​ការផ្តន្ទាទោស ដាក់​ពន្ធនាគារ​អស់​មួយជីវិត​។ រីឯ​ក្រុម​អង្គរក្ស ទាំង​៤ ត្រូវបាន​ចោទប្រកាន់​ពី​បទ​សមគំនិត និង​បទ​ឃាតកម្ម​គិត​ទុកជាមុន ដែល​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ អស់​មួយ​ជីវិត​ដែរ ។​

​គួររម្លឹកថា លោក​ថោង សារ៉ាត់ និង​ក្រុម​អង្គរក្ស​ទាំង​៤ ត្រូវបាន​តុលាការ​ចោទប្រកាន់ ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់ លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌចំការមន​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត