គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច​បដិសេធ​រឿង​យក​ប្រាក់​ពី​មន្ត្រី​ខ្លួន​ជា​ថ្នូរ​នឹង​តំណែង​ក្នុង​រដ្ឋសភា​

ដោយ៖ ថា ចាន់ធី 14-11-2017 11:53 am 1108

​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា បានចេញ​សេចក្តីថ្លែងការណ៍ បដិសេធចោល​ទាំងស្រុង​នូវ​ពាក្យសម្តី​លោក​លឺ ឡាយស្រេង ដែល​បាន​ចោទប្រកាន់​មកលើ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច​ថា បាន​ទទួល​សំណូក​ចំនួន​ពីរ​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ ពី​មន្ត្រី​គណបក្ស​របស់​ខ្លួន ដែល​បាន​តំណែង​នៅក្នុង​រដ្ឋសភា តាំង​ពី​អាណត្តិ​ទី​១ និង​ទី​២ និង​យក​លុយ​ដប់​ម៉ឺន​ដុល្លារ ជា​ថ្នូរ​ក្នុង​ការ​ផ្តល់​តួនាទី ជា​អភិបាលខេត្ត​កន្លងមក​នោះ គឺជា​ការ​ភូតកុហក​ផ្ទុយ​ពី​ការពិត​។​

ការចេញ​សេចក្តី​ថ្លែង​ការ​របស់​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​លោក​លឺ ឡាយស្រេង បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​។  គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច​បាន​ថ្កោលទោស ចំពោះ​ការប្រើ​ពាក្យ​សម្តី​របស់​អតីត​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ ដែល​ផ្ទុយ​ពី​ការពិត​ទាំងស្រុង ហើយ​ត្រូវតែ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។​

​ក្នុង​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទិ្ធ តែងតែ​គោរព​នូវ​គោលការណ៍​ប្រជាធិបតេយ្យ ផ្តល់​ភាពយុត្តិធម៌​ត្រឹមត្រូវ មាន​តម្លាភាព ក្នុង​ការជ្រើសរើស និង​តែងតាំង​មន្ត្រី​ខ្លួន​ឲ្យចូល​កាន់តំណែង ណា​មួយ​នា​ពេលកន្លងមក ។​

​បើ​តាម​លោក​ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់​បាន​បញ្ជាក់ថា កន្លងមក​លោក​លឺ ឡាយស្រេង ក៏​ធ្លាប់បាន​ប្រើ​ពាក្យ​ប្រមាថ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​សម្តេច​ក្រុមព្រះ​ផងដែរ ហើយ​គណបក្ស​ក៏​តែងតែ​រំឭក​ប្រាប់​លោក​ជា​ច្រើន​ដង កុំឲ្យ​ធ្វើ​ដូចនេះ​តទៀត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​បែកធ្លាយ​សារ​សន្ទនា​គ្នា​រវាង​លោក លឺ ឡាយស្រេង ជាមួយនឹង​អតីតមន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មួយ​រូប​ទៀត គឺ​លោកស្រី​គី លំអង កាលពី​ថ្ងៃ​ទី​២១ ខែតុលា ដែល​លោក​បាន​និយាយ​ប្រមាថ​ព្រះ​ចេស្ដារ​ព្រះមហាក្សត្រ​នោះ គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​ដាក់ពាក្យ​ប្តឹង​លោក​លឺ ឡាយ ស្រេង ចំពោះ​ការប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ ហើយ​លោក​ក៏​បាន​ចាកចេញ ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីក្រុង​បាងកក​ផងដែរ ដើម្បី​គេច​ពី​ការ​ឃាត់ខ្លួន​របស់​សមត្ថកិច្ច​៕

ព័ត៌មានផ្សេងទៀត