លោក​​សម​ រង្ស៊ី​​៖​​យុវជន​​ភាគ​ច្រើន​​ចង់​ឱ្យ​មាន​​ការ​ផ្លាស់​ប្ដូរ​​

ដោយ៖ សេង បារាំង 14-11-2017 11:51 am 420

​លោក​សម រង្ស៊ី អះអាងថា យុវជន​ភាគច្រើន​ប្រមាណ​ដល់​ទៅជា​៨០​ភាគរយ ចង់ឱ្យមាន​ការផ្លាស់ប្ដូ​រ​របៀប​ដឹកនាំ​សព្វថ្ងៃ ខណៈដែល​លោក សុខ ឥសាន ឆ្លើយតប​វិញ​ថា  នេះ​ជា​គំនិត​អត្តនោម័ត​របស់លោក សម រង្ស៊ី តែប៉ុណ្ណោះ មិនអាច​យកជាការបាន​នោះទេ​។

​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា យុវជន​ភាគច្រើន​ប្រមាណ​ជា ៧០​ភាគរយ រហូតដល់​ទៅ​៨០​ភាគរយ ចង់ឱ្យមាន​ការផ្លាស់ប្ដូ​រ​របៀប​ដឹកនាំ​សព្វថ្ងៃ ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ការអះអាង​របស់លោក សម រង្ស៊ី​នេះ ធ្វើឡើង​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១១ វិច្ឆិកា ២០១៧​។​

​លោក សម រង្ស៊ី បាន​អះអាង​ទៀតថា ដោយសារតែ​មាន​ចលនា​យុវជន​ភាគច្រើន​ចង់ឱ្យមាន​ការផ្លាស់ប្ដូរ​របៀប​ដឹកនាំ​សព្វថ្ងៃ​នេះហើយ ទើប​ធ្វើឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹង​ហើយ​ប្រើ​យុត្តិសាស្ត្រ​គ្រប់​មធ្យោបាយ ដូចជា ឈប់​ឱ្យមាន​ការបោះឆ្នោត កំចាត់​គណបក្សប្រឆាំង​ចោល​ជាដើម​....​។ លោក សម រង្ស៊ី បានចាត់ទុក​ចរន្ត​យុវជន​ថា គ្មាន​នរណា​អាច​ទប់​បានឡើយ ហើយ​អនាគត​ត្រូវតែមាន​ការផ្លាស់ប្ដូរ​.............

​សំឡេង​លោក​សម រង្ស៊ី​៖

​ឆ្លើយតប​នូវ​ការលើកឡើង​នេះ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ថា នេះ​ជា​គំនិត​អត្តនោម័ត​របស់លោក សម រង្ស៊ី តែប៉ុណ្ណោះ មិនអាច​យកជាការបាន​នោះទេ​។ លោក សុខ ឥសាន បាន​អះអាង​វិញ​ថា ប្រជាពលរដ្ឋ​ភាគច្រើន មិន​ចង់ឱ្យមាន​ការផ្លាស់ប្ដូរ​ទេ មានតែ​លោក សម រង្ស៊ី តែប៉ុណ្ណោះ ដែល​ចង់ឱ្យមាន​ការប្តូរ​របៀប​ដឹកនាំ​សព្វថ្ងៃ​.............

​សំឡេង​លោក​សុខ ឥសាន​៖

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ បាន​គូសបញ្ជាក់ថា មានតែ​គណបក្ស​ប្រជាជន និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ទេ ដែលជា​ស្ថាបនិក​ដឹកនាំ​ប្រទេស​ឱ្យមាន​សុខសន្តិភាព តាម​នយោបាយ​ឈ្នះៗ អីចឹង​ទេ គ្មាន​រឿង​អ្វីដែល​ប្រជាពលរដ្ឋ ចង់​ផ្ដួលរំលំ ឬមួយ​ចង់​ផ្លាស់ប្ដូរ​របប​ដែលមាន​សុខសន្តិភាព​ដូច​សព្វថ្ងៃនេះ​ទេ​។​

​សូមបញ្ជាក់ថា កាលពី​បោះឆ្នោតជាតិ​ឆ្នាំ​២០១៣ ត្រូវបាន​គេ​មើលឃើញថា សន្ទុះ​យុវជន​មាន​ការកើនឡើង​ខ្លាំង ទាំង​នៅក្នុង​កិច្ចការ​សង្គម និង​កិច្ចការ​នយោបាយ ជាពិសេស​ធ្វើឱ្យ​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​នីមួយៗ មាន​ការប្រែប្រួល​ផងដែរ​។ កាលនោះ​គេ​ធ្លាប់​បានលឺ​សំឡេង​យុវជន​ដែល​គាំទ្រ​គណបក្សប្រឆាំង ស្រែកថា​ដូរ​ឬ​មិន​ដូរ​។ ប៉ុន្តែ​គេ​ក៏​បានលឺ​សំឡេង​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​ស្រែកថា ស៊ូស្លាប់​មិន​ផ្លាស់ប្ដូរ​ឡើយ​៕

ព័ត៌មានផ្សេងទៀត