សួន​ទឹក​កម្សាន្ត​ធំ​ទី​១​នៅ​អាស៊ី​នឹង​ផុស​រូបរាង​ឡើង​ក្នុង​ទឹកដី​កម្ពុជា​នៅ​ឆ្នាំ​២០១៩

ដោយ៖ គង់ ឧត្តម 14-11-2017 11:39 am 739
រូបភាពប្លង់គម្រោងនៃសួនទឹកកម្សាន្តឈ្មោះ អង្គរ វ៉តធឺផាក ដែលនឹងគ្រោងបញ្ចប់ការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០១៩ ។

​សួន​ទឹក​កម្សាន្ត​ធំ​ទី​១​នៅ​អាស៊ី ឈ្មោះ អង្គរ វ៉​ត​ធឺ​ផាក (Angkor Water Park) ដែល​ចំណាយ​ទំហំ​ទឹកប្រាក់​ជាង ៣០​លាន​ដុល្លារ​អាមេរិក​នឹង​បើក​ដំណើរការ​សាងសង់​នៅ​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​នេះ ។ សួន​ទឹក​នេះ សាងសង់​នៅលើ​ផ្ទៃដី ៦​ហិកតា ដែល​ស្ថិត​នៅក្នុង​តំបន់​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ប្រមាណ​១៨​គីឡូម៉ែត្រ​ពី​ភ្នំពេញ ។ នេះ​បើ​តាម លោក​ឧកញ៉ា សេង ញ៉ក់ នាយក​ក្រុមហ៊ុន អិល​វ៉ាយ​ភី​គ្រុប ។​

​លោក​បន្តថា គម្រោង​សួន​ទឹក​កម្សាន្ត​នេះ​នឹង​សាងសង់​រំលេច​ទៅតាម​បែប​រចនា​បថ​សម័យ​អង្គរ​ដែល​មាន​រូប​អប្សរា ដំរី បាយ័ន អង្គរវត្ត លាយឡំ​ទៅ​នឹង​រចនាបថ​សម័យ​ទំនើប​មក​ពី​អឺរ៉ុប និង​អាមេរិក ដោយគ្រោងនឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ​២០១៩  ។​

​លោក​អះអាង​ថា នៅពេល​គម្រោង​នេះ​កើតឡើង កម្ពុជា​នឹង​អាច​ដណ្តើម​តំណែង​សួន​ទឹក​កម្សាន្ត​ធំ​ជាងគេ​នៅក្នុង​អាស៊ី​ពី​ថៃ ពោល​គឺ ធំ​ជាង​សួន​ទឹក​កម្សាន្ត​នៅ​ប៉ា​តា​យ៉ា ប្រទេស​ថៃ ដែល​មានឈ្មោះ Cartoon Network Waterpark រហូតដល់​ទៅ​ជាង​៥០​ភាគរយ​ឯណោះ ។ 

​លោក​ឧកញ៉ា សេង ញ៉ក់ បាន​បញ្ជាក់បន្ថែម​ថា តាមរយៈ​ការវិនិយោគ​សួន​ទឹក​កម្សាន្ត អង្គរ វ៉​ត​ធើ​ផាក ដ៏​ធំ​ជាងគេ​ក្នុង​តំបន់​អាស៊ី​នេះ ក្រុមហ៊ុន​នឹង​ធ្វើឱ្យ​កន្លែង​នេះ​ក្លាយជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ពោល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​រាជធានី​ភ្នំពេញ ក៏​ដូចជា​ប្រទេស​កម្ពុជា និង​អន្តរជាតិ​ផងដែរ ៕

ដកស្រង់ពី Cambonomist.com ។

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត