រដ្ឋមន្ដ្រី​​ការពារជាតិ​​អាមេរិក​ថា​​មិន​ដើរ​ចេញពី​​សង្គ្រាម​ស៊ី​រី​​ដាច់ខាត​​លុះត្រា​​មាន​ការចរចា​

ដោយ៖ ពេញ ផេង 14-11-2017 11:37 am 193
​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​លោក​Jim Mattis

​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​លោក​Jim Mattis បានផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​១៣​វិច្ឆិកា​ថា ក្រុមចម្រុះ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក នឹង​បង្កើន​ការប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ រហូតដល់​ដំណើរការ​សន្ដិភាព​របស់​អង្គការសហប្រជាជាតិ​ចាប់ផ្ដើម​ជាថ្មី​។​ក្រុមចម្រុះ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក បានធ្វើ​ប្រតិ​បត្ដិកា​រយ៉ាង​សស្រាក់ស្រាំ វាយប្រហារ​កម្ទេច​មូលដ្ឋាន​របស់​ក្រុមស​កម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ទាំង​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។​

​លោក​Mattis​បាន​និយាយថា “​យើង​នឹងមិន​ដើរចេញ​ទៅណា​ឡើយ​នៅពេលនេះ រហូតដល់​មានដំណើរ​ការពិភាក្សា​ពី​សន្ដិភាព​ចាប់ផ្ដើម​ជាថ្មី​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​។​អ្នក​ត្រូវធ្វើ​រឿង​មួយចំនួន​សម្រាប់​ភាពច្របូកច្របល់​នៅពេលនេះ មិនមែន​ចូលរួម​ត្រឹមតែ​យោធា​ហើយ​សង្ឃឹម​មាន​សំណាងល្អ​គ្រប់ពេល​នោះទេ​។​”

​អតីត​មេបញ្ជាការ​កងទ័ព​ម៉ា​រី​ន​អាមេរិក​រូបនេះ​បន្ថែមថា គោលដៅ​របស់​ក្រុមចម្រុះ​អន្ដរជាតិ​គឺ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​ស្របពេល​ជាមួយគ្នា​ក៏​ស្វែងរក​ដំណោះស្រាយ​ការទូត ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​ដែរ​។​ត្រូវ​ធ្វើឲ្យ​ប្រាកដថា​បានកំណត់​លក្ខខណ្ឌ​ច្បាស់លាស់ សម្រាប់​ដំណោះស្រាយ​តាមផ្លូវ​ការទូត​។​

​ជា​ការកត់សម្គាល់ ការលើកឡើង​របស់លោក​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​បែបនេះ បន្ទាប់ពី​អាមេរិក​និង​រុស្ស៊ី​បានចេញ​សេចក្ដីថ្លែងការណ៍​រួម​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន និយាយថា​គ្មាន​ដំណោះស្រាយ​យោធា​មក​បញ្ចប់​ជម្លោះ​ស៊ី​រី​ទេ​។​ដោយឡែក​ចំពោះ​កិច្ចចរចា​ជាថ្មី​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា ដឹកនាំ​ដោយ​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ស៊ី​រី​លោក​Staffan de Mistura​។​

​កិច្ច​ចរចា​៧​លើក​កន្លងមក​រវាង​រដ្ឋាភិបាល​ស៊ី​រី​ជាមួយ​ក្រុមប្រឆាំង បាន​បរាជ័យ​ក្នុង​ការដោះស្រាយ​បញ្ហា​ចម្បងៗ ជា​ជោគវាសនា​របស់​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ​។​សូមបញ្ជាក់ថា ចាប់តាំងពី​មាន​ជម្លោះ​នៅ​ស៊ី​រី​ក្នុង​ឆ្នាំ​២០១១ បណ្ដាលឲ្យ​មនុស្សជាង​៣៣​ម៉ឺន​នាក់​ស្លាប់បាត់​បង់ជីវិត​៕

ព័ត៌មានផ្សេងទៀត