កម្ពុជា​-​ចិន​ចុះ MOU លើ​គម្រោង​២​សម្រាប់​បង្កើន​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា​

ដោយ៖ គង់ ឧត្តម 14-11-2017 11:20 am 180
ភាគីចិន និងភាគីកម្ពុជា ក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា នៅទីស្តីការក្រសួងសេដ្ឋកិច្ច ។

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ចំនួន​២ ជាមួយ​ភាគី​ចិន ដើម្បី​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ឱ្យ​កាន់តែ​ប្រសើរ ដែល​រួមមាន​ទាំង​ការកសាង និង​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ស្រូវ​អង្ករ ដូចជា​ការសាងសង់​ឡ​សម្ងួត ឃ្លាំង​ស្តុក​ស្រូវ​ជាដើម ។ ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ 

​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្កើត​ប្រព័ន្ធ​ឃ្លាំង​សាធារណៈ​សម្រាប់​ស្តុក​ស្រូវ​-​អង្ករ ។ គម្រោង​នេះ​នឹង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡ​សម្ងួ​តស្រូវ​-​អង្ករ ចំនួន​១៥​ឃ្លាំង ដែល​មាន​សមត្ថភាព​សម្ងួ​តស្រូវ​សើម​ដល់ទៅ ១៩,៥០០​តោន​ក្នុង​មួយថ្ងៃ និង​មាន​សមត្ថភាព​ស្តុក​ស្រូវ​-​អង្ករ​ស្ងួត​បាន​ដល់​ទៅ​១​លាន​តោន ស្ថិតក្នុង​ខេត្ត​ចំនួន​១១ ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ។​

​គម្រោង​នេះ​រំពឹងថា​នឹង​បង្កើន​លទ្ធភាព​ទទួល​ឥណ​ទាន សម្រាប់​ពង្រីក​ទុន​បង្វិល​ដែល​នឹង​កាត់បន្ថយ​ការហូរ​ចេញ​ស្រូវ​ទៅ​ប្រទេស​ជិតខាង ពង្រឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ស្រូវ បង្កើន​ការបញ្ជាទិញ​សម្រាប់​ការនាំចេញ បង្កើន​តម្លៃបន្ថែម និង​ចំណូល​ក្នុង​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា ព្រមទាំង​ធ្វើឱ្យ​តម្លៃ​ស្រូវ​មាន​ស្ថិរភាព​សម្រាប់​កសិករ ។​

​សូម​រំឭកថា អនុស្សារណៈ​នៃ​ការយោគយល់​ទីមួយ គឺ​មាន​បំណង​សម្របសម្រួល​កិច្ចសហប្រតិបត្តិកា​ររ​វាង ស្ថាប័នរដ្ឋ​នៃ​ប្រទេស​ទាំង​២ ដើម្បី​ធានា​ភាព​ជោគជ័យ​នៃ​គម្រោង និង​ទី​ពីរ គឺ​មាន​បំណង​កំណត់​មូលដ្ឋាន​សម្រាប់​រៀបចំ និង​អនុវត្ត​គម្រោង រួម​មាន​ការសាងសង់ ប្រតិបត្តិការ និង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​គម្រោង ។​

​គូសបញ្ជាក់ថា តាមរយៈ​ការចុះ​អនុស្សារណៈ​នៃ​ការយោគយល់​ជា​មួយ​ចិន រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ស្នើ​ប្រើប្រាស់​ឥណទាន​សម្បទាន​ពី​ចិន ដើម្បី​អនុវត្ត​គម្រោង​នេះ ដោយ​វិនិយោគ​លើ​ការសាងសង់​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ និង​ឡ​សម្ងួត នៅ​ទីកន្លែង​ចាំបាច់​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​សេវា​ស្តុក និង​សម្ងួត​ជូន​កសិករ ពាណិជ្ជករ ក្នុងតម្លៃ​ទាប​សមរម្យ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត