អ្នកគាំទ្រ​សង្គ្រោះ​ជាតិ​​នៅ​បារាំង​​ស្នើ​កុំឲ្យ​មាន​​ការចរចា​​ជាមួយ​គណប​ក្ស​​កាន់អំណាច ​

ដោយ៖ ខាត់ សុធី 14-11-2017 11:20 am 1026
លោកសម រង្ស៊ី លោកកឹម សុខា និងលោកហ៊ុន សែន ក្នុងជំនួបចរចាកន្លងមក

​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​បារាំង បានចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មួយ​កាលពី​ម្សិលមិញ ជុំវិញ​ស្ថានការណ៍​ដែល​កំពុង​រង​នូវ​ការ​វាយ​សន្ធាប់​យ៉ាង​ចាស់ដៃ មកលើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រយៈកាល​ចុងក្រោយ​នេះ​។​

សេចក្តីថ្លែងការណ៍ បានបង្ហាញ​ពី​ទឹកចិត្ត​គាំទ្រ​យ៉ាង​មុតមាំ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ថា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​តែ​សភាពការណ៍​ចុងក្រោយ​នេះ ក្រុម​ខាងលើ កំពុងតែ​ទទួលស្គាល់ថា ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​បែកបាក់ ដែល​វិបត្តិ​ន​នេះ ជា​អ្វីដែល​ដៃ​គូបដិបក្ខ​នយោបាយ ចង់បាន ដោយមាន​ការរួមចំណែក ពី​សមាជិក​និង អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចេតនា និង​អ​ចេតនា​មួយចំនួន​ផងដែរ ដោយ​ហេតុផល​ផ្សេងៗ​។​

​ក្រុម​នេះ បានបង្ហាញ​ពី​ការគាំទ្រ​លើ​ការអំពាវនាវ​របស់លោក​កឹម សុខា​កន្លងមក សុំឲ្យ​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីសកោះប្រជុំ ដើម្បី​ធ្វើឲ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។​

​ជា​ចំណុច​ចាប់អារម្មណ៍​មួយ ក្រុម​ខាងលើ បាន​ស្នើសុំ​កុំឲ្យ​មាន​ការចរចា​ណាមួយ​ជាមួ​យ​គណបក្សកាន់អំណាច នៅមុន​អន្តរជាតិ​ដាក់ទណ្ឌកម្ម​មកលើ​រដ្ឋាភិបាល​របស់លោក​ហ៊ុន សែន​ឲ្យសោះ គឺ​ត្រូវ​រង់ចាំ​ឲ្យមាន​ការដាក់ទណ្ឌកម្ម​ជាមុ​ន​សិន ដែល​ក្រុម​នេះ​វាយតម្លៃថា ទើប​អាច​ស្ថាបនា​ជាថ្មី នូវ​ស្ថាប័ន​ប្រជាធិបតេយ្យ​ពហុបក្ស​នៅ​កម្ពុជា​។​ឯ​ចំណុច​មួយទៀត ក៏​អំពាវនាវ​កុំឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត ប្រសិនបើ​ការរៀបចំ​គ្មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​។​

​ប៉ុន្តែ​ទាក់ទង​នឹង​ការចរចា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បញ្ជាក់ថា នេះ​ជាការ​យល់សប្តិ​។​លោក​ថា កុំ​សង្ឃឹមថា​មាន​ការចរចា​ឲ្យសោះ ហើយក៏​គ្មាន​ប្រទេស​ណា​មាន​សិទ្ធិ​ដាក់ទណ្ឌកម្ម​មកលើ​កម្ពុ​ជា​ដែរ ឯ​ការកោះប្រជុំ​ពី​ប្រទេស​ហត្ថលេខី ទីក្រុង​ប៉ារីស​ក៏​រិត​តែ​គ្មាន​ទៅទៀត ពីព្រោះ​កិច្ចព្រមព្រៀង​នេះ​បាន​ស្លាប់​ដោយ​រលាយ​ធាតុ​ទៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ហើយ​...........

​សំឡេង​លោក​សុខ ឥសាន​៖

ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ជំហរ​របស់ខ្លួន​មួយចំនួន ក្នុងនោះ​គាំទ្រ​លោក​កឹម សុខា តែមួយគត់​ជា​ប្រធាន​គណបក្ស​ស្របច្បាប់​, មានតែ​ប្រធាន និង​ស្ថាប័ន​ផ្សេងទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែងតាំង​ដោយ​សមាជ អាចធ្វើ​ការសម្រេចចិត្ត​ទាំងឡាយ​ក្នុងនាម​គណបក្ស​។ ឯ​សេចក្តីថ្លែងការណ៍ និង​ការ​សម្រចចិត្ត របស់​សមាជិក និង​អ្នកគាំទ្រ នៅក្រៅ​ស្ថាប័ន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកជា​សកម្មភាព​ឯកជន មិន​ចាត់ទុកជា​ការទទួលខុសត្រូវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​៕


ព័ត៌មានផ្សេងទៀត