កូរ៉េខាងជើង​​ប្តឹង​រឿង​អាមេរិក​​ធ្វើ​សមយុទ្ធ ជាមួយ​កូរ៉េខាងត្បូង​ទៅUN

ដោយ៖ អ៊ុន សុខឡា 14-11-2017 10:40 am 1396

​បន្ទាប់ពី​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​យក​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ទៅ​ជជែក វែកញែក ជាមួយ​មេដឹកនាំ​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ី ពេលនេះ​ដល់​វេន​កូរ៉េខាងជើង ចាប់កំហុស​អា​មរិក ប្តឹង តវ៉ា​ទៅ​អង្គការសហប្រជាជាតិ ( UN )​ វិញ​ម្តង​។ កូរ៉េខាងជើង តាមរយៈ​លិខិត ផ្ញើជូន​អង្គការសហប្រជាជាតិ បានបង្ហាញ​ការមិន​ពេញចិត្ត​ទាល់តែសោះ ចំពោះ​អាមេរិក ដែល​បានធ្វើ​សមយុទ្ធ​រួម​ទ្រង់ទ្រាយ​ធំ​ជាមួយ​កូរ៉េ​ខា​ត្បូង​។​

​កាលពី​ថ្ងៃ​ចន្ទ ទីក្រុង​ព្យុងយ៉ាង​លើកឡើងថា សមយុទ្ធ​ដែលមាន​ដាក់ពង្រាយ​នាវា​អាមេរិក​ចំនួន​បី​គ្រឿង​នោះ បានធ្វើឲ្យ​មានភាព​តានតឹង​កើនឡើង ដែល​អាច​នឹង​បង្កើតឲ្យមាន​សង្គ្រាម​នុយក្លេអ៊ែរ​ផ្ទុះឡើង​។ ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង លោក​ចា សុង​ណា​ម​បាន​និយាយ នៅក្នុង​លិខិត​មួយ ផ្ញើជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ថា នេះ គឺជា "​ស្ថានភាព​អាក្រក់​បំផុត ដែល​មិន​ធ្លាប់មាន​នៅក្នុង​និង​នៅ​ជុំវិញ​ឧបទ្វីប​កូរ៉េ​" ។​

​អាមេរិក​បានធ្វើ​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​រយៈពេល​៤​ថ្ងៃ ដោយ​ចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍ នៅ​ភាគ​ខាងលិច​សមុទ្រ​ប៉ាស៊ីហ្វិក មាន​ការចូលរួម​ពី​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ចំនួន​៣​គ្រឿង រួមមាន USS Ronald Reagan, USS Nimitz និង USS Theodore Roosevelt និង​មាន​ការចូលរួម​ពី​នាវា​របស់​កូរ៉េខាងត្បូង​ចំនួន​៧​គ្រៀង នៅ​ក្នុងនោះ មាន​នាវា​ពិឃាត​៣​គ្រឿង​។ បន្ថែម​លើ​នេះ អាមេរិក​ជា​ញឹកញាប់ បាន​ប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ B-52 និង យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B និង B-2 ហោះ​សម្ងែង​នៅក្នុង​លំហ​អាកាស​របស់​កូរ៉េខាងត្បូង​ផងដែរ​។ ទិដ្ឋភាព​នៃ​សមយុទ្ធ​ដ៏​គគ្រឹកគគ្រេង​លើមហាសមុទ្រនេះ អាមេរិក​ថែម​ទាំង​អនុញ្ញាត ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ចូលរួម​ផ្តិត​យក​រូបភាព ដើម្បី​ផ្សព្វផ្សាយ​ឲ្យបាន​កាន់តែ​ទូលំទូលាយ​។​

បើតាម​កូរ៉េខាងជើង​ថា នេះ​គឺជា​សមយុទ្ធ​នុយក្លេអ៊ែរ​ទ្រង់ទ្រាយ​ធំ​ណាស់។ កូរ៉េខាងជើង​ដែល​តែងតែ​ត្រូវបាន​ក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្ម​ជា​ញឹកញាប់ ពាក់ព័ន្ធ​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​កន្លងមក បាន​ស្តីបន្ទោស​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ​ថា បិទ​ភ្នែក មិន​អើពើ ចំពោះ​សមយុទ្ធ​នុយក្លេអ៊ែរ​របស់​អាមេរិក ដែល​អាច​នាំឲ្យមាន​មហន្តរាយ​ដល់​មនុស្ស​ជាតិ​។​

​ជុំវិញ​ការប្តឹងតវ៉ា​របស់​កូរ៉េខាងជើង​នេះ មិនទាន់មាន​ការឆ្លើយ​តប​បែបណា ពី​អង្គការសហប្រជាជាតិ​នៅឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃទី​១៤​វិច្ឆិកា​នេះ ហើយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ក៏​មិនទាន់​មានប្រតិកម្ម​បែបណា​នៅឡើយ​ដែរ ចំពោះ​ការចោទប្រកាន់​របស់​ទីក្រុង​ព្យុងយ៉ាង​៕

ព័ត៌មានផ្សេងទៀត