កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​២​លើ​ពាណិជ្ជកម្ម​សេរី​និង​វិនិយោគ​រវាង​អាស៊ាន​-​ហុងកុង​

ដោយ៖ Vayofm Teams 13-11-2017 6:22 pm 409

​ក្នុងអំឡុងពេល​អមដំណើ​រលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម រួម​ជាមួយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​រដ្ឋលេខាធិការ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ចិន​ហុងកុង បាន​ចុះ ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់​ចំនួន​ពីរ​គឺ​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន​-​ហុងកុង និង​កិច្ចព្រមព្រៀង​ស្តីពី​វិនិយោគ រវាង​អាស៊ាន និង​ហុងកុង​។​នេះ​បើ​យោង​តាម​ការចុះផ្សាយ​នៅ លើ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១៣​វិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​

​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម នេះ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត​ដែល​ក្រសួង​ពាណិជ្ជកម្ម និង​ស្ថាប័ន ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបាន​ក្នុងការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក បន្ទាប់​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុម័ត​យល់ព្រម​លើ សេចក្តីព្រាងច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម និង​អនុម័ត​យល់ព្រម​លើ​ពិធីសារ នៃ​ការអនុវត្ត​កិច្ច ព្រម ព្រៀង​អាស៊ាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ខែតុលា ឆ្នាំ​២០១៧ កន្លងទៅ​។​

​គោលបំណង​សំខាន់ៗ នៃ​កិច្ចព្រមព្រៀង​ទាំង​ពីរ​គឺ​៖ (១) កាត់បន្ថយរ​បាំង​ចំពោះ​លំហូរ​ពាណិជ្ជកម្ម​ទំនិញ សេវា និង​វិនិយោគ ធើ្វ​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​នូវ​ការផ្សារភ្ជាប់​សេដ្ឋកិច្ច កាត់បន្ថយ​ចំណាយ​សម្រាប់​ធុរជន បង្កើន​ពាណិជ្ជកម្ម ពង្រឹង​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​បង្កើត​ទីផ្សារ​កាន់តែ​ធំ​ទូលាយ​ជាមួយ​កាលានុវត្តភាព​ច្រើន​ជាង​មុន និង​សេដ្ឋកិច្ច​មាត្រដ្ឋាន​កាន់តែ​ធំ​សម្រាប់​ធុរកិច្ច (២) ធ្វើ​ពិពិធ​កម្ម និង​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ភាគី (៣) ផ្តល់​ការអនុគ្រោះ​ពិសេស និង​ដោយឡែក ចំពោះ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ថ្មី ដូចជា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ដើម្បី​បង្កើន​ការចូលរួម​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ជាង​មុន និង​ពង្រីក​ការនាំចេញ តាមរយៈ​ការបង្កើន​សមត្ថភាព ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​ក្នុង​ស្រុក (៤) ជួយ​ទ្រទ្រង់​ដល់​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​តំបន់ និង​ពិភពលោក និង​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​

នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន នឹង​ធ្វើឲ្យ​មាន​ភាពល្អប្រសើរ​ឡើង​នូវ​លំហូរ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន រួម​មាន​កម្ពុជា​ផង ក៏ដូចជា ហុងកុង​។ លើសពីនេះ​ទៀត នឹង​បង្កើន​ការតភ្ជាប់​សេដ្ឋកិច្ចរ​វា​ង​អាស៊ាន​ហុងកុង តាមរយៈ​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម និង​វិនិយោគ​។ កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​កិច្ចព្រមព្រៀង​នេះ ដោយសារ​ហុងកុង ជា​ទីផ្សារ​មូលធន​ដ៏​ធំ​។​

គួររំលឹកថា កិច្ចព្រមព្រៀង​សំខាន់​ទាំងពីរ ត្រូវបាន​ចាប់ផ្តើម​ចរចា​ដំបូង​នៅ​ឆ្នាំ​២០១៤ និង​បាន​បញ្ចប់​នា​កិច្ចប្រជុំ​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម​អាស៊ាន​-​ហុងកុង លើក​ទី​១០ នៅ​ទីក្រុង​បាងកក ថៃឡង់​ដ៏ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៧​។ ក្រោយ​នោះ មាន​ការងារ​បច្ចេកទេស​លម្អិត​ជាច្រើន ត្រូវ​បាន​បន្ត​ធ្វើ ដូចជា​ការងារ​រៀបចំ​ឲ្យមាន​ការឯកភាព​គ្នា​ក្នុង​ការប្រើប្រាស់​ពាក្យពេចន៍​គន្លឹះ​មួយ​ចំនួន តារាង​បញ្ចុះ​ពន្ធគយ​ចុងក្រោយ ទម្រង់​រួម​នៃ​តារាង​ពន្ធ​គយ​។​ល​។ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៧ ប្រធាន​ក្រុម​ចរចា​បាន​ឈាន​ដល់​ការឯកភាព​គ្នា​ទាំងស្រុង​លើ​អត្ថបទ​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង ដែល​រួចរាល់​សម្រាប់​ការចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជាមួយ​រដ្ឋលេខាធិការ​នៃ​ចិន​ហុងកុង​៕

ដោយ​ប៉ា សុ​ខេង​

ព័ត៌មានផ្សេងទៀត