សង្គម​ស៊ីវិល​១២​ស្ថាប័ន​៖ ការរំលាយ​CNRP​គឺ​មិន​គោរព​សំឡេង​ឆន្ទៈ​ពលរដ្ឋ​៣​លាន​នាក់​

ដោយ៖ គង់ ឧត្តម 13-11-2017 5:28 pm 693

​សេចក្តីថ្លែងការណ៍​ដែល​វិទ្យុ​វាយោ​ទទួលបាន​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​នេះ បញ្ជាក់ថា ស្ថាប័ន​សមាគម​និង​សង្គម​ស៊ីវិល​ចំនួន​១២​នោះ សម្តែង​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រកួតប្រជែង​ដ៏​ធំ​មួយ​នៅ​កម្ពុជា ។ ការរំលាយ​គណបក្សប្រឆាំង​រហូត​មិន​អាច​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​នៅ​ឆ្នាំក្រោយ​នេះ នឹង​បង្ក​ទៅ​ជា​បញ្ហា​នៃ​ភាពត្រឹមត្រូវ​តាម​ច្បាប់​ជាតិ អន្តរជាតិ និង​យុត្តិធម៌ ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ហើយ​ក៏​នឹង​នាំ​ឱ្យ​ធ្លាក់ចុះ​ខ្លាំង​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​ជាមួយ​គុណភាព​ពហុបក្ស​នៅ​កម្ពុជា ។​

​មន្ត្រី​ផ្នែក​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល លោក យឿ​ង សុធា​រ៉ា បាន​ថ្លែង​ប្រាប់​វិទ្យុ​វាយោ​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ថា កាលណា​ពុំ​មាន​ការចូលរួម​ប្រកួតប្រជែង​ពី​សំណាក់​គណបក្ស​ប្រឆាំង នោះ​នឹង​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​នៃ​ការរៀបចំ​បោះឆ្នោត​នៅ​កម្ពុជា និង​ប៉ះពាល់​ដល់​ការទទួលស្គាល់​ពី​សហគម​ន៍​អន្តរជាតិ​…
​សំឡេង​លោក យឿ​ង សុធា​រ៉ា ៖

​យ៉ាងណាម៉ិញ សេចក្តីថ្លែងការណ៍​ដដែល​ក៏​បាន​បញ្ចាក់​ផងដែរ​ថា ការអនុវត្ត​រូបមន្ត​ថ្មី​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​បែងចែក​អាសនៈ នឹង​ធ្វើឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន និង​អយុត្តិធម៌​ធ្ងន់ធ្ងរ​ចំពោះ​សំឡេង​ម្ចាស់ឆ្នោត ។ ម្យ៉ាងទៀត បើ​ក្នុង​ករណី​រំលាយ និង​បែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​មិន​គោរព​សំឡេង​ឆន្ទៈ​ប្រជាពលរដ្ឋ​ប្រមាណ ៣​លាន​នាក់​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​នេះ ។​

​គូសបញ្ជាក់ថា បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ធ្វើឡើង​កាល​ថ្ងៃទី​០៦ ខែតុលា ដោយ​ក្រុម​មេធាវី​៥​រូប របស់​ក្រសួង​មហាផ្ទៃ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ និង​គណបក្ស​យុវជន​កម្ពុជា​របស់​លោក ពេជ្រ ស្រស់ ពី​បទ​ឃុបឃិត​នឹង​បរទេស​ដើម្បី​រំលាយ​រដ្ឋាភិបាល​កម្ពុជា ។ តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ៕  

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត