​បើ​ត្រូវ​រំលាយ​មែន តើ​គណបក្ស​ណាមួយដែល​​អាចជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​?

ដោយ៖ សៅ វិសាល 13-11-2017 5:11 pm 3727

​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ខាងមុខនេះ ភាពជាក់លាក់ នៃ​ការរំលាយ ឬ​មិន​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា នឹង​ត្រូវ​បាន​បង្ហាញ​។ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ថ្ងៃ​កំណត់​ជោគវាសនា គណបក្ស​ប្រឆាំង​មួយ​នេះ មតិ​២​ផ្ទុយគ្នា ជុំវិញ​ការរំលាយ និង​មិន​រំលាយ នៅតែ​ត្រូវបាន​លើក​មក​ជជែក​វែកញែក​ជា​ហូរហែ​។​

​យ៉ាងណាក៏ដោយ មាន​មតិ​មួយចំនួន​បាន​លើកឡើង​ថា ក្នុង​លក្ខខណ្ឌ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ ដោយ​អំណាច​សាលក្រម របស់​តុលាការ​កំពូល​មែន​នោះ តើ​គណបក្ស​ណាមួយ ដែល​អាច​ស្នង​តំណែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ទទួល​ការបោះ​ឆ្នោត​គាំទ្រ ពី​ប្រជាពលរដ្ឋ​?

​លោក​ហង្ស ពិ​ទូ អ្នកវិភាគ​វ័យក្មេង បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា​នេះ​ថា មាន​គណបក្ស​២ ដែល​អាច​នឹង​ទទួល​ការគាំទ្រ ពី​ប្រជាពលរដ្ឋ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ នោះ​គឺ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​(GDP) និង​គណបក្ស​សម្ព័ន្ធដើម្បី​​ប្រជាធិបតេយ្យ​(LDP)​។ ប៉ុន្តែ គណបក្ស​ទាំង​២​នេះ នៅ​មិនទាន់​មាន​សមត្ថភាព និង​លទ្ធភាព គ្រប់គ្រាន់ ដើម្បី​ក្លាយ​ជា​គណបក្សប្រឆាំង ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ​។​

សំឡេង​

លោក​សូរ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ បានបញ្ជាក់​ថា លោក​នៅ​មិនទាន់​មើលឃើញថា មាន​គណបក្ស​ណាមួយ ដែល​អាច​មក​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ក្លាយ​ជា​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ឡើយ​។ ប៉ុន្តែ​លោក​ថា បើ​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​មែន នោះ​អាច​នឹង​មាន​គណបក្ស​ថ្មី​មួយទៀត​កើតឡើង​។ តែ​លោក​មិន​ចង់​ឃើញ​នូវ​រូបភាព​បែបនេះ​ទេ​?

សំឡេង​

​សូមបញ្ជាក់​ថា បើ​មិន​មាន​ការប្រែប្រួល​ទេ តុលាកា​កំពូល នឹង​បើក​សវនាការ លើ​សំណុំរឿង​ស្នើ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត