៣​ថ្ងៃ​​ទៀត​!​ រំលាយ ​ឬ​មិន​​រំលាយ​?​

ដោយ៖ ខាត់ សុធី 13-11-2017 4:42 pm 1385

​មជ្ឈដ្ឋាន​ជាតិ ទាំង​អ្នកគាំទ្រ​រដ្ឋាភិបាល និង​អ្នកគាំទ្រ​គណបក្សប្រឆាំង រួមទាំង​សហគមន៍​អន្តរជាតិ ផង កំពុងតែ​ទន្ទឹង រង់ចាំ​មើល​ដល់​ថ្ងៃទី​១៦ វិច្ឆិកា ដែលជា​ថ្ងៃ​កំណត់​របស់​តុលាការ​កំពូល ក្នុងការ​បើកសវនាកា​រលើ​បណ្តឹង​ក្រសួងមហាផ្ទៃ ស្នើឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ពី​ថ្ងៃនេះ​ទៅ នៅសល់តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការជជែក​ពី​ការ​ទស្សន៍ទាយ​លើ​ជោគវាសនា​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ នៅតែ​មិនទាន់​ដាច់ស្រេច រហូត​មានការ​ភ្នាល់​គ្នា​ទៀតផង​។​

​បើតាម​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន គឺ​ជឿជាក់​១០០%​ថា តុលាការ​កំពូល​នឹង​រំលាយ​គណប្សប្រឆាំង​នេះ ដោយ​លោក​ប្រកាស​ភ្នាល់​១០០ ស៊ី​តែ​១​ទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​ត្រូវ​រំលាយ នៅ​ថ្ងៃទី​១៦ វិច្ឆិកា​នេះ មិន​ខាន​។​

លោក​ហង្ស ពិ​ទូ ជា​យុ​ជន​ដែល​តែងតែ​ចាប់អារម្មណ៍ និង​បាន​តាមដាន​ស្ថានការណ៍​នយោបាយ នៅ​កម្ពុជា​មួយរូប ហាក់​ប្រាកដ​ក្នុង​ចិត្ត​១០០% ដូច​លោក​ហ៊ុន សែន​ដែរ​។​លោក​អះអាងថា បើ​គណបក្សកាន់អំណាច​ប៉ុនប៉ង​ហើយ អ្វីៗ​ក៏​អាច​ធ្វើបាន ព្រោះ​អំណាច​ស្ថិត​លើ​គណបក្ស​នេះ​។ លោក​ថា គ្រោះ​ធំ​របស់​គណបក្ស​នេះ មិន​ត្រឹមតែ​ការរំលាយ​គណបក្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្បាលម៉ាស៊ីន​សំខាន់ៗ​នៃ​គណបក្ស​នេះ​ជាង​១០០​នាក់ ក៏​នឹងត្រូវ​ហាមឃាត់​មិន​ធ្វើ​សកម្មភាព​នយោបាយ​..............

សំឡេង​លោក​ហង្ស ពិ​ទូ​៖

​លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​សង្គម​មួយរូប​ដែរនោះ យល់ថា លទ្ធភាព​រំលាយ​មាន​ច្រើន តែ​មិន​១០០%​ទេ​។​លោក​ថា ១០ ឬ​១៥% អាច​នឹងមិន​រំលាយ​វិញ ពីព្រោះ​ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​១៦ វិច្ឆិកា ស្ថានការណ៍​អាច​នឹង​ប្រែប្រួល​វិញ​.......

​សំឡេង​លោក​មាស នី​៖

​ចំណែក​លោក​សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ មិន​ហ៊ាន​សន្និដ្ឋាន​បែបណា​ទេ ព្រោះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។ ប៉ុន្តែ​លោក​ថា​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មិនមាន​ប្រយោជន៍​អ្វី​សម្រាប់​ជាតិ ផ្ទុយទៅវិញ​វា​ជា​រឿង​ខាតបង់​មួយ​សម្រាប់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅវិញ​.....

​សំឡេង​លោក​សូ ចន្ថា​៖

​ដោយឡែក​សម្រាប់​លោក​ឯ​ម វណ្ណា​រ៉ា អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ យល់ថា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រូវបាន​រំលាយ​ទេ​។​លោក​ថា ពេលនេ គណបក្ស​សង្គ្រោះ​ជាតិ​អាចមាន​វិធីសាស្ត្រ​មួយ ដើម្បី​រក្សា​គណបក្ស​ឲ្យនៅ​ដដែល​......

​សំឡេង​លោក​ឯម វណ្ណា​រ៉ា​៖

​ទាំងនេះ សុទ្ធតែជា​ទស្សនៈ​យល់ឃើញ​របស់​អ្នកវិភាគ អ្នកតាមដាន​ស្ថានការណ៍​សង្គម​។​តែ​លទ្ធផល​រំលាយ ឬ​មិន​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ គេ​ត្រូវ​រង់ចាំ​យ៉ាង​អន្ទះសារ រហូតដល់​ថ្ងៃទី​១៦ វិច្ឆិកា ខាងមុខ ដែល​នៅសល់​មិន​ដល់​៣​ថ្ងៃ​ទៀត​នេះ​។​

​បើតាម​លោក​សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួនឯង​នៅឯ​ក្រៅប្រទេស កាលពី​ម្សិលមិញ បាន​បញ្ចេញ​សារ​ឌឺដង​ដល់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន ដោយ​លោក​បាន​ជំរុញ​ឲ្យ​រំលាយ​គណបក្សប្រឆាំង​ឲ្យបាន​ឆាប់​ដោយ​ថា សម្ពាធ​ទាំងអស់​នឹង​ធ្លាក់​ទៅលើ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ​លោក​សម រង្ស៊ី បាន​បញ្ជាក់ថា បន្ទាប់ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ រដ្ឋាភិបាល​មួយ​នេះ នឹង​មិនមាន​ភាពស្រប​ច្បាប់​ចាប់ពី​ឆ្នាំក្រោយទៅ ដោយសារ​អន្តរជាតិ​ មិន​ទទួលស្គាល់​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​៕ 

ព័ត៌មានផ្សេងទៀត