ជួបគ្នា​លើកដំបូង​​លោក​ត្រាំ​ថា​​មាន​ទំនាក់ទំនង​ល្អ​​ជាមួយ​​លោក​ឌុយ​ទែ​តេ​

ដោយ៖ ពេញ ផេង 13-11-2017 4:31 pm 276
លោកដូណាល់ ត្រាំ​(ឆ្វេង)​​និងលោកឌុយទែតេ​ក្នុងកិច្ចជំនួប

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា លោក​មាន​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ បន្ទាប់ពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ហ្វីលីពីន​។​នៅ​មិនទាន់​ច្បាស់​ថា លោក​ត្រាំ​បានលើកឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន​ដែរ​ឬ​យ៉ាងណាទេ ទោះបី​កន្លងមក​មាន​ការស្នើសុំ​ឲ្យ​លោក និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​ក៏ដោយ​។​

​រដ្ឋបាល​អាមេរិក​អាណត្ដិ​មុន​បានប្រឆាំង​ដាច់ខាត​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក​ឌុយ​ទែ​តេ ដែល​សម្លាប់​មនុស្ស​ប្រមាណ​ជិត​៤​ពាន់​នាក់​។​ចំពោះ​កិច្ចប្រជុំ​លើកដំបូង​របស់លោក​ត្រាំ​ជាមួយ​លោក​ឌុយ​ទែ​តេ ត្រូវបាន​គេ​តាមដាន​យ៉ាង​យកចិត្ដទុកដាក់ ដោយសារតែ​មេដឹកនាំ​ទាំងពីរ​ត្រូវគេ​ស្គាល់​ថា មាត់ឆៅ​និង​ប្រើ​ពាក្យសម្ដី​កាច​ដូចគ្នា​។​

បន្ទាប់ពី​កិច្ចប្រជុំ​បិទទ្វារ​តែ​ពីរ​នាក់ ប្រធានាធិបតី​អាមេរិក​មិនបាន​ឆ្លើយតប​នឹង​សំណួរ​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​ទេ ស្របពេល​អ្នកនាំពាក្យ​លោក​ឌុយ​ទែ​តេ​និយាយថា ប្រធានបទ​នេះ​មិន​ត្រូវបាន​ពិភាក្សា​ឡើយ​។​ក្រោយមក​អ្នកនាំពាក្យ​សេត​វិមាន​អ្នកស្រី​Sarah Sanders​បញ្ជាក់ដែរថា ប្រធានបទ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស​បានលើកឡើង​ដោយ​ខ្លី នៅក្នុង​កិច្ចប្រជុំ​របស់​មេដឹកនាំ​ទាំងពីរ ប៉ុន្ដែ​អ្នកស្រី​មិន​ផ្ដល់ព័ត៌មាន​លម្អិត​។​

​សូម​ជម្រាបជូន​ថា សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន ត្រូវ​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រទេស​លោកខាងលិច និង​ក្រុម​សិទ្ធិមនុស្ស​អន្ដរជាតិ​។​ប៉ុន្ដែ​លោក​ប្រធានាធិបតី​ធ្លាប់​ឆ្លើយតប​ថា បញ្ហា​នៅ​ហ្វីលីពីន​គឺ​ហ្វីលីពីន​ជា​អ្នកដោះស្រាយ​ខ្លួនឯង គ្មាន​នរណាម្នាក់​អាច​ជ្រៀតជ្រែក​បាន​ដាច់ខាត​៕

ព័ត៌មានផ្សេងទៀត