អ្នកវិភាគ​៖​​ស្ថានការណ៍​​នយោបាយ​​អាច​នឹង​​ប្រែប្រួល​ មុន​ថ្ងៃ​​១៦ វិច្ឆិកា​​

ដោយ៖ ខាត់ សុធី 13-11-2017 1:05 pm 6005

​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី ប្រកាសថា លោក​នឹងចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ បើទោះបីជា​គណបក្ស​នេះ​ត្រូវ​រំលាយ ឬ​មិន​រំលាយ នៅថ្ងៃនោះ​ក៏ដោយ​។ ប៉ុន្តែ​លោក សម រង្ស៊ី បញ្ជាក់ថា លោក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងនាម​ជា​សមាជិក​ធម្មតា​ប៉ុណ្ណោះ​។​លោក​ថា ពីមុន​ដែល​លោក​សម្រេចចិត្ត​លាលែង គឺធ្វើឡើង​ដោយ​បង្ខំ ព្រោះ​មិន​ចង់ឲ្យ​គេ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តែបើ​ឥឡូវ​គេ​នៅតែ​ប៉ុនប៉ង​រំលាយ​ដដែល លោក​ត្រូវតែ​ចូលរួម​វិញ​។​

​តែ​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ចំអក​លោក​សម រង្ស៊ី​ថា មានតែ​ចូលទៅក្នុង​គណបក្ស​ខ្មោច ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​រំលាយ​ហើយ​។​លោក​សុខ ឥសាន​ថា​ការនិយាយ​របស់លោក​ស​ម រង្ស៊ី​បែបនេះ គឺ​ឆ្លុះបញ្ចាំង​នយោបាយ​ក្រឡិចក្រឡុច ម្តង​និយាយ​យ៉ាងនេះ ម្តង​និយាយ​យ៉ាងនោះ តាម​កំហឹង​ខ្លួនឯង​តែប៉ុណ្ណោះ​។​លោក​បន្តថា ទង្វើ​របស់លោក​សម រង្ស៊ី មិនបាន​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ តែ​វា​កាន់តែ​ដាក់បន្ទុក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​រលាយ​ឆាប់​ទៅវិញ​ទេ​....

​សំឡេង​លោក​សុខ ឥសាន​៖

​សម្រាប់​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មួយរូប​នៅ​កម្ពុជា លោក​បណ្ឌិត​មាស នី ថា លោក​នៅតែមាន​ការសង្ស័យ​ថា​គូរ​នយោបាយ​ទាំងពីរ មាន​យុទ្ធសាស្ត្រ​នៅ​ពី​ខាងក្រោយ​រៀងៗ​ខ្លួន​។​លោក​មើលឃើញថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទំនងជា​ចង់​ពន្យារពេល​មិនទាន់​ចង់ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឆាប់ៗ​នោះទេ ដោយ​អាច​រង់ចាំ​មើល​សញ្ញា​បែកបាក់ ជាជាង​ការរំលាយ ឯ​លោក​សម រង្ស៊ី ចង់ឲ្យ​បុស​ធ្លាយ​នៅ​ថ្ងៃទី​១៦ ព្រោះ​បើ​អូសបន្លាយ​យូរ អាច​ទប់​នឹង​ប្រព័ន្ធ​ចារកិច្ច ក្នុង​ការអុកឡុក ដើម្បីឲ្យ​បែកបាក់​មិនបាន​....

សំឡេង​លោក​មាស នី​៖

​តែ​យ៉ាងណា​លោក​មាស នី មើលឃើញ​ពី​លទ្ធភាព​រំលាយ​ច្រើន​នៅ​ថ្ងៃទី​១៦ នេះ​។ លោក​ថា ការផ្ញើ​ពាក្យសម្តី​ឌឺដង​របស់លោក​សម រង្ស៊ី​នេះ ជាការ​រុញ​ទូក​បណ្តោយ​ទឹក ដើម្បី​កុំឲ្យ​ជំងឺមហារីក​រាលដាល​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែខ្លាំ​។​លោក​មាស នី ថា មេដឹកនាំ​នយោបាយ​ទាំងពីរ កំពុងតែ​យក​ថ្ងៃទី​១៦ វិច្ឆិកា ជា​ឱ​សា​វាទ​រៀងខ្លួន ដោយ​ម្ខាង​ជា​ឱ​សា​វាទ​ត្រូវតែ​រំលាយ​ផ្អែកលើ​ផ្លូវច្បាប់ ឯ​ឱ​សា​វាទ របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​រំលាយ​ឲ្យ​ឆាប់​នៅ​ថ្ងៃទី​១៦ វិច្ឆិកា​នេះ​តែម្តងទៅ កុំ​ទុក​អូសបន្លាយ​យូរ​នាំ​ក្លាយជា​ជំងឺ​រាំ​រ៉ៃ ពិបាក​ព្យាបាល​៕ 

ព័ត៌មានផ្សេងទៀត