មេដឹកនាំ​ចិន​​និង​វៀតណាម​​ពិភាក្សា​ពី​ជម្លោះ​​សមុទ្រ​ចិន​ខាងត្បូង​​ដែលជា​បញ្ហា​ក្ដៅ​

ដោយ៖ ពេញ ផេង 13-11-2017 10:48 am 912
ទិដ្ឋភាព​កោះសិប្បនិម្មិត​ដែលចិន​សាងសង់​ក្នុងសមុទ្រចិន​ខាងត្បូង

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង និង​អគ្គលេខាធិការ​បក្សកុម្មុយនិស្ដ​វៀតណាម​លោក​ង្វៀន ភូ​ត្រុង បានបញ្ជាក់​ពី​គោលបំណង​ចរចា​លើ​ផ្លូវច្បាប់ ដើម្បី​ការពារ​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​មេដឹកនាំ​ទាំង​ពីរបាន​ជួបគ្នា​នៅក្នុង​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃអាទិត្យ​។​វៀតណាម​និង​ចិន​មាន​វិវាទ​ជាមួយគ្នា គឺមាន​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​បាន​ដកស្រង់​សម្ដី​លោក​ង្វៀន ភូ​ត្រុងមក​ចុះផ្សាយ​ថា កិច្ច​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ទាំងពីរ​ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការបង្កើន​ទំនុកចិត្ដ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ចៀសវាង​ការបង្ក​អស្ថិរភាព​នៅក្នុង​តំបន់​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​លោក​ង្វៀន ភូត្រុង​បន្ថែមថា វៀតណាម​នឹង​ដំណើរការ​កិច្ចចរចា​ជាមួយ​ចិន បង្កើត​បទ​បញ្ញត្ដិ​សម្រាប់​អនុវត្ដន៍ ដើម្បី​ដោះស្រាយ​ជម្លោះ​ក្នុង​វិធីសាស្ដ្រ​នានា ផ្អែកលើ​ច្បាប់​អន្ដរជាតិ​។​

​ចំពោះ​លោក​ស៊ី ជីន​ពីង​បាន​ឆ្លើយតប​ថា ចិន​ស្វាគមន៍​ជានិច្ច​កិច្ចចរចា​ជាមួយ​ប្រទេស​អាស៊ាន​យក​ច្បាប់​មក​អនុវត្ដ ដើម្បី​រក្សា​សន្ដិភាព​និង​ស្ថិរភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​លោក​ស៊ី​ហាក់​ចង់​បង្ហាញថា ប្រទេស​ចិន​សង្ឃឹម​អាច​នឹង​ដោះស្រាយ​ជម្លោះ​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ភាគី​ពាក់ព័ន្ធ​។​

​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះដែរ ប្រធានាធិបតី​អាមេរិក​និង​ប្រធានាធិបតី​វៀតណាម នៅក្នុង​សេចក្ដីថ្លែងការណ៍​រួមមួយ​ចេញ​កាលពី​ថ្ងៃអាទិត្យ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់ នៃ​ការចូល​ប្រើប្រាស់​ដោយ​សេរី​និង​បើកទូលាយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​កាលពី​ខែសីហា​រដ្ឋមន្ដ្រីការបរទេស​ចិន​និង​អាស៊ាន បាន​ព្រមព្រៀង​ជា​ផ្លូវ​ការចាប់ផ្ដើម​ចរចា​លើ​បទ​បញ្ញត្ដិ​នៃ​ក្រមសីលធម៌ ទប់ស្កាត់​ជម្លោះ​នៅក្នុង​តំបន់​កំពុងមាន​វិវាទ​៕

ព័ត៌មានផ្សេងទៀត