ជម្លោះ​នៅ​​សមុទ្រ​ចិន​ខាងត្បូង៖លោក​ត្រាំ​ថា“​ខ្ញុំ​ជា​អ្នកសម្របសម្រួល​ដ៏​ល្អ​”

ដោយ៖ អ៊ុន សុខឡា 12-11-2017 2:33 pm 347
លោក​Tran Dai Quangនៅខាងឆ្វេងលោកត្រាំនិងលោកស៊ី ជីងពីនប្រធានាធិបតីចិននៅខាងស្តាំ

​លោក​ដូណាល់ ត្រាំ​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា លោក​ត្រៀម​ធ្វើជា​អ្នកសម្របសម្រួល នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ចំនួន​៥ រួមមាន​ចិន​ផងដែរ ដែល​អះអាងថា​តំបន់​នៅ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងអស់​គឺជា​របស់ខ្លួន​។ 

​ការ​ថ្លែង​របស់លោក​ត្រាំ​បែបនេះ ធ្វើឡើង​នៅ​អំឡុងពេល​ប្រជុំ ជាមួយ​ប្រធានាធិបតី​វៀតណាម​លោក​Tran Dai Quang នៅក្នុង​ប្រទេស​វៀតណាម​។ លោក​ត្រាំ​ទទួលស្គាល់ថា ជំហរ​របស់​ចិន លើ​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​មួយ​។ លោក​បាន​ថ្លែង​បន្ថែមថា ខ្ញុំ​គឺជា​អ្នកសម្របសម្រួល​ឬ​ជា​អាជ្ញាកណ្តាល​ដ៏​ល្អ និង​មាន​ឆន្ទៈ​ជួយ​ពិតប្រាកដ​។ ពាក់ព័ន្ធ​នឹង​ការបង្ហាញ​ជំហរ ចូលរួម​ដោះស្រាយ​បញ្ហា​ជ​ម្លោះ​ដ៏​ស្មុគស្មាញ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ លោក​ត្រាំ​មិន​បានបង្ហាញ​ពី​របៀប​នៃ​ការដោះស្រាយ​នោះទេ​។​

​និយាយ​ដល់​ដំណោះស្រាយ លើ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ ប្រធានាធិបតី​វៀតណាម​លោក  Tran Dai Quang បាន​សង្កត់ធ្ងន់ថា វៀតណាម​ជឿជាក់​លើ​ការដោះស្រាយ​វិវាទ លើ​សមុទ្រ​ចិន​ខាងត្បូង តាមរយៈ​ការចរចា​ដោយ​សន្តិវិធី និង​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​។​

​វៀតណាម​ជា​ប្រទេស​មួយ ក្នុងចំណោម​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ផ្សេងទៀត ដែល​ទាមទារ​តំបន់​ជុំវិញ​ថ្ម​ប៉ប្រះ​ទឹក​និង​កូន​កោះ ខណៈ​ព្រុយ​ណេ ហ្វីលីពីន ម៉ាឡេស៊ី និង​តៃវ៉ាន់ ក៏​ទាមទារ​ផងដែរ នូវ​តំបន់នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះ​។ សម្រាប់​ចិន​វិញ បាន​អះអាង​តំបន់​ស្ទើរតែ​ទាំងអស់ មិន​លើកលែង​សូម្បី​ឆ្នេរ ថា​ជា​របស់ខ្លួន​។ ស្ថិតក្រោម​សម្រែក​នៃ​ការតវ៉ា​ពី​ប្រទេស​ពាក់ព័ន្ធ ចិន​មានះ​អភិវឌ្ឍ​កន្លែង​ដែល​មានតែ​ទឹកសមុទ្រ ឲ្យក្លាយ​ជា​ដីគោក​បណ្តើរៗ តាមរយៈ​ការចាក់ដី​បំពេញ សាងសង់​កោះ​សិប្បនិម្មិត បង្កើតជា​ទីតាំង​មួយ​សំគាល់ ថា​ជា​កម្មសិទ្ធិ​របស់ខ្លួន នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​តើ​លោក​ត្រាំ អាច​នឹង​ក្លាយជា​អ្នកសម្របសម្រួល ឬ​អាជ្ញាកណ្តាល លើ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ដោយ​របៀប​ណា​? បើ​កន្លងមក ចិន​ដែល​ហាក់​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ជម្លោះ​នេះ តែងតែ​ប្រតិកម្ម នៅពេល មាន​នាវា​អា​មរិក​ធ្វើដំណើរ កៀក ឬក៏​ក្បែរ​តំបន់​នេះ ខុស​ប្រក្រតី​ម្តងៗ ព្រោះ​អាមេរិក​មិនមែនជា​ភាគី​ពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ​ទាល់តែសោះ​៕

ព័ត៌មានផ្សេងទៀត