ក្រុម​IS​ប្រយុទ្ធ​វាយបក​វិញរហូត​ដណ្តើម​បាន​តំបន់​នៅ​ភាគ​ខាងកើត​​ប្រទេស​ស៊ី​រី​

ដោយ៖ អ៊ុន សុខឡា 12-11-2017 11:12 am 797
ទង់ជាតិរបស់ក្រុមIS

​ក្រុម​សកម្មប្រយុទ្ធ​IS​បាន​ងើប​ឡើងវិញ​ជាថ្មីទៀត បន្ទាប់ពី​រង​ការបង្ក្រាប​យ៉ាងដំណំ​ពី​គូប្រយុទ្ធ​នៅ​ក្នុងប្រទេស​ស៊ី​រី​។ ការ​វាយបក​លើស​ត្រូវ​របស់​ខ្លួន​នៅលើ​សមរភូមិ​នេះ ក្រុម​IS​បាន​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វឹតស្វាញ រហូត​ដណ្តើបានម​ក​វិញ នូវ​តំបន់​ស្ទើរតែ​ទាំងអស់​នៅ Albu Kamal ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​។ 

​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ ក្រុម​កងទ័ព​របស់រ​បប​លោក​អាសាត ប្រធានាធិបតី​ស៊ី​រី និង​សម្ព័ន្ធមិត្ត​មកពី លី​បង់ អ៊ីរ៉ាក់ អ៊ីរ៉ង់​បាន​បន្ត​វាយលុក​នៅ​តំបន់ Albu Kamal ប៉ុន្តែ​ត្រូវ​រង​នូវ​ការ​វាយបក​ពី​គូសត្រូវ គឺ​ក្រុម​IS​វិញ​យ៉ាងដំណំ នៅ​ក្នុងនោះ មាន​ទាំង​ការ​ពួន​ស្ទះ​វាយប្រហារ​យ៉ាង​សាហាវ​ផងដែរ​។ បន្ទាប់ពី​ក្រុម​IS​ដណ្តើមបាន​តំបន់​នេះ​ស្ទើរ​ទាំងស្រុង បានធ្វើឲ្យ​កងទ័ព​បង្ខំ​រំកិល​ខ្លួន​ទៅកាន់ ចំណុច​ភាគខាងត្បូង​និង​ខាងកើត​វិញ​។ នេះ​បើតាម​ការឲ្យដឹង ពី​លោក Rami Abdel Rahman អ្នក​អង្កេត​ការ​សិទ្ធិមនុស្ស​ស៊ី​រី មាន​មូលដ្ឋាន​ទៅ​ប្រទេស​អង់គ្លេស បាន​ប្រាប់​សារព័ត៌មាន​AFP​។​

​យ៉ាងណា ការប៉ះទង្គិច​គ្នា​នៅតែ​បន្ត កាលពី​ថ្ងៃ​សៅរ៍ ដោយមាន​ទាំង​ការវាយប្រហារ​តាម​អាកាស​ផងដែរ​។​

​ការ​ស្ទុះ​ងើប​ឡើងវិញ​នៃ​ចលនា​របស់​ក្រុម​IS​នេះ បាន​កើតឡើង​បន្ទាប់ពី​អាមេរិក​និង​រុស្ស៊ី បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដ៏​គួរឲ្យភ្ញាក់ផ្អើល ដោយ​និយាយថា គ្មាន​ដំណោះស្រាយ​យោធា ចំពោះ​សង្គ្រាមស៊ីវិល​រយៈពេល​៦​ឆ្នាំ នៅក្នុង​ប្រទេស​ស៊ី​រី​នោះទេ​។ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​និង​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​បាន​ជួបគ្នា​នៅក្រៅ​កិច្ចប្រជុំ​Apec ក្នុងប្រទេស​វៀតណាម​នៅ​ថ្ងៃទី​១១​វិច្ឆិកា បាន​ឯកភាពគ្នា​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុងប្រទេស​ស៊ី​រី​។ លោកពូ​ទីន​និង​លោក​ត្រាំ​បាន​ឯកភាព​ដែរថា គ្មាន​ដំណោះស្រាយ​យោធា​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ស៊ី​រី​ឡើយ​។​

​កាលពី​ថ្ងៃ​សៅរ៍ ហ្ស៊កដានី បានប្រកាស​ឯកភាព តាម​ការ​ព្រមព្រៀងគ្នា រវាង​អាមេរិក​និង​រុស្ស៊ី ដើម្បី​បង្កើត តំបន់​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ជា​ផ្លូវការ ដើម្បី​កសាង​បទ​ឈប់​បាញ់ ដែលមាន​រួចហើយ​នៅ​ទីនោះ​។ ការលើកឡើង​របស់​ហ្ស៊កដានី​ដូច្នេះ ស្របតាម​ការប្រកាស​រួម របស់​អាមេរិក​និង​រុស្ស៊ី​ថា មិន​ប្រើប្រាស់​យោធា ដើម្បី​ដោះស្រាយ​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​ស៊ី​រី​៕​

 

ព័ត៌មានផ្សេងទៀត