របរ​កាត់សក់​នៅ​ចិញ្ចើមថ្នល់​មួយ​រកចំណូលបាន​៥០០​ដុល្លារ​ក្នុង​មួយខែ​

ដោយ៖ គង់ ឧត្តម 11-11-2017 6:11 pm 1781
អតិថិជនម្នាក់នេះ ទៅអង្គុយរង់ចាំលោកចន្នី តាំងពីព្រឹកព្រលឹម ពោលគឺតាំងពីជាងកាត់សក់មិនទាន់ទៅដល់កន្លែង ។ រូបថត គង់ ឧត្តម ។

ស្តាប់បទយកការណ៍ជាសំឡេង៖

​ច្រៀង​ផង និយាយ​រឿង​កំប្លែង​ផង និយាយ​ពី​រឿង​សង្គម​ទូទៅ​ផង ស្របពេល​ដែល​ដៃ​កំពុង​កាត់សក់​ឱ្យ​ភ្ញៀវ គឺជា​យុទ្ធវិធី​សម្រាប់​បន្ទន់ចិត្ត​ភ្ញៀវ​ដែល​កំពុង​អង្គុយ​រង់ចាំ​កាត់សក់ ។ រយៈពេល​២​ម៉ោង​ដែល​ខ្ញុំ​បាន​ចំណាយ​ដើម្បី​អង្គុយ​សម្ភាសន៍ និង​សង្កេត​នៅ​ទីនោះ ខ្ញុំ​បាន​ឃើញ​ភ្ញៀវ​ជាច្រើន​មករក​សេវា​កាត់សក់​នៅ​ទីនោះ​ដូច​ភ្លៀងរលឹម ។ អ្វី​ជា​កត់សម្គាល់​នោះ ភាគច្រើន​ភ្ញៀវ​ទាំងអស់​ច្រើនតែ​ស៊ូ​ចំណាយ​ពេល​អង្គុយចាំ​តម្រៀបជួរ​គ្នា​ត​ពី​ម្នាក់​ទៅ​ម្នាក់ ។ ខ្លះ​ទៀត​ក៏​ជិះ​ម៉ូតូ​មក ហើយ​ស្រែកសួរ​ពី​ចម្ងាយ​ថា «​ជិត​ហើយ​ឬ​នៅ​? ឬ​សល់​ប៉ុន្មាន​អ្នក​ទៀត​ជាង​?» ជាដើម ។ ក្រោយ​ទទួល​ចម្លើយ​ពី​ជាងកាត់សក់​រូប​នោះ​ហើយ ភ្ញៀវ​របស់​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ចាកចេញ​ទៅ ។ ប្រមាណ​ជា​៣០​នាទី​ក្រោយ ពួកគេ​ក៏​ត្រឡប់មកវិញ ដោយ​អង្គុយ​រង់ចាំ​គាត់​ជាងកាត់សក់​ដដែល ។ ឃើញ​ដូចនេះ ខ្ញុំ​ក៏​ធ្លោយមាត់​និយាយ​បែប​លេងសើច​ដាក់​ជាងកាត់សក់​ថា «​ភ្ញៀវ​ច្រើន​ដែរ​ហ្នឹង​ជាង​» ហើយ​អ្នក​ដែល​កំពុង​អង្គុយ​ឱ្យ​ជាងកាត់សក់​ក៏​ឆ្លើយតប​ខ្ញុំ​បែប​កំប្លែង​លេង​វិញ​ថា «​គាត់​ស៊ូ​ឆ្លងខេត្ត ពី​កំពង់ធំ​មក​កាត់សក់​នៅ​កន្លែង​ជាង​ហ្នឹង​» ហើយ​ក៏​សើច ។​

​ច​ន្នី គឺជា​ឈ្មោះ​ដែល​បុរស​ជា​ជាងកាត់សក់​បាន​ដាក់​ឱ្យ​ខ្លួនឯង ដើម្បី​ប្រកប​របរ​កាត់សក់ ប្រមាណ​ជា​ជាង​១០​ឆ្នាំ​មកហើយ ។ កាត់សក់​បណ្តើរ និយាយ​ប្រាប់​ខ្ញុំ​បណ្តើរ​ថា ដំបូង​ឡើយ​គាត់​បាន​ចំណាយពេល​រៀន​នៅ​ឯ​ស្រុកកំណើត​របស់​គាត់ និង​បាន​ចេញ​កាត់សក់​ក្នុង​រយៈពេល​៣​ខែ ។ ក្រោយ​មើលឃើញ​ពី​ទឹកដៃ​របស់ខ្លួន និង​គិត​ថា​អាច​វៃ​លុក​ពិភព​គុណ​បាន គាត់​ក៏​សម្រេច​ឡើង​មក​ភ្នំពេញ​ដើម្បី​ស្វែងរក​ចំណូល​តាមរយៈ​មុខរបរ​នេះ​តែម្តង​…
​សំឡេង​៖

​និយាយ​ប្រាប់​ខ្ញុំ​បណ្តើរ ដៃ​កាន់​កន្ត្រៃ​ម៉ាស៊ីន​កាត់សក់​បណ្តើរ ជាងកាត់សក់​រូបនេះ បាន​ស្រែក​ជា​ភាសា​អង់គ្លេស​ទៅ​ជនបរទេស​ដែល​កំពុង​ដើរកាត់​កន្លែង​គាត់​ថា « Hello! Hair cut? » ហើយ​ក៏​សើច ។ បរទេស​រូបនោះ ក៏​ងាក​មក​មើល ហើយ​ញញឹម​គ្រវីក្បាល ហើយ​ក៏​បន្តដំណើរ​ទៅមុខទៀត ។ ឃើញ​ដូច្នេះ ខ្ញុំ​ក៏​បាន​សួរ​គាត់​ភ្លាម​ពី​រឿង​ប្រើប្រាស់​ភាសា​អង់គ្លេស​នេះ ។ គាត់​ឆ្លៀត​ប្រាប់​ខ្ញុំ​ដោយ​ត្រង់​ថា ដើមឡើយ​គាត់​មិនចេះ​ភាសា​អង់គ្លេស​ទេ ។ ភាសា​នេះ គាត់​លួច​រៀន​ពី​ភ្ញៀវ រៀន​ស្តាប់​តាម​គេ​និយាយ ។ ពេលខ្លះ គាត់​សួរនាំ​ពី​ភ្ញៀវ​ដែល​ចេះ​ភាសា​អង់គ្លេស ហើយ​ចំណាំ​ពាក្យ​ទាំងនោះ​ទុក​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​មុខរបរ​គាត់​តែម្តង​…
​សំឡេង​៖

​ងាក​មក​និយាយ​ពី​ភាព​ជោគជ័យ​នៃ​របរ​របស់​គាត់​វិញ បុរស​ដែល​លេង​ម៉ូដ​សក់​ស្ទាវ​រូបនេះ បាន​ប្រាប់​ខ្ញុំ​ពី​គន្លឹះ​ខ្លះៗ​ដែល​គាត់​បាន​ប្រើប្រាស់​ដើម្បី​ទទួលបាន​ម៉ូយ​កាត់សក់​ស្ទើរតែ​គ្មាន​ពេល​សម្រាក​ក្នុង​មួយ​ថ្ងៃៗ​ថា​គឺ​គាត់​ចេះ​កាត់​ម៉ូដ​សក់​ស្អាត អតិថិជន​ទទួលយកបាន ចេះ​និយាយ​រឿង​កំប្លុកកំប្លែង​កំដរ​ជាដើម​…
​សំឡេង​៖

​កត្តា​ទាំងអស់​នេះ​ហើយ ដែល​បាន​ជួយ​ឱ្យ​គាត់​ទទួលបាន​ភ្ញៀវ​ច្រើន ហើយ​ចំណូល​ក៏​ច្រើន​ទៅ​តាម​នោះ​ដែរ ក៏​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ បើទោះបីជា​មាន​ភ្ញៀវ​ច្រើន​អង្គុយ​រង់ចាំ​បណ្តាក់​កន្ទុយ​គ្នា​ក៏ដោយ រហូត​អ្នកខ្លះ​អន់ចិត្ត​ដោយសារ​រង់ចាំ​យូរ​ពេក​ត្រឡប់​ទៅ​វិញ​ក៏​មាន ក៏​គាត់​នៅ​តែ​រក្សា​ភាព​ផ្ចិតផ្ចង់​របស់គាត់ ដើម្បី​កុំឱ្យ​ភ្ញៀវ​និយាយថា កាត់​ឱ្យ​រួច​តែ​ពី​ដៃ ឬ​លំៗ​យក​តែ​លុយ​ទេ​…
សំឡេង​៖

​គាត់​ថា ជាទូទៅ​គាត់​កាត់សក់​មើល​តាម​ទម្រង់​មុខ​របស់​ភ្ញៀវ ពិសេស​នោះ​គឺ​កាត់​តាម​ការ​កុម្មង់ ស្រឡាញ់​ពី​ភ្ញៀវ​ផ្ទាល់​តែម្តង ។ គាត់​បញ្ជាក់​ថា បើសិន​ជា​ភ្ញៀវ​ពេញចិត្ត​ម៉ូដ​សក់​ដែល​កាត់​នោះ នោះ​ពួកគេ​នឹង​ស៊ូ​សុខចិត្ត​អង្គុយ​ចាំ​មិន​ខាន ។ 

​ជា​មធ្យម​ក្នុង​មួយថ្ងៃ​គាត់​បាន​ទទួល​ភ្ញៀវ​ចន្លោះ​ពី​១៥ ទៅ ១៧​នាក់ បើ​ថ្ងៃ​ណា​ដែល​ម៉ូយ​ច្រើន គឺអាច​កើនឡើង​រហូត​ដល់​ទៅ ២៥ ទៅ ៣០​នាក់​ក៏​មាន តែ​វា​ក៏​អាស្រ័យ​ទៅលើ​កម្លាំង​របស់​គាត់​ដែរ ។​គាត់​ចាប់ផ្តើម​កាត់សក់​ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៦​ល្ងាច ។ គាត់​ថា បើសិន​ជា​ភ្ញៀវ​ជា​ម៉ូយ​ចាស់ គាត់​អាច​កាត់​រហូតដល់​ម៉ោង​៧​យប់​ក៏​មាន តែបើ​ភ្ញៀវ​ថ្មី គាត់​អត់​កាត់​ទេ ព្រោះ​យប់​ពេក ព្រិល​ភ្នែក​…
សំឡេង​៖

​បុរស​ដែល​មាន​ដើមកំណើត​ពី​ស្រុក​ពារាំង ខេត្តព្រៃវែង​រូបនេះ បាន​ប្រាប់​ខ្ញុំ​ពី​តម្លៃ​កាត់សក់​ថា សម្រាប់​ភ្ញៀវ​ខ្មែរ​គាត់​កាត់​ក្នុងតម្លៃ ៥០០០​រៀល​ក្នុង​មួយ​ក្បាល បើ​បរទេស​វិញ គឺ​គាត់​យក​ចាប់ពី​២​ដុល្លារ​ឡើង​ទៅ ។ លោក​ចន្នី​ប្រាប់​ខ្ញុំ​ថា ជា​មធ្យម​គាត់​អាច​រក​ចំណូល​បាន​ពី​៣០០ ទៅ​៥០០​ដុល្លារ​ក្នុង​មួយខែ​…
​សំឡេង​៖

​បើទោះបីជា​រកចំណូលបាន​ច្រើន​តាមរយៈ​របរ​កាត់សក់​នេះ​ក្តី បុរស​មាឌ​ល្អិត កម្ពស់​ប្រមាណ​១​ម៉ែត្រ​៦៥​រូប​នេះ​ប្រាប់​ខ្ញុំ​ថា ដោយសារ​ភ្ញៀវ​ច្រើន មក​អង្គុយ​ចាំ​កាត់តៗ​គ្នា​ច្រើន​ពេក ធ្វើឱ្យ​គាត់​ញុំ​ា​បាយ​មិនសូវ​ទៀងទាត់​ទេ រហូត​មាន​ជំងឺ​ក្រពះ​មកទល់​នឹង​សព្វថ្ងៃ ។ ក្រៅពីនេះ គាត់​ក៏​ប្រឈម​នឹង​ការ​ឈឺសន្លាក់​ជង្គង់​ដែរ ដោយសារ​ឈរ​កាត់​ក្នុង​មួយ​ថ្ងៃៗ​ច្រើន​ម៉ោង និង​ព្រិល​ភ្នែក​ដែរ ព្រោះ​សំលឹង​មើល​សក់​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។​

​ជាងកាត់សក់​ដែលមាន​វ័យ​៣០​ឆ្នាំ​រូប​នេះ​ប្រាប់​ខ្ញុំ​បន្ថែមទៀតថា អនាគត​ទៅ គាត់​មាន​បំណង​ចង់​បើកហាង​កាត់សក់​ផ្ទាល់ខ្លួន​មួយ​ដែរ ប៉ុន្តែ​សព្វថ្ងៃ​គាត់​មិន​មាន​បំណង​បើក​ទេ ក៏​ព្រោះ​ខ្វះ​ដើមទុន និង​មិន​សូវ​មាន​ចំណេះដឹង​ខ្លាំង​ទាក់ទង​នឹង​របរ​នេះ ។ គាត់​បញ្ជាក់​ថា បើសិនជា​គាត់​មានគ្រួសារ គាត់​នឹង​ឱ្យ​កូន​របស់​គាត់​ស្នង​របរ​នេះ ដោយ​បញ្ជូន​ពួកគេ​ទៅ​រៀន​នៅ​សាលា​ល្បី​ពី​ចំណេះដឹង​ទាក់ទង​នឹង​ការ​កាត់​ម៉ូដ​សក់​ប្លែកៗ ចាប់​ម៉ូដ​សក់ សម្អាត​ត្រចៀក និង​ម៉ាស្សា​មុខ​ជា​ដើម ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត