ពលរដ្ឋ​ប្រមាណ​ជាង​១​លាន​នាក់​នឹង​មិន​អាច​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ទេ​

ដោយ៖ គង់ ឧត្តម 11-11-2017 5:43 pm 1166
រូបឯកសារ៖ ពលរដ្ឋចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០១៦ ។ រូបថតពី VOA ។

​គិត​មក​ត្រឹម​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ក្នុង​រយៈពេល​៧០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ខែសីហា​រហូត​ដល់​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន ៥៣៦,០២៣​នាក់​ដែល​ស្មើនឹង ៣២,៩៦​ភាគរយ នៃ​តួលេខ​ដែល​បាន​រំពឹង​ទុក​ចំនួន ១,៦​លាន​នាក់ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​នេះ ។​

​បើទោះបីជា​តួលេខ​នៃ​អ្នក​មិន​បាន​មក​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​មាន​ចំនួន​ច្រើន​រហូត​ដល់​ទៅ​ជាង​១​លាន​នាក់​ក្តី អ្នកនាំពាក្យ គ​.​ជ​.​ប​រូបនេះ​បាន​អះអាង​ថា បើ​គិត​ពី​តួលេខ​សរុប កម្ពុជា​មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន​ជាង​៨២​ភាគរយ ដែល​នេះ​បង្ហាញ​ថា​ជា​តួលេខ​ល្អ​មួយ​សម្រាប់​កម្ពុជា​ដើម្បី​រៀបចំ​ដំណើរការ​បញ្ជី​បោះឆ្នោត​…
សំឡេង​លោក​ហង្ស ពុទ្ធា​៖

​លោក​ហង្ស ពុទ្ធា បាន​អះអាង​ថា ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧​នេះ គឺ​តួលេខ​ដូច​នៅ​នឹង​ឆ្នាំ​២០១៦​ដែរ ដែល​មាន​ប្រមាណ​ជាង​១​លាន​នាក់​ដូចគ្នា ។ លោក​បាន​ប៉ាន់ស្មាន​ថា ជាង​១​លាន​នាក់​នេះ ភាគច្រើន​គឺ​ជា​ពលករ​ចំណាកស្រុក​ដែល​មិន​បាន​មក​ចុះឈ្មោះ​បោះឆ្នោត​…
​សំឡេង​លោក​ហង្ស ពុទ្ធា​៖

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​រូបនេះ​បាន​បញ្ជាក់ថា ដោយសារ គ​.​ជ​.​ប ជា​ស្ថាប័ន​អនុវត្ត​ច្បាប់ ដូច្នេះហើយ ទាល់តែ​មាន​ច្បាប់​តម្រូវ​ឱ្យ គ​.​ជ​.​បរៀប​ចំ​ការចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្រៅប្រទេស ទើប​គ​.​ជ​.​ប​អាចធ្វើ​បាន ។ លោក​បន្ថែមថា ពលរដ្ឋ​អាច​ចូលរួម​បោះឆ្នោត​បាន ទាល់តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី ដូច្នេះ​ពលរដ្ឋ​ត្រូវតែ​ចូលមក​ក្នុង​ប្រទេស​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត ទើប​អាច​ចូលរួម​បោះឆ្នោត​បាន ។​

​ទាក់ទង​ទៅនឹង​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​មាន​ចំនួន​តិច បើ​ធៀប​ទៅ​នឹង​តួលេខ​រំពឹង​ទុក​របស់​គ​.​ជ​.​ប​នេះ មន្ត្រី​ផ្នែក​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល លោក យឿ​ង សុធា​រ៉ា បាន​ថ្លែងថា តាម​តួលេខ​ជាក់ស្តែង​ដែល​ប៉ាន់​ប្រមាណ​ដោយ គ​.​ជ​.​ប អ្នក​មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត អាច​នឹង​មាន​ចំនួន​ច្រើនជាង​១,៦​លាន​នាក់​ទៅទៀត តែ​យ៉ាងណាក៏ដោយ លោក​ក៏​សាទរ និង​សោកស្តាយ​ដែរ ដែល​ចំនួន​អ្នក​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ មិន​បាន​ដល់​ចំណុច​គ្រោងទុក ។​

​លោក​យឿ​ង សុធា​រ៉ា បានលើកឡើង​ស្រដៀង​គ្នា​ទៅ​នឹង​អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ថា ចំនួន​អ្នក​មិន​បាន​មក​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក ដែល​មាន​ចំនួន​ច្រើន​ប្រមាណ​ជាង​១​លាន​នាក់ ទាំង​អ្នក​ចុះ​ឈ្មោះ​ហើយ និង​មិន​ទាន់​បាន​ចុះឈ្មោះ ។ លោក​បាន​សម្តែង​ការសោកស្តាយ ដែល​កម្ពុជា​មិន​អាច​បង្កើត​យន្តការ​ចុះ​ឈ្មោះ​បោះឆ្នោត​ពី​ក្រៅប្រទេស​បាន ដើម្បី​បង្ក​ងាយស្រួល​ដល់​ការចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ជន​ចំណាកស្រុក​…
​សំឡេង​លោក​យឿ​ង សុធា​រ៉ា​៖

​ជាង​នេះ​ទៅ​ទៀត​លោក​យឿ​ង សុ​ធារ៉ា​បាន​លើកឡើង​ពី​ហេតុផល​ដែល​បង្ក​ឱ្យ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត មាន​ចំនួន​តិច គឺ​អាច​បណ្តាលមកពី​ការកែប្រែ​បទដ្ឋាន​គតិយុត្ត​ថ្មី​របស់​គ​.​ជ​.​ប ក្នុង​ឆ្នាំ​២០១៧​នេះ ដែល​ខុស​ទាំង​ស្រុង​ពី​ឆ្នាំ​២០១៦ ។ ច្បាប់​ថ្មី​នេះ​តម្រូវ​ឱ្យ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំងអស់​ត្រូវមាន​លំនៅដ្ឋាន​ជា​អចិន្ត្រៃយ៍ ខណៈ​ពលរដ្ឋ​ភាគច្រើន ច្រើន​តែ​ធ្វើ​បម្លាស់​ទី​ដើម្បី​ស្វែងរក​ការងារ ហើយ​ពលរដ្ឋ​ខ្លះទៀត ក៏​មិន​មាន​លំនៅដ្ឋាន​អចិន្ត្រៃយ៍​ទៅទៀត ។ លោក​អះអាង​ថា ច្បាប់​ថ្មី​នេះ​មិន​បាន​បង្ក​ភាពងាយស្រួល​ទាំងស្រុង​ដល់​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ ។​

​លោក​បាន​បន្ថែមទៀតថា ជាងនេះទៅទៀត ការកើនឡើង​កម្តៅ​នយោបាយ​នៅ​កម្ពុជា ក៏​អាច​ជា​កត្តា​ជះ​ឥទ្ធិពល​ដល់​ការចុះឈ្មោះ​បោះឆ្នោត​ដែរ ។ ការប្រកាស​បិទ​ស្ថាប័ន​អង្គការក្រៅរដ្ឋាភិបាល NDI, ការបិទ​ផ្សាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ត​ពី​ស្ថាប័ន​ព័ត៌មាន​ក្រៅ​ប្រទេស ជាហេតុ​ធ្វើឱ្យ​ពលរដ្ឋ​មិន​អាច​ទទួលបាន​ព័ត៌មាន​ច្រើន និង​ពេញលេញ ។ ម្យ៉ាងទៀត សកម្មភាព​អប់រំ​របស់​គ​.​ជ​.​ប​ក៏​ហាក់ដូចជា​ធ្លាក់ចុះ​ជាង​មុន​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ ។​

​គូសបញ្ជាក់ថា បើ​តាម​លទ្ធផល​បណ្តោះអាសន្ន​របស់ គ​.​ជ​.​ប បាន​ផ្សាយ​ថា ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​សរុប​មាន​ចំនួន ៨,៣៧០,៥៨៥​នាក់​ស្មើនឹង ៨៤,៧០​ភាគរយ ខណៈ​ដែល​កម្ពុជា​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៥,៨​លាន​នាក់ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត