មេដឹកនាំ​​ក្រុម​Hezbollah​ថា​​អា​រ៉ាប៊ីសាអូឌីត​​កំពុងប្រ​កាស​សង្គ្រាម​​ជាមួយលីប​ង់​

ដោយ៖ ពេញ ផេង 11-11-2017 11:18 am 720
​មេដឹកនាំ​ក្រុម​Hezbollah​លោក​Hassan Nasrallah​

​មេដឹកនាំ​ក្រុម​Hezbollah​លោក​Hassan Nasrallah​បាន​និយាយថា អា​រ៉ាប៊ីសាអូឌីត​កំពុងតែ​ប្រកាសសង្គ្រាម​ជាមួយប្រ​ទេ​សលី​បង់ហើយ​។​ការប្រកាស​បែបនេះ​ក្រោយពេល​នាយករដ្ឋមន្ដ្រី​លី​បង់​លោក​Saad al-Hariri ប្រកាស​ចុះ​ចេញពី​តំណែង​ពី​ទីក្រុង​រី​យ៉ា​ដប្រទេស​អារ៉ាប៊ីសាអូឌីត​តែប៉ុន្មា​ន​ថ្ងៃ​ប៉ុណ្ណោះ​។​

​លោក​នាយករដ្ឋមន្ដ្រី​Saad al-Hariri បាន​និយាយ​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​ពី​ទីក្រុង​រី​យ៉ាដ​ថា លោក​ចុះ​ចេញពី​តំណែង ដោយសារតែ​មាន​ការគំរាមកំហែង​ដល់​អាយុជីវិត​របស់លោក​ពី​ជន​មិន​ស្គាល់មុខ​។​លោក​បាន​វាយប្រហារ​ពាក្យសម្ដី​លើ​ក្រុម​Hezbollah​និង​អ៊ីរ៉ង់​ផងដែរ​។​ក្រុម​Hezbollah​គឺជា​ចលនានយោបាយ​ស៊ី​អ៊ី​ត​ដ៏​មាន​ឥទ្ធិពល​នៅ​លី​បង់ ហើយក៏​ជា​សម្ព័ន្ធមិត្ដ​អ៊ីរ៉ង់​ដែរ​។​ពួកគេ​បាន​ចោទ​អា​រ៉ាប៊ីសាអូឌីត​ថា កំពុង​បង្ក​ភាព​តានតឹង​នៅ​លី​បង់​និង​នៅក្នុង​តំបន់​។​

​ចំពោះ​ការចុះ​ចេញពី​តំណែង​របស់​លោកនាយក​រដ្ឋមន្ដ្រី​Saad al-Hariri លោក​ប្រធានាធិបតី​លី​បង់​Michel Aoun និង​មន្ដ្រី​នយោបាយ​ជាន់ខ្ពស់​ដទៃទៀត មិន​ទទួលយក​សំណើ​របស់លោក​ទេ ដោយ​ទាមទារ​ឲ្យ​លោក​ចាកចេញ​ពី​អា​រ៉ាប៊ីសាអូឌីត​ត្រឡប់មក​លីបង់​វិញ​។​ប៉ុន្ដែ​តាំងពី​ថ្ងៃ​ប្រកាស​ចុះ​ចេញពី​តំណែង លោក​Saad al-Hariri​មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ​ឡើយ ហើយ​កំពុងមាន​មន្ទិលសង្ស័យ​ថា អា​រ៉ាប៊ីសាអូឌីត​អាច​ឃុំខ្លួន​លោក​al-Hariri​នៅ​ក្នុងផ្ទះ និង​បង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង​ទៀត​ក្នុង​គោលបំណង​ណាមួយ​របស់គេ​។​

​មេដឹកនាំ​ក្រុម​Hezbollah​លោក​Nasrallah​បានបញ្ជាក់​បន្ថែមថា អា​រ៉ាប៊ីសាអូឌីត​កំពុងព្យា​យាម​ធ្វើឲ្យ​ផ្ទុះ​ការប្រយុទ្ធ​គ្នា​។​និយាយ​ដោយ​ខ្លី អា​រ៉ាប៊ីសាអូឌីត​និង​មន្ដ្រី​របស់គេ​កំពុង​ប្រកាសសង្គ្រាម​ជាមួយ​លី​បង់​និង​ប្រកាសសង្គ្រាម​ជា​មួយក្រុម​Hezbollah​នៅ​លី​បង់​។​លោក​Nasrallah​បាន​ចោទ​អា​រ៉ាប៊ីសាអូឌីត​ថា បាន​ត្រៀម​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិកឲ្យ​អ៊ីស្រាអែល ដើម្បី​ធ្វើ​កូដកម្ម​យោធា​ប្រឆាំងនឹង​លី​បង់​។​នេះ​គឺជា​រឿង​គ្រោះថ្នាក់​បំផុត​៕

ព័ត៌មានផ្សេងទៀត