នៅ​វៀតណាម លោក​ត្រាំ​​និង​លោក​ស៊ី​​មាន​ទស្សនៈ​ផ្ទុយគ្នា​​លើ​បញ្ហា​ពាណិជ្ជកម្ម​

ដោយ៖ ពេញ ផេង 11-11-2017 9:31 am 735
ប្រធានាធិបតីអាមេរិក(ឆ្វេង)និងប្រធានាធិបតីចិន

​ដ្បិតថា​ល្អូកល្អិន​នឹង​គ្នា​ពេល​ស្ថិតនៅ​ប្រទេស​ចិន ប៉ុន្ដែ​នៅពេល​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ស្ដីពី​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​(Apec)​នៅ​វៀតណាម​កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​អាមេរិក​និង​ប្រធានាធិបតី​ចិន បានបង្ហាញ​ទស្សនៈ​ផ្ទុយគ្នា ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម​ពិភពលោក​។​លោក​ត្រាំ​និយាយប្រាប់​កិច្ចប្រជុំ​Apec​ថា អាមេរិក​នឹងមិន​អត់ឱន​ចំពោះ​ការរំលោភបំពាន​ពាណិជ្ជកម្ម​ដាច់ខាត​។​ផ្ទុយទៅវិញ​លោក​ស៊ី​លើកឡើងថា សកលភាវូបនីយកម្ម​មិនអាច​ត្រឡប់​វិញ​បានទេ​។​

​លោក​ដូណាល់ ត្រាំ​កំពុង​ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​លើកដំបូង​ចាប់តាំងពី​ចូល​កាន់តំណែង ដោយ​លោក​បាន​ទៅ​ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម​ជា​ប្រទេស​ទី​បួន ហើយ​ចេញពី​វៀតណាម​លោក​នឹង​ទៅ​ហ្វីលីពីន​ជា​ប្រទេស​ចុងក្រោយ​។​លោក​ដូណាល់ ត្រាំ​និង​លោក​ស៊ី ជីន​ពីង​បាន​ចូលរួម​កិច្ចប្រជុំ​Apec​នៅ​ទីក្រុង​ដា​ណា​ង​ប្រទេស​វៀតណាម ជា​កិច្ចប្រជុំ​ប្រមូលផ្ដុំ​ប្រទេស​សេដ្ឋកិច្ច​២១​ប្រទេស​មកពី​តំបន់​ប៉ាស៊ីហ្វិក ស្មើនឹង​៦០%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​។​

​តាំងពី​ចូល​កាន់តំណែង លោក​ត្រាំ​បាន​បន្ដ​គោលនយោបាយ​គិត​អាមេរិក​ដំបូង​គេ និង​បាន​ទាញ​អាមេរិក​ចេញពី​ភាពជា​ដៃគូ​អន្ដរ​ប៉ាស៊ីហ្វិក​(TPP)​មាន​សមាជិក​១២​ប្រទេស ដោយ​លោក​ចាត់ទុកថា​វា​នឹង​ប៉ះពាល់​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​អាមេរិក​។​

​ពេល​ថ្លែង​សុន្ទរកថា​នៅ​វៀតណាម លោក​ត្រាំ​បាន​ប្រឆាំងនឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​កំណត់​ច្បាប់ពាណិជ្ជកម្ម​សកល ហើយ​និយាយថា​សមាជិក​ទាំង​អស់មិ​ន​គោរព​ច្បាប់​។​លោក​បាន​ត្អូញត្អែ​ពី​អតុល្យភាព​ពាណិជ្ជកម្ម​ដោយ​លើកឡើងថា អាមេរិក​បាន​ទម្លាក់ចោល​នូវ​ឧបសគ្គ​ទីផ្សារ​មួយចំនួន​ហើយ​បានបញ្ចប់​ពន្ធ ខណៈ​ប្រទេស​ដទៃ​មិនបាន​ឆ្លើយតប​។​

​លោក​បន្ដថា ការ​អនុវត្ដ​បែបនេះ​ធ្វើឲ្យប៉ះពាល់​ដល់​មនុស្ស​ជាច្រើន​នៅ​អាមេរិក​។​ពាណិជ្ជកម្ម​សេរី​បានធ្វើឲ្យ​បាត់​បង់ការងារ​រាប់លាន​នៅ​អាមេរិក​។​ប៉ុន្ដែ​លោក​ត្រាំ​មិនបាន​ស្ដីបន្ទោស​ប្រទេស​សមាជិក​Apec​ទេ ផ្ទុយទៅវិញ​លោក​បាន​បន្ទោស​ដល់​រដ្ឋ​បាល​អាមេរិក​អាណត្ដិ​មុនៗ មិន​ធ្វើ​សកម្មភាព​ឆាប់រហ័ស​ផ្លាស់ប្ដូរ​និន្នាការ​នេះ​។​

លោក​ត្រាំ​បន្ថែមថា អាមេរិក​នឹងធ្វើ​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយ​ដៃគូ​នៅ​ឥ​ណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ ដែល​គោរព​ពាណិជ្ជកម្ម​គ្នា​ទៅវិញទៅមក ប៉ុន្ដែ​ត្រូវ​ច្បាស់​ថា​នឹង​ឈរលើ​មូលដ្ឋាន​គោរព​គ្នា និង​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។​

​ចំណែក​ប្រធានាធិបតី​ស៊ី ជីន​ពីង​វិញ​លើកឡើងថា សកល​ភាវូ​ពាណិជ្ជកម្ម​គឺជា​និន្នាកា​រប្រ​វត្ដិសាស្ដ្រ​មិនអាច​ប្រែប្រួ​លបាន ប៉ុន្ដែ​ទស្សនវិស័យ​ស្ដីពី​ពាណិជ្ជកម្ម​សេរី​ត្រូវតែ​បើកចំហ មាន​តុល្យភាព សមធម៌ និង​មាន​អត្ថប្រយោជន៍​បន្ថែម​សម្រាប់​ទាំងអស់គ្នា​។​ផ្ទុយ​ពី​ប្រធានាធិបតី​ត្រាំ លោក​ស៊ី​បាន​ការពារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគី ដែល​លោក​ចាត់ទុកថា​បាន​ជួយ​ប្រទេស​ក្រីក្រ​ឲ្យទទួល​បានប្រយោជន៍​។​

“​យើង​គួរតែ​គាំទ្រ​ពាណិជ្ជកម្ម​ពហុភាគី និង​អនុវត្ដ​ការបើក​ទូលាយ​នៅក្នុង​តំបន់ ដើម្បី​អនុញ្ញាតឲ្យ​សមាជិកដែ​ល​កំពុងអភិវឌ្ឍ អាច​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពី​ពាណិជ្ជកម្ម​និង​ការវិនិយោគ​អន្ដរជាតិ​” នេះ​ជា​សម្ដី​សង្កត់ធ្ងន់​របស់លោក​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​៕

ព័ត៌មានផ្សេងទៀត