លោក​សុខ ឥសាន​៖ ការ​លូក​ដៃ​របស់​លោក​សម រង្ស៊ី​ជា​ការ​ត្រដរខ្យល់​ចុងក្រោយ​

ដោយ៖ សៅ វិសាល 10-11-2017 5:57 pm 1104

​ការ​លូកដៃ ចូល​កិច្ចការ​ផ្ទៃក្នុង គណបក្ស​សង្គ្រោះ​ជាតិ របស់​លោក​សម រង្ស៊ី តាមរយៈ​ការចុះហត្ថលេខា លើ​សេចក្តីថ្លែងការណ៍ ទាំង​រូប​លោក​មាន​ឈ្មោះ​ជា​ទណ្ឌិត បាន​ធ្វើឲ្យ​មន្ត្រី​រដ្ឋាភិបាល ព្រមាន​ថា នឹង​រឹតតែ​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កាន់តែ​មាន​បន្ទុក​បន្ថែ​ម ក្នុងការ​ប្រឈម​នឹង​ការរំលាយ​គណបក្ស ព្រោះ​ជា​ការប្រឆាំង​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​

​ជុំវិញ​រឿងនេះ លោក​សម រង្ស៊ី បាន​ចេញមុខ​អះអាង លោក​នៅតែ​ជា​តំណាងរាស្ត្រ​ស្របច្បាប់ ហើយ​ការលាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ របស់លោក កន្លងមក គឺ​ពុំ​មាន​សុពលភាព​តាម​ផ្លូវច្បាប់​ទេ​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា​នេះ​ថា ទង្វើ​របស់​លោក​សម រង្ស៊ី ផ្ទុយ​ពី​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រង់​មាត្រា ៦ ថ្មី (២) គឺ​បាន​ចែង​យ៉ាងច្បាស់​ថា ហាម​គណបក្ស ភ្ជាប់​បុគ្គល​ទណ្ឌិត​ជាមួយ​គណបក្ស ទាំង​សារ​សំឡេង និង​រូបភាព​ផ្សេង​។ ដូច្នេះ ទង្វើ​របស់ សម រង្ស៊ី ធ្វើឲ្យ​តុលាការ​កាន់តែ​មាន​ទឡ្ហីករណ៍​ច្រើនឡើង ដើម្បី​ដាក់​ទោសកំហុស​លើ​គណបក្ស​ប្រឆាំង ដែល​នឹង​ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃទី​១៦ វិច្ឆិកា ខាងមុខនេះ​។​

សំឡេង

​ថ្លែង​ប្រាប់​ដល់​សារព័ត៌មាន​Fresh News លោក​គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​អះអាង​ថា ទង្វើ​ក្លែងបន្លំ​របស់លោក សម រង្ស៊ី ក្នុង​សេចក្តីថ្លែងការណ៍ របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បង្កើតបាន​ជា​បទល្មើស​ព្រហ្មទណ្ឌ សម្រាប់​ខ្លួនឯង​ផង និង​នាំឲ្យ គណបក្ស​សង្គ្រោះ​ជាតិ ប្រឈមមុខ​នឹង​ច្បាប់ គណបក្សនយោបាយ​ថែម​ទៀត​។ បើ​តាម​ច្បាប់​

គណបក្សនយោបាយ​ថ្មី រាល់​គណបក្សនយោបាយ​ទាំងអស់ មិន​អនុញ្ញាតឲ្យ​ប្រើប្រាស់​សំឡេ​ង ឬ​សេចក្តីថ្លែងការណ៍​របស់​ទណ្ឌិត ដើម្បី​ជា​ប្រយោជន៍​គណបក្ស​នយោបាយ​ឡើយ​។ គណបក្សនយោបាយ ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​នេះ នឹង​ត្រូវ​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។​

​ទាក់ទង​នឹង​បញ្ហា​នេះ តើ​ហេតុអ្វី​បានជា​លោក​សម រង្ស៊ី នៅតែ​បន្ត​លូកដៃ​ចូល កិច្ចការ​ផ្ទៃក្នុង គណបក្ស​សង្គ្រោះ​ជាតិ បើទោះបីជា​រូប​លោក​បានដឹងហើយថា ទង្វើ​បែប​នេះ នឹង​ធ្វើឲ្យមាន​បញ្ហា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​? លោក​សុខ ឥសាន បាន​អះអាង​ថា នេះ​ប្រហែល​ជា​ការ​ត្រដរខ្យល់​ចុងក្រោយ របស់​លោក​សម រង្ស៊ី និង​ជា​ការ​កម្លា​ចិត្ត​ដល់​សមាជិក​សមាជិកា​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​តែប៉ុណ្ណោះ​។​

​សំឡេង

​លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មិន​ទាន់​បាន​ឃើញ​សេចក្តីថ្លែងការណ៍ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ហត្ថលេខា​របស់​លោក​សម រង្ស៊ី​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រសិនបើ​ពិតមែន មាន​មិន​មាន​ការបដិសេធ ពី​គណបក្ស​ប្រឆាំង​ទេនោះ វា​ជា​ការប្រព្រឹត្ត​ខុសច្បាប់ ខណៈ​ដែល​លោក​សម រង្ស៊ី បាន​អះ​អង​ថា ការចុះហត្ថលេខា​នេះ គឺជា​ការពិត​។​

​លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាង​ដូច្នេះ​ថា «​យើង​ដឹង​ថា គោលបំណង​របស់​រដ្ឋាភិបាល ដឹកនាំ​ដោយ​គណក្ស​ប្រជាជន គឺ​នឹង​រំលាយ​គណបក្ស​របស់​យើង ហើយ​គេ​មាន​លេស​ឆ្កួតៗ​ថា ជា​រឿង​ក្បត់ជាតិ​នោះ យើង​មិន​បាច់​ខ្វល់​ពី​ការលើកឡើង​របស់​គេ​ទេ​»​។ លោក​បន្តថា​៖ «​ក្រៅ​ពី​ប្រជារាស្ត្រ​គ្មាន​អ្នកណា អាច​បណ្ដេញ​សមាជិកសភា​ដែល​ជាប់​ដោយ​ការបោះឆ្នោត​ចេញ​ពី​រដ្ឋសភា​បាន​ទេ​។ ការសម្រេចចិត្ត​របស់​ខ្ញុំ​ក្នុង​ការលាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​ទាំង​បង្ខំ ហើយ​វា​មិន​មាន​សុពលភាព​ផ្លូវ​ច្បាប់​ទេ​»​។​

​ដោយ​មាន​ជំនឿ​ចិត្ត ពី​ការដាក់​សម្ពាធ​របស់​ស​ហគ​មន៍​អន្តរជាតិ លោក​សម រង្ស៊ី សុទិដ្ឋិនិយម​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ត្រូវ​រំលាយ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ឡើយ​។ ការរំលាយ​

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុងបញ្ចប់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដួលរលំ​ខ្លួនឯង​។​ ​ស្របពេល​ជាមួយគ្នានេះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយរូប គឺ​លោក Ted Cruz ធ្លាប់​បាន​បញ្ជាក់ថា ប្រសិនបើ​មិន​មាន​ការដោះលែង​លោក​កឹម សុខា រួម​នឹង​ការ​អនុញ្ញាឲ្យ​វិទ្យុ និង​អង្គការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដំណើរការ​វិញ​នោះ​ទេ អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន នឹង​មិន​ទទួលស្គាល់ ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​ឡើយ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ នៅ​ក្នុង​កិច្ច​សំណេះសំណាល ជាមួយ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​-​ជប៉ុន នា​ថ្ងៃ​ទី​១០ វិច្ឆិកា​នេះ​ថា លោក​មិន​ខ្វាយខ្វល់​ចំពោះ​ការទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​របស់​បរទេស ទៅលើ​ការបោះឆ្នោត​នៅ​កម្ពុជា ឡើយ សំខាន់​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលស្គាល់ ហើយ​រាជរដ្ឋាភិបាល នៅតែ​ប្តេជ្ញា​រៀបចំ​ដំណើរការ​បោះឆ្នោត ជ្រើសរើស​តំណាង​រាស្ត្រ ឆ្នាំ​២០១៨ ដោយ​អនុវត្តន៍​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា មិន​ត្រូវការ​ស្តាប់ ឬ​ការទទួលស្គាល់​ពី​ប្រទេស​ណាមួយ​នោះ​ទេ​៕ ដោយៈ​សៅ វិសាល​

 

 


ព័ត៌មានផ្សេងទៀត