ដល់​ថ្ងៃ​ផុត​​ឱសានវាទ​​៖ សមាជិក​​ព្រឹទ្ធសភា​​អាមេរិក​ នៅតែ​​មិន​ទទួល​យក​​ការ​ពន្យល់​​ពី​​កម្ពុជា​​

ដោយ៖ អឿន ភារ៉ា 09-11-2017 2:22 pm 3648
លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​អាមេរិក។ រូបភាពដោយ៖ AP

​ឯកអគ្គរាជទូត​កម្ពុ​ជា​នៅ​សហរដ្ឋអាមេរិក បាន​សរសេរ​លិខិត​មួយច្បាប់​ពន្យល់​ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិក អំពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព​នៅ​កម្ពុជា ហើយ​និង​ករណី​ចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្សប្រឆាំង​។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​មួយរូប ធ្លាប់បាន​បញ្ជា​ឲ្យ​ដោះលែង​លោក​កឹម សុខា ដោយ​ថា បើ​មិន​ចង់ឲ្យ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​ទេនោះ​។ ហើយ​នៅ​ថ្ងៃទី​៩​វិច្ឆិកា​នេះ ជា​ថ្ងៃ​ដែល​ត្រូវផុត​ការដាក់​ឱសានវាទ​នេះ​។

​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ ជា​ថ្ងៃ​ផុត​ការដាក់​ឱសានវាទ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក​ថេត គ្រួ​ហ្ស (Ted Cruz) ដែល​ទាមទារ​ឲ្យ​កម្ពុជា​ដោះលែង​លោក​កឹម សុខា ប្រធាន​គណបក្សប្រឆាំង​។ ប្រមុខ​ទូត​កម្ពុជា​នៅ​អាមេរិក បាន​ព្យាយាម​ពន្យល់​ជុំវិញ​ករណីនេះ តែ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​នៅតែ​មិន​ទទួលយក ហើយ​ថា ជាការ​ដោះសារ​។​

​បើតាម​លិខិត​ចុះ​ថ្ងៃទី​៧​វិច្ឆិកា របស់លោក​ជុំ ប៊ុន​រ៉ុង ឯកអគ្គរាជទូត​កម្ពុ​ជា​នៅ​សហរដ្ឋអាមេរិកបានប្រាប់​ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ដូច្នេះ​ថា រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​តម្លៃ និង​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព ដូចគ្នា​ទៅនឹង​សហរដ្ឋអាមេរិក​ដែរ​។ លោក​គូសបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​កំពុងតែ​ដំណើរការ​ទៅមុខ ដោយ​លោក​ថា វា​ជា​ការពិត​ដែល​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​នេះ អាច​សម្រេច​ទៅបាន ប្រសិនបើ​នីតិរដ្ឋ​ត្រូវបាន​ធានា និង​អនុវត្ត​ដោយ​ពេញលេញ ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​ស្ថិរភាព សន្តិភាព និង​ផលប្រយោជន៍​ប្រជាជាតិ​។​

​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន រូបនេះ ក៏បាន​ពន្យល់​ពី​ករណី​ការចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​ក្បត់ជាតិ ដោយ​លោក​ថា ត្រូវបាន​ធ្វើឡើង​ស្របតាម​បទ​បទបញ្ញត្តិ​ជា​ធរមាន​នានា ដូចដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។ បន្ថែម​ពីនេះ លោក​ជុំ ប៊ុន​រ៉ុង បាន​លើក​នូវ​ទឡ្ហីករណ៍​មួយចំនួន​ចំពោះ​ទង្វើ​របស់លោក​កឹម សុខា ប្រៀបធៀប​ទៅនឹង​ករណី​ការអនុវត្ត​ច្បាប់​នៅ​សហរដ្ឋអាមេរិក​ដូចគ្នានេះដែរ ព្រោះថា  អាមេរិក​ក៏​មានច្បាប់​ជាច្រើន ដែល​គ្រប់គ្រង​មិន​ឲ្យមាន​ទង្វើ​ក្បត់ជាតិ​នេះ​។ ផ្អែក​តាម​ការអះអាង​នេះ ប្រមុខ​ការទូត​កម្ពុជា​នៅ​សហរដ្ឋអាមេរិក លើកឡើងថា ទង្វើ​ក្បត់ជាតិ​របស់លោក​កឹម សុខា គឺ​រដ្ឋាភិបាល​កម្ពុជា មិន​ធ្វើ​ការធ្វេសប្រហែស​ក្នុង​ការអនុវត្ត​ទៅតាម​ច្បាប់​នោះទេ​។​

លោកជុំ ប៊ុនរ៉ុង ឯក​អគ្គរាជទូត​កម្ពុជាប្រចាំសហរដ្ឋអាមេរិក និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា។ (រូប​ភាព​ពី​ហ្វេសប៊ុក)

​លោក​ជុំ ប៊ុន​រ៉ុង សង្កត់ធ្ងន់ថា វា​មិន​យុត្តិធម៌​ឡើយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវបាន​រិះគន់ និង​គំរាមកំហែង​ដោយ​សកម្មភាព​ដាក់ទណ្ឌកម្ម ព្រោះតែ​ការចាត់វិធានការ​តាម​ផ្លូវច្បាប់ ដើម្បី​ការពារ​សន្ដិសុខ សន្តិភាព ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់ខ្លួន ដូចដែល​ប្រទេស​ដ៏ទៃទៀត​បាន​អនុវត្ត​ដូច្នេះ​ដែរ​។ លោក​បន្តថា ការចាប់ខ្លួន​លោក​កឹម សុខា និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មិនមែនជា​ការបញ្ចប់​ស្ថាប័ន​សេរី​ពហុបក្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះឡើយ​។​

ក្រៅពីនេះ លោក​ជុំ ប៊ុន​រ៉ុង ជម្រាប​ទៅ​លោក​ថេត គ្រួ​ហ្ស ឱ្យដឹង​ដែរថា របាយការណ៍​ដែល​សមាជិក​ព្រឹទ្ធសភា​រូបនេះ​ទទួលបាន​កន្លងទៅ ដែល​បង្ហាញថា រដ្ឋាភិបាល​បាន​បិទ​ស្ថានីយ​វិទ្យុ​ជាង ១០០​នោះ គឺជា​ការយល់ច្រឡំ​។ លោក​ថា តាមពិត​មាន​ស្ថានីយ​វិទ្យុ​ជាង ២០​ប៉ុណ្ណោះ ដែល​ត្រូវបាន​បិទ​ទៅតាម​ច្បាប់សារព័ត៌មាន ហើយ​ថា ការបិទ​ស្ថានីយ​វិទ្យុ​ទាំងនោះ​ទៀតសោត គឺ​ដោយសារតែ​ស្ថានីយ​ទាំងនោះ​ពុំបាន​រាយការណ៍​ទៅ​ក្រសួង​ព័ត៌មាន ដូចដែល​បានកំណត់​ក្នុង​កិច្ចសន្យា​ជាមួយ​ក្រសួង​។ លោក​ក៏​បានលើកឡើង​ជុំវិញ​ករណី​បិទ​កាសែត​ឌឹ​ខេម​បូ​ឌៀ​រ​ដេលី​ផងដែរ ប៉ុន្តែ លោក​អះអាងថា ទោះបីជា ស្ថាប័ន​ផ្សព្វផ្សាយ​ទាំងនោះ​ត្រូវបាន​បិទទ្វារ តែ​កម្ពុជា​នៅមាន​ស្ថាប័ន​ផ្សព្វផ្សាយ​ជាច្រើន​ទៀត ដែល​កំពុងដំណើរការ ហើយ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក៏មាន​ភាពប្រសើរ​ជាង​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​ផងដែរ​។​

​ជាថ្មី​ម្ដងទៀត លោក​ឯកអគ្គរាជទូត ជុំ ប៊ុន​រ៉ុង បាន​ធានា​ប្រាប់​ទៅ​សមាជិក​ព្រឹទ្ធសភា​ថា កម្ពុជា​ឲ្យ​តម្លៃ​ចំពោះ​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក និង​អរគុណ​យ៉ាងខ្លាំង​ដល់​អាមេរិក សម្រាប់​ការ​គាំទ្រ​​របស់ខ្លួន​ចំពោះ​ស្ថិរភាព សន្តិភាព និង​ការអភិវឌ្ឍ​ក្នុងប្រទេស​កម្ពុជា​។ លោក​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា បានដាក់​វិធានការ និង​ឈរ​យ៉ាង​មុតមាំ​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ដោយ​បណ្ដោយ​ឲ្យ​សោកនាដកម្ម​នៅពេល​អតីត​កាលកើត​មាន​ឡើងវិញ​ម្ដងទៀត នៅលើ​ទឹកដី​កម្ពុជា​ឡើយ​។​

​បើតាម​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក​ថេត គ្រួហ្ស ចាត់ទុក​ការបកស្រាយ​របស់​ឯក​អគ្គរាជ​ទូក​កម្ពុជា​ខាងលើ​ថា ជាការ​ដោះសារ និង​មិនអាច​ទទួលយក​បានឡើយ​។ លោក​ថេត គ្រួ​ហ្ស បញ្ជាក់​ជាថ្មី​ថា ប្រសិនបើ​លក្ខខណ្ឌ​មួយចំនួន មិន​ត្រូវបាន​ឆ្លើយតប រួមទាំង​ការដោះលែង​លោក​កឹម សុខា និង​ការអនុញ្ញាតឲ្យ​ស្ថានីយ​វិទ្យុ អង្គការ​មួយចំនួន​ធ្វើ​ប្រតិបត្តិការ​ឡើងវិញ​ទេនោះ លោក​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន នឹង​មិនអាច​ទទួលស្គាល់​ការបោះឆ្នោត​ដោយ​ភាពត្រឹមត្រូវ និង​ស្របច្បាប់​នោះទេ​។​

​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​រូបនេះ បន្តថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​ចាត់វិធានការ​ដំបូង ដើម្បី​ដោះស្រាយ​លក្ខខណ្ឌ​ទាំងនេះ ដោយ​ធ្វើ​ការដោះលែង​លោក​កឹម សុខា ហើយ​ត្រូវធ្វើ​ជាបន្ទាន់​។ បើ​មិន​ដូច្នោះ​ទេ លោក​អះអាងថា នឹង​ធ្វើការ​ជាមួយ​សមាជិក​ព្រឹទ្ធសភា និង​នៅក្នុង​រដ្ឋបាល​អាមេរិក ដើម្បី​ពិនិត្យ​មើលថា តើ​មន្ត្រី​កម្ពុជា​ណាខ្លះ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ទាំងនេះ ហើយ​រារាំង​ពួកគេ​មិន​ឲ្យធ្វើ​ដំណើរទៅ​សហរដ្ឋអាមេរិ​ក​នោះទេ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន និង​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច រួមទាំង​សមាជិកសភា​មតិ​ភាគច្រើន​ផង ជារួម សុទ្ធតែ​បង្ហាញ​ការមិន​ចាប់អារម្មណ៍ និង​មិន​​ព្រួយបារម្ភ​ទាល់តែសោះ ចំពោះ​ការ​គំរាម​ដាក់ទណ្ឌកម្ម​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​។

លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា និងលោកឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា

មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ទាំងនេះ ចាត់ទុក​ការដាក់កំហិត​ពី​លោក​ថេត គ្រួ​ហ្ស បែបនេះ ជា​ការឈ្លានពាន​ដល់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ហើយ​អះអាង​ម្តង​ជា​ពីរដង​ថា សមាជិក​ព្រឹទ្ធសភា​អា​មេ​កាំ​ង​នោះ គ្មាន​ឥទ្ធិពល​អ្វី​ដល់​រដ្ឋ​អធិបតេយ្យ​នោះឡើយ​។​

​គួររំឭកថា លោក​កឹម សុខា ប្រធាន​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ក្រោម​ការចោទប្រកាន់ថា​ក្បត់ជាតិ និង​ថា​បាន​ឃុបឃិត​ជាមួយ​អាមេរិក ក្នុង​បំណង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ លោក​ថេត គ្រួ​ហ្ស ចាត់ទុក​ការចាប់ខ្លួន និង​ចោទប្រកាន់​លោក​កឹម សុខា បែបនេះ នឹងធ្វើ​គ្រោះថ្នាក់​ដល់​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា និង​គ្រោះថ្នាក់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផងដែរ​។ បើតាម​លោក​ថេត គ្រួ​ហ្ស ការមិន​ព្រម​ដោះលែងលោក​កឹម សុខា នៅ​ថ្ងៃទី​៩ វិច្ឆិកា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ការចុះឈ្មោះ​បោះឆ្នោត វា​នឹងមិន​អាចធ្វើឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះឡើយ​។​

​យ៉ាងណា​ក៏ដោយចុះ ការ​ឈឺឆ្អាល​នឹង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា និង​គំរាម​ដាក់ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​កម្ពុជា មិនមែន​មានតែ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង លោក​ថេត គ្រួ​ហ្ស មួយរូប​ប៉ុណ្ណោះ​ទេ​។ បើតាម​ការឲ្យដឹង ក៏មាន​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​មួយចំនួនទៀត មកពី​គណបក្ស​សាធារណៈរដ្ឋ​របស់លោក​ដូណាល់ ត្រាំ កំពុង​រៀបចំ​សេចក្តីសម្រេច​មួយ​យកទៅ​ជជែក​ក្នុង​ការប្រជុំ​ព្រឹទ្ធសភា​អាមេរិក នៅពេល​ខាងមុខនេះ ដែលជា​សេចក្តីសម្រេច​សំដៅ​ដល់​ការដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាលកម្ពុ​ជា​ឲ្យ​បើកលំហ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត