កម្ពុជាអនុវត្ត​លទ្ធិប្រជាធិប​តេយ្យ​ពិតប្រាកដ​ឬក្លែងក្លាយ?​

ដោយ៖ គួន សំបូរ 08-11-2017 3:20 pm 270
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលបោះឆ្នោតកន្លងទៅ។

រយៈពេលជាង២០ឆ្នាំមកហើយ ដែលកម្ពុជា សម្រេចចិត្តដើរលើមហាវិថីនៃប្រជាធិបតេយ្យ សេរីពហុបក្ស តាមគន្លងផ្លូវរបស់ប្រទេសមហាអំណាចលោកខាងលិច។ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន បានអំពាវនាវដល់បរទេសកុំមកបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ប៉ុន្តែសម្រាប់អ្នកប្រឆាំង បានហៅប្រជាធិបតេយ្យសព្វថ្ងៃនេះថា ជាលទ្ធិប្រជាធិបតេយ្យក្លែងក្លាយទៅវិញ។

គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា អាចនឹងត្រូវតុលាការកំពូលរំលាយចោលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុន។នេះបើតាមការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន។ ប៉ុន្តែមុនពេលថ្ងៃបើកសវនាការមកដល់ គេឃើញមានប្រតិកម្មធ្លាក់មកជាបន្តបន្ទាប់ ពីសហគមន៍អន្តរជាតិ និងក្រុមប្រឆាំងនឹងរដ្ឋាភិបាល។ចំណែកឯទំនាក់ទំនងជាមួយមហាអំណាចលោកសេរី គឺសហរដ្ឋអាមេរិក ក៏កំពុងមានភាពល្អក់កករផងដែរ។

ចំពោះស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ននេះ ក្រុមប្រទេសលោកសេរី និងក្រុមប្រឆាំងមួយចំនួន បានចោទប្រកាន់រាជរដ្ឋាភិបាលរបស់លោកហ៊ុន សែនថា បានធ្វើខុសពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយថា វប្បធម៌នៃការដឹកនាំនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ គឺឈរលើភាពក្លែងក្លាយ។ បន្ថែមពីនេះ ក្រុមប្រទេសមួយចំនួន បានអំពាវនាវដល់ភាគីកម្ពុជា បញ្ចប់ការធ្វើទុក្ខបុកម្នេញ មកលើគណបក្សសង្រ្គោះជាតិ និងទាមទារឲ្យដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។

ក្រៅពីការអំពាវនាវ កម្ពុជាក៏ត្រូវបាន រងការព្រមានផ្តាច់ទំនាក់ទំនង និងព្រមានដាក់ទណ្ឌកម្ម តាមផ្លូវសេដ្ឋកិច្ច ពីសំណាក់ក្រុមសមាជិកព្រឹទ្ធសភារបស់អាមេរិក ដោយក្រុមទាំងអស់នោះថា នឹងជំរុញឲ្យរដ្ឋបាលលោកលោកដូ ណាត្រាំ ប្រធានាធិបតីអាមេរិក ពិចារណាដាក់បញ្ចូលឈ្មោះមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ទៅក្នុងបញ្ជីខ្មៅ ដែលត្រូវបង្កកទ្រព្យសម្បត្តិ និងហាមប្រាមមិនឲ្យធ្វើអាជីវកម្មជាមួយជនជាតិអាមេរិកាំងជាដើម។

តែយ៉ាងណាក្តី សម្រាប់រដ្ឋាភិបាលកម្ពុជា មិនបានខ្វល់ខ្វាយ ចំពោះការព្រមានរបស់ជនបរទេសទាំងនោះទេ។រាជរដ្ឋាភិបាលកម្ពុជា បានពន្យល់ប្រាប់ដល់សហគមន៍អន្តរជាតិវិញថា ស្ថានការណ៍នយោបាយកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ គឺជាការអនុវត្តន៍ច្បាប់ ចំពោះអ្នកនយោបាយ ដែលល្មើសច្បាប់ ហើយករណីនេះ មិនបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ឬធ្វើលទ្ធិប្រជាធិបតេយ្យចុះខ្សោយឡើយ។

ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញនៅថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្ញើសារដាស់តឿនដោយមិនចំឈ្មោះ ដល់ក្រុមបរទេស ដែលគេអាចស្មានដឹងថា ប្រហែលសំដៅលើក្រុមសមាជិកព្រឹទ្ធសភារបស់អាមេរិកថា កុំធ្វើខ្លួនជាអ្នកស្រឡាញ់ខ្មែរ។លោកថា កម្ពុជាមិនដើរតាមគន្លងដានប្រវិត្តិសាស្ត្រទេ ហើយលោកបានអំពាវនាវដល់ជនទាំងអស់នោះ កុំមកបំផ្លាញ់ប្រធិបតេយ្យនៅកម្ពុជា…

សំឡេងលោកហ៊ុន សែន៖

ចំពោះអ្នកតាមដានសង្គមវិញ បានយល់ឃើញថា ស្ថានការណ៍នយោបាយ បើឈានទៅដល់រំលាយគណបក្សសង្គ្រោះជាតិ វានឹងប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពីព្រោះគណបក្សសង្គ្រោះជាតិ ជាគណបក្សដៃគូប្រកួតសំខាន់ ជាមួយគណបក្សកាន់អំណាច។លោកសន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា។

រីឯលោកបណ្ឌិសុខ ទូច បានបញ្ជាក់ថា បើទោះបីជាគណបក្សសង្រ្គោះជាតិ ត្រូវរំលាយចោលមែននោះ ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែធ្វើដំណើរល្អដដែល។លោកថា កម្ពុជាសព្វថ្ងៃមានគណបក្សនយោបាយជាច្រើន បានដាក់ពាក្យប្រកួត មិនមែនមានតែគណបក្សកាន់អំណាចតែមួយនោះទេ។

គួរកត់សម្គាល់ថា ចាប់តាំងពីមានការចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិមក ប្រតិកម្មរិះគន់ ធ្លាក់មកជាហូរហែមកលើរដ្ឋាភិបាលកម្ពុជាទាំងក្នុង និងក្រៅប្រទេស។ភាគច្រើន ប្រតិកម្មទាំងនោះ បារម្ភពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយអំពាវនាវដល់រដ្ឋាភិបាល អនុត្តតាមគោលការណ៍របស់លទ្ធិប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវ។

អ្នកជំនាញខ្លះ បានផ្តល់ជាដំណោះស្រាយថា អ្នកនយោបាយគួរយកប្រទេសជាតិធំ ទើបបញ្ហាអាចចប់បាន។ប៉ុន្តែបើអ្នកនយោបាយនៅតែឈរលើគោលការណ៍យកឈ្នះរៀងៗខ្លួន គឺមិនអាចដោះស្រាយបានឡើយ៕ 

ព័ត៌មានផ្សេងទៀត