រថយន្ត​ស្ទែ​ម​​បន្ត​ពាំនាំ​​ពិព័រណ៍​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម ​និង​គណិតវិទ្យា​​ទៅ​កាន់​​សាលា​​ទូទាំងប្រទេស​​​​កម្ពុជា​​​

ដោយ៖ Vayofm Teams 08-11-2017 12:43 pm 290

​ក្នុង​ខែវិច្ឆិកា​នេះ រថយន្ត​ស្ទែ​ម STEM Bus Cambodia នឹង​ទៅ​ជួប​បងប្អូន និង​សិស្សានុសិស្ស នៅ​ខេត្តកោះកុង កំពង់ឆ្នាំង និង​ពោ​ធ៌សាត់​។ ក្នុងនោះ នឹងមាន​ការតាំង​បង្ហាញ​ការពិសោធន៍​ជាច្រើន ទាក់ទិន​នឹង​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។​

​រថយន្ត​ស្ទែ​ម (STEM Bus) ជា​រថយន្ត​ចល័ត​ដែល​ពាំនាំ​យកទៅ​ជាមួយ​នូវ​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ព្រមទាំង​ការផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​អំពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា និង​ផលប្រយោជន៍​នៃ​ការប្រើប្រាស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ទៅកាន់​សាលា​មធ្យមសិក្សា ចំណេះ​ទូទៅ នៅក្នុង​រាជធានី​-​ខេត្ត ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

កម្មវិធី​រថយន្ត​ស្ទែ​ម (STEM Bus Program) បាន​សម្របសម្រួល សហការ​អនុវត្ត និង​ទទួលបាន​ការគាំទ្រ​ពី​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា អង្គការ​ស្ទែ​ម​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ការ​ពាំនាំ​ពិព័រណ៍​ច​ល័យ​តាមរយៈ​រថយន្ត​ស្ទែ​ម​នេះ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៦​មក ក្នុង​គោលបំណង ផ្សព្វផ្សាយ និង​ជំរុញ​សិស្ស​នៅតាម​បណ្តា​សាលា​មធ្យមសិក្សា​ចំណេះ​ទូទៅ ក្នុង​រាជធានី​-​ខេត្ត ទូទាំងប្រទេស ឱ្យ​កាន់តែ​មាន​ការចាប់អារម្មណ៍ និង​ការយកចិត្តទុកដាក់​លើ​ការសិក្សា មុខជំនាញ អាជីព វិជ្ជាជីវៈ ការស្រាវជ្រាវ និង​នវានុវត្តន៍ ដែល​ទាក់ទង​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។​

​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ត្រូវបាន​ប្រទេស​នានា​ទូទាំង​ពិភពលោក ទទួលស្គាល់​ជាទូទៅ និង​យ៉ាង​ទូលំទូលាយ​ថា វិស័យ​/​កត្តា​គន្លឹះ ដ៏​មាន​សក្តានុពល ជា​អាទិភាព និង​មាន​សារៈសំខាន់​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច ឧស្សាហកម្ម ក​សិ​-​ឧស្សាហកម្ម និង​ពាណិជ្ជូប​នីយកម្ម​៕

សូមទស្សនារូបថតសកម្មភាពខ្លះៗ របស់ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា នៅ​តាម​សាលា​កម្ពុជា៖

សូម​មើល​កាលវិភាគ​លម្អិតរ​បស់​ក្រុមការងារ​រថយន្ត​ស្ទែ​ម នៅទីនេះ​៖ www.facebook.com/pg/STEMBusKH/events

ព័ត៌មានផ្សេងទៀត