ហេតុអ្វី​​រយៈពេល​៣​ថ្ងៃ​​ជាប់​គ្នា ​លោក​ហ៊ុន សែន ​បញ្ចេញ​សារ​​ដដែលៗ​?​

ដោយ៖ ខាត់ សុធី 06-11-2017 2:09 pm 4861

​គិត​មកដល់​ថ្ងៃនេះ មាន​រយៈពេល​៣​ថ្ងៃ​ហើយ ដែល​លោក​ហ៊ុន សែន បញ្ចេញ​សារ​ដដែល​ជា​ដដែល ក្នុង​ការអូសទាញ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ថ្នាក់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ស្រុក​-​ខណ្ឌ ក្រុមប្រឹក្សា​ខេត្ត​-​រាជធានី ព្រមទាំង​សមាជិក​សភាតំណាងរាស្ត្រ ឲ្យ​ប្ដូរ​ទ្រ​នំ​ចាស់​ផ្លាស់​មក​ចូល​ទ្រនំ​ថ្មី ជ្រក​ក្រោម​ដំបូល​គណបក្សកាន់អំណាច​របស់លោក ដើម្បី​អាច​រក្សា​តំណែង​ត​ទៅមុខទៀត​។​

​លោក​ហ៊ុន សែន និយាយថា ការអំពាវនាវ​នេះ ព្រោះ​លោក​អាណិត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ថ្នាក់ក្រោម​ដែល​មិនដឹង​រឿង​ក្បត់ជាតិ​នៃ​ថ្នាក់ដឹកនាំ​ខាងលើ​របស់​គណបក្ស​។ លោក​ចង់ឲ្យ​អ្នកទាំងនោះ បាន​បន្ត​បម្រើ​ពលរដ្ឋ​ជា​បន្តទៀត ក្រោយពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ នាពេល​ដ៏​ខ្លី​ខាងមុខ​។​

​ជា​ការកត់សម្គាល់ សារ​នយោបាយ​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពលរដ្ឋ​ទូទៅ ពិសេស​មជ្ឈដ្ឋាន​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដោយ​ភ្ញាក់ផ្អើល​ផង និង​មាន​ចម្ងល់​ផង ថា​ហេតុអ្វី បានជា​លោក​ហ៊ុន សែន បញ្ចេញ​សារ​បែបនេះ ម្តង​ហើយ​ម្តងទៀត​ជាប់​គ្នា​ដល់​ទៅ​៣​ថ្ងៃ​?

​លោក​សុខ ទូច ធ្លាប់ជា​អ្នកវិភាគ​នយោបាយ​ដ៏​លេចធ្លោ​មួយរូប បាន​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​លោក​អះអាងថា ជាង​មួយ​សប្តាហ៍​មកនេះ លោក​មិនបាន​តាមដាន​ស្ថានការណ៍​នយោបាយ​ទេ ព្រោះ​លោក​មាន​បញ្ហា​សុខភាព​។​

​ប៉ុន្តែ​សម្រាប់​លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​មួយរូប មើលឃើញថា ស្ថានភាព​នយោបាយ​នៃ​គណបក្ស​ធំ​ទាំងពីរ ស្ថិតក្នុង​ដំណាក់កាល​ប្រជែង​គ្នា​យ៉ាង​ស្រួចស្រាវ ខណៈ​គោលដៅ​ផ្តាច់ព្រ័ត្រ​នៃ​លទ្ធផល​ឈ្នះ​ចាញ់ កាន់តែ​ជិត​ដល់​។​លោក​ថា ស្ថានភាព​នេះ អ្នក​ដែល​ភ័យ​ជាងគេ គឺ​អ្នករត់​ខាងមុខ ដែល​លោក​សំដៅលើ​គណបក្សកាន់អំណាច ខណៈ​អ្នករត់​ខាងក្រោយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ប្រកៀក​ប្រកិត​។​

​លោក​មាស នី ថា ការបញ្ចេញ​សារ​ដដែល​ជា​ដដែល ក្នុង​ការអូសទាញ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ របស់លោក​ហ៊ុន សែន​ពេលនេះ ជា​ចេតនា​ធ្វើឲ្យមាន​ការបែកបាក់​ផ្ទៃក្នុង និង​ជា​តេស្ត ដើម្បី​ចង់ដឹង​ពី​ភាពរឹងមាំ​នៃ​ជំហ​រ​គាំទ្រ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្នាក់មូលដ្ឋាន​រឹងមាំ​កម្រិតណា​?​តែបើ​ជំហរ​នៅតែ​រឹងមាំ នឹង​គ្មាន​ការបែកបាក់ ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាកដជា​កើតមាន​.............

​សំឡេង​លោក​មាស នី​៖

​ផ្ទុយ​ពី​កា​លើកឡើង​របស់​អ្នកវិភាគ​ខាងលើ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយតប​ថា ការអំពាវនាវ​ម្តង​ហើយ​ម្តងទៀត​របស់លោក​ហ៊ុន សែន គឺជា​មនោសញ្ចេតនា ដែល​ចង់ឲ្យ​មន្ត្រី​របស់​គណបក្សប្រឆាំង​នៅតា​មមូលដ្ឋាន​ទាំងនោះ អាច​នៅ​បន្ត​បម្រើ​ប្រជាពលរដ្ឋ​ជា​បន្តទៀត  ក្រោម​ដំបូល​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​រលាយ​................

​សំឡេង​លោក​សុខ ឥសាន​៖

​លោក​មាស នី យល់ថា យុទ្ធសាស្ត្រ​គណបក្ស​ប្រជាជន​ពេលនេះ អាចជា​យុទ្ធសាស្ត្រ​គ្រោះថ្នាក់​មួយ​ដែរ​។​តែបើ​ជោគជ័យ វា​ជា​ផលប្រយោជន៍​ទាំងមូល​របស់​គណបក្ស​កាន់អំណាច តែបើ​បរាជ័យ​វិញ គឺជា​កំហុស​របស់​មេបក្ស​តែ​ម្នាក់​។​ទាក់ទង​នឹង​សញ្ញា​បែកបាក់​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ លោក​មាស នី មើលឃើញថា បើ​សង្គ្រោះ​ជាតិ​ទប់ទល់​មិន​បានទេ សង្គ្រោះ​ជាតិ​អាច​បែក​ជា​បី មិនមែន​ពីរ​ទេ​។​លោក ថា​ពេលនោះ ក្រុមទី​៣ នឹង​ទាញយក​សង្គ្រោះ​ជាតិ​ទៅ​ឱប​ក្រសោប ដោយ​ពាក់អាវ​សង្គ្រោះ​ជាតិ ប៉ុន្តែ មិនមែន​សង្គ្រោះ​ជាតិ​ពិតប្រាកដ​.....

​សំឡេង​លោក​មាស នី​៖

​ជា​ការកត់សម្គាល់ ចាប់តាំងពី​ថ្ងៃទី​០៤ វិច្ឆិកា ជា​ថ្ងៃ​ចុងក្រោយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក មកទល់នឹង​ថ្ងៃនេះ លោក​ហ៊ុន សែន នៅតែ​បញ្ចេញ​សារ​អំពាវនាវ​អូសទាញ​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ ឲ្យមក​ចុះចូល​នឹង​គណបក្ស​ប្រ​ជា​ជន​របស់លោក ព្រោះ​លោក​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយ​១០០%​នៅពេល​ដ៏​ខ្លី​ខាងមុខ​។​លោក​ហ៊ុន សែន បាន​និយាយ​ការពារ​ខ្លួន​ថា ការអំពាវនាវ​បែបនេះ ដោយសារតែ​លោក​មាន​បំណងល្អ​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម ដែល​មិនដឹង​ពី​អំពើ​ក្បត់ជាតិ​របស់​ថ្នាក់លើ​។​ប៉ុន្តែ​ការអំពាវនាវ​នេះ បានធ្វើឲ្យ​លោកសម រង្ស៊ី ចេញមុខ​មក​តបត ដោយ​បានប្រកាស​ប្រាប់ថា ការអូសទាញ​របស់លោក​ហ៊ុន សែន នេះ​គឺ​ជាការ​ភ​រ​កុហក​របស់លោក​ហ៊ុន សែន​តែប៉ុណ្ណោះ​។​លោក​សម រង្ស៊ី និយាយថា លោក​ហុន សែន មិន​ហ៊ាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ លោក​បាន​ប្រាប់​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ​ទៀតថា អ្នកណា​ដែល​ចុះចូល​រួច​ជាមួយ​គណបក្ស​ប្រជាជន អ្នកនោះ​នឹង​ស្តាយ​ក្រោយ​៕

ព័ត៌មានផ្សេងទៀត