សប្បាយ​ផង​ ភ័យ​ផង​!​ ជា​អារម្មណ៍​​ពលរដ្ឋ​​មួយចំនួន​​ពេល​​ពិធី​បុណ្យ​អុំទូក​​ចាប់​ផ្តើម​​

ដោយ៖ អឿន ភារ៉ា 02-11-2017 1:46 pm 834
ប្រជាពលរដ្ឋចូលរួមទស្សនា ពិធីបុណ្យអុំទូកនៅថ្ងៃទីមួយ តាមបណ្តាយមាត់ទន្លេ មុខព្រះបរមរាជវាំង។ រូបថតដោយៈ អឿន ភារ៉ា

​ការ​ប្រារព្ធ​ពិធី​បុណ្យអុំទូក​នៅ​ក្នុងឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​ដូច​ការគ្រោងទុក​នៅ​ទី​ក្រុងភ្នំពេញ មុខ​ព្រះបរមរាជវាំង​។ ជា​ព្រឹត្តិការណ៍​បុណ្យជាតិ​ប្រវត្តិសាស្ត្រ ដែល​ធ្លាប់បាន​អាក់ខាន​អស់​រយៈពេល ជាច្រើន​ឆ្នាំ​មកហើយ​។ ហើយ​នេះ ជា​ឆ្នាំ​ទី​ពីរ​ដែល​កម្ពុជា រៀបចំពិធីបុណ្យ​នេះ​ឡើងវិញ ដែល​បានធ្វើឲ្យ​ពលរដ្ឋ​មួយចំនួន ​មានភាពសប្បា​យ​រីករាយ ប៉ុន្តែ ពលរដ្ឋខ្លះទៀត ក៏នៅតែ មានភាព​ភ័យ​ខ្លាច​​ដែរ​។

​ពលរដ្ឋ​មួយចំនួន​ដែល​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យអុំទូក ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​០២ ខែកញ្ញា​នេះ បាន​ស​ម្តែងក្តី​ត្រេកអរ​ជាខ្លាំង​។ ត្រេកអរ​ដោយសារ​ពួកគេ​បានឃើញ​វត្តមាន​ពិធី​បុណ្យជាតិ​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​ប្រារព្ធ​ធ្វើឡើង​ជាថ្មី​ម្តងទៀត បន្ទាប់ពី​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ បាន​អាក់ខាន ដែល​ស្ទើរតែ​ធ្វើឲ្យ​ពិធីបុណ្យ ក្លាយជា​ពិធីបុណ្យ​សាមញ្ញ​ទៅហើយ​។​

​អ្នករស់នៅ​រាជធានី​ភ្នំពេញ​មួយរូប គឺ​អ្នកស្រី​ប៊ុន លក្ខិណា បានបង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​។ អ្នកស្រី​ប្រាប់ថា នៅ​ប៉ុន្មាន​ថ្ងៃនេះ សង្កេតឃើញ​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ជាច្រើន ធ្វើដំណើរ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ដែល​កាន់តែ​ធ្វើឲ្យ​មានភាព​អ៊ូអរ​...​។​
​សំឡេង​អ្នកស្រី​ប៊ុន លក្ខិណា​៖

​អ្នកស្រី​លក្ខិណា លើកឡើង​ដែរថា អ្នកស្រី​មិន​បារម្ភ​ខ្លាច​ពី​សុវត្ថិភាព​នោះទេ ព្រោះថា អ្នកស្រី​បានឃើញ​ការផ្សព្វផ្សាយ​ជាច្រើន​ពី​អាជ្ញាធរ​រដ្ឋាភិបាល ក្នុង​ការការពារ​សន្តិ​សុខ សុវត្ថិភាព ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​នៅតាម​គោលដៅ​ជាច្រើន​។​

​មិនមែនជា​អ្នករស់នៅ​ភ្នំពេញ​ឡើយ ប៉ុន្តែ យុវជន​សីហា និង​មិត្តភក្តិ​របស់គេ​ម្នាក់ទៀត បាន​សម្រេចចិត្ត​មិន​ទៅ​ស្រុកកំណើត ហើយ​ចូលរួម​ពិធី​បុណ្យអុំទូក​នៅ​ឆ្នាំនេះ​។ សីហា​លើកឡើងថា សម្រាប់​ឆ្នាំនេះ អាច​នឹងមាន​សុវត្ថិភាព​ច្រើន ដោយសារតែ​ធ្លាប់​បទពិសោធន៍​សោកនាដកម្ម​ម្តង​រួចមកហើយ ដូច្នេះ​ពលរដ្ឋ​អាចមាន​ការប្រុងប្រយ័ត្ន​ច្រើនជាង​មុន​។ យ៉ាងណា យុវជន​រូបនេះ ក៏​ស្នើឲ្យ​អាជ្ញាធ​រយកចិត្ត​ទុក​ពង្រឹង​សន្តិសុខ​ឲ្យបាន​ខ្លាំង​ផងដែរ​...
​សំឡេង​លោក​សីហា​៖

​បើតាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឱ្យដឹងថា សមត្ថកិច្ច​ចម្រុះ ជាង​១​ម៉ឺន ២​ពាន់​នាក់ បាន​ដាក់ពង្រាយ​នៅ​គ្រប់​គោលដៅ​ទាំង​ក្នុង និង​ជាយក្រុង ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ដែល​មក​ចូលរួម​ព្រះរាជ​ពិធី​បុណ្យអុំទូក នៅ​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៤ ខែវិច្ឆិកា ដោយ​យកចិត្តទុកដាក់​។ ចំណែក រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែតុលា បានប្រគល់​ម៉ូតូ​ចំនួន ១៦៥​គ្រឿង និង​រថយន្តស្ទូច​ពី​រគ្រឿង ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១២ និង​ប៉ុស្តិ៍នគរបាល​ទាំង ១០៥ សម្រាប់​ជា​មធ្យោបាយ​ចល័ត​កម្លាំង ចុះ​ការពារ​សុវត្ថិភាព​នៅតាម​គោលដៅ​នានា ឲ្យបាន​ទាន់ពេលវេលា​។​

ទោះបីជា​អាជ្ញាធរ​បង្ហាញ​ពី​វិធានការ​ការពារ​តឹងរឹង ហើយ​ពលរដ្ឋ​មួយចំនួន​បង្ហាញ​ការជឿទុកចិត្ត​ក៏ដោយ ប៉ុន្តែ ក៏មាន​ផងដែរ​ក្តីបារម្ភ និង​ភាពភ័យខ្លាច​របស់​ពល​រដ្ឋ​មួយចំនួនទៀត​។ ជាក់ស្តែង អ្នកស្រី​ឃីម ខេង ដែលជា​អ្នក​មកពី​ខេត្ត​កំពង់ចាម ហាក់​នៅមាន​ការបារម្ភ​ពី​សុវត្ថិភាព​ខ្លះ​ដែរ​។ អ្នកស្រី​ថា ខ្លាច​តែ​មកលេង​សប្បាយ ប្រែក្លាយជា​នាំទុក្ខ​ដល់​គ្រួសារ​ទៅវិញ​....
​សំឡេង​អ្នកស្រី​ឃីម ខេង​៖

​ចំណែកឯ លោកតា​ពុធ ស៊ា​ង​គ្រី ជា​អ្នករស់នៅ​រាជធានី​ភ្នំពេញ ក៏បាន​លើក​ស្រដៀង​គ្នា​នេះដែរ​។ ហើយ​ដោយសារតែ​ធ្លាប់មាន​ស្លាកស្នាម​សោកនាដកម្ម លោកតា​វ័យ​៦០​ប្លាយ​រូបនេះ ក៏​សំណូមពរ​ដល់​អាជ្ញាធរ​ឲ្យមាន​ការការពារ​សុវត្ថិភា​ព​ឲ្យ​ដឹ​តដល់​ផងដែរ​...
​សំឡេង​លោកតា​ពុធ ស៊ា​ង​គ្រី​៖

មែនទែនទៅ ភាព​សប្បាយរីករាយ ទុក​សោក និង​សោកនាដកម្ម​ដែល​នឹកស្មាន​មិន​ដល់ ជា​បទពិសោធន៍​ក្នុង​ព្រះរាជ​ពិធី​បុណ្យអុំទូក​កាលពីពេល​កន្លងទៅ​។ ព្រឹត្តការណ៍​ជាន់គ្នា​ស្លាប់​ជាង ៣០០​នាក់ នៅ​កោះ​ពេជ្រ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ទូក កាលពី​ឆ្នាំ​២០១០ ជា​មេរៀន​ដែល​អាជ្ញាធរ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ មិនត្រូវ​ភ្លេចខ្លួន​នោះទេ​។

អ្នកតាមដានស្ថានការណ៍សង្គម លោកមាស នី គាំទ្រចំពោះវិធានការពាររបស់អាជ្ញាធរ។ តែលោកយល់ថា កងកម្លាំងចម្រុះច្រើន អាចបង្កការភ័យខ្លាចដល់ពលរដ្ឋ និងភ្ញៀវទេសចរផងដែរ....
សំឡេងលោកមាស នី៖

​ដូចដែល​បានដឹង​ស្រាប់​ហើយ ពិធី​បុណ្យអុំទូក​ជា​ឱកាស​មួយ​ដែល​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​នានា នាំគ្នា​សម្រុក​ឡើងមក​រាជធានី​ភ្នំពេញ​យ៉ាងច្រើន​កុះករ​។ អាជ្ញាធរ​បាន​រំពឹងទុក​ថា មនុស្ស​ប្រមាណ ៣​លាន​នាក់ នឹង​មក​ចូលរួម​ទស្សនា​កម្សាន្ត​ក្នុង​ពិធី​បុណ្យអុំទូក​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៤ នា​សប្តាហ៍​នេះ​៕

ព័ត៌មានផ្សេងទៀត