តំហែទាំ​​រថយន្ត​ “​អំពី​ទឹក​​ស្អំ​​ធុង​​ទឹក​​”​

ដោយ៖ Vayofm Teams 31-10-2017 4:37 pm 684

​ហេតុអ្វី ទឹក​ស្អំ​ធុង​ទឹក​មាន​សារៈសំខាន់​?
​ស្រប​ពេលដែល ប្រេងម៉ាស៊ីន​ប្រៀបបាន​នឹង​ដំណក់ឈាម នៃ​ប្រព័ន្ធ​ម៉ាស៊ីន​រថយន្ត ទឹក​ស្អំ​ធុង​ទឹក (Coolant) បាន​ដើរតួ​ជា​ប្រព័ន្ធ​ជំនួយ​ទប់ស្កាត់​កម្ដៅ​ម៉ាស៊ីន យ៉ាង​សំខាន់បំផុត មិនអាច​ខ្វះ​បាន​។ លោកអ្នក​សាកល្បង​គិតថា ថាមពល​កម្ដៅ ដែល​ករកើតឡើង​មកពីកា​រដុត​ចំហេះ​សាំង​ក្នុង​ម៉ាស៊ីន​មាន​ទំហំ​រវាង 19 រហូត 20,000 BTUs ក្នុង​ចំនួន​សាំង ៤ លីត្រ ដែល​ទំហំ​នេះ ទឹក​ធម្មតា​ពុំ​អាច​ទប់​ជាប់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទេ​។ ដូចនេះហើយ ប្រព័ន្ធ​ទឹក​ស្អំ​ធុង​ទឹក បាន​ដើរតួ​សំខាន់​ឥត​គណនា ក្នុង​មុខងារ​រក្សា​ស៊ីតណ្ហភាព​ក្រោម​មធ្យម​សម្រាប់​ម៉ាស៊ីន​រថយន្ត ក៏ដូចជា​ធានា​ឲ្យ​ប្រព័ន្ធ​ដំណើរការ​របស់​ម៉ាស៊ីន​មាន​ស្ថានភាព​ប្រក្រតី​។ បើសិនជា​គ្មាន​ទឹក​ស្អំ​ធុង​ទឹក (Coolant) ម៉ាស៊ីន​អាច​ប្រឈម​នឹង​ការឡើង​កម្ដៅ​រហ័ស​ហួស​ពី​ការរំពឹងទុក និង​អាច​ឈានទៅរក​ការខូចខាត​ទាំង​ធុង​ទឹក និង​ម៉ាស៊ីន​តែម្ដង​។

​មុខងារ​របស់​ទឹក​ស្អំ​ធុង​ទឹក (Coolant) គឺ​៖
1. រក្សា​ម៉ាស៊ីនរថយន្ត ឲ្យ​ដំណើរការក្នុង​សីតុណ្ហភាព ដែល​តែងតែ​អាច​ផ្ដល់​សន្ទុះ​ដល់​ការបើកបរ​
2. ផ្ដល់ជូន​នូវ​ក​ម្រឹត​ទឹក​ពុះ ក្នុង​កម្ដៅ​សមស្រប ធន​នឹង​អាកាសធាតុ​
3. ការពារ​ច្រេស ស្នឹម មិនឲ្យ​ករកើតឡើង​ក្នុង​សាច់ធុ​ងទឹក ជាហេតុ​ដែល​នាំឲ្យ​ធុង​ទឹកឆាប់​ខូច​គុណភាព
4. ការពារ​កុំឲ្យ​មាន​កាកសំណល់​ក្នុង​ផ្នែក​នៃ​ម៉ាស៊ីន​។​

​តើ​ទឹក​ស្អំ​ធុង​ទឹក (Coolant) និង​ទឹក​ធម្មតា​ផ្ដល់​ភាពខុសគ្នា​យ៉ាងដូចម្ដេច​?
​លោកអ្នក​សាកល្បង​គិត​អំពី​ការលំបាក ក្នុង​ការលាង​សម្អាត​កាកសំណល់​ច្រេស​ចាប់ នៅផ្ទះ​របស់​លោកអ្នក​ផ្ទាល់​សិន​មើល តើ​ពិបាក​ប៉ុណ្ណា​ដែរ​? ចុះ​ទម្រាំ​តែ វា​ជា​កាកសំណល់​ស្នឹម​ក្នុង​ធុង​ទឹក រឺ​កាកសំណល់​ក្នុង​ម៉ាស៊ីន​តើ​សម្អាត​យ៉ាងដូចម្ដេច​ទៅ​?

​លោកអ្នក​អាច​ប្រើប្រាស់​ទឹក​ធម្មតា​ក្នុង​ធុង​ទឹក​បាន តែ​ត្រូវ​រវល់ និង​ឧស្សាហ៍​មើល​ទឹក ថែម​ទឹក និង​ប្រឈម​នឹង​បញ្ហា​ខូចខាត​ដូចខាងលើ​។

ទឹក​ពុំ​អាចជួយ​ទប់​កំដៅ​បានល្អ​ទេ អញ្ចឹង​ហើយ ប្រើ​ទឹក​ធម្មតា មិនអាច​រក្សា​សន្ទុះ​រថយន្ត​បានល្អ​ដូច​ការប្រើ Coolant ទេ​។​

​សរុប​ជា​សង្ខេប សូម​ផ្ដល់​អនុសាសន៍​សម្រាប់​តំហែទាំ​ម៉ាស៊ីន​យានយន្ត​មួយចំណែក​ធំ​លើ​ការថែរក្សា​ប្រព័ន្ធ​ទឹក​ស្អំ​ធុង​ទឹក​។ ចំណាយ​ថវិកា​តិចតួច សម្រាប់ Coolant ប្រហែលជា​ចំណេញ​ជាង​ចំណាយ​ថវិកា​ជួសជុល​ធុង​ទឹក ប្ដូរ​ធុង​ទឹក​ថ្មី ក៏ដូចជា​ជួសជុល​ម៉ាស៊ីនរថយន្ត​នូវពេល ដែល​ទុកឲ្យ​រថយន្ត ឆេះ​រ៉ង​កន្លាស់​។ ការប្ដូរ​ទឹក​ស្អំ​ធុង​ទឹក​ទៀតសោត គួរ​ធ្វើតាម​បទដ្ឋាន​បច្ចេកទេស ផ្គួប​ផ្សំ​នឹង​ឧបករណ៍​ផ្លាស់ប្ដូរ​ទឹក​ស្អំ​ធុង​ទឹក Coolant គ្រប់គ្រាន់ ដើម្បី​ធានាថា ការប្ដូរ​ទឹក​ស្អំ​ធុង​ទឹក ពុំ​ប៉ះពាល់​ដល់​សម្ពាធ​ខ្យល់​អប្ប​បរិ​មារ​បស់​ធុង​ទឹក ក៏ដូចជា​ការ​ឈានទៅដល់​ការនាំ​កង្វល់​ដល់​គុណភាព​មុខងារ​របស់​ធុង​ទឹក រឺ​ការខូចធុង​ទឹក​ជាដើ​ម​៕

​ប្រភព​៖ ស្តេច​ឡាន​

ព័ត៌មានផ្សេងទៀត